ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​មនុស្ស​ធម៌​ខ្មែរ​អាមេរិកាំង ផ្តល់​ការ​វះកាត់​ព្យាបាល​ជម្ងឺ​បេះដូង​ដល់​កុមារ​កម្ពុជា​


កុមារ​រាប់ម៉ឺន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ជម្ងឺ​បេះដូង​ប្រហោង។ ​ពួកគេ​តិច​តួច​ណាស់​មាន​សំណាង​ទទួល​បាន​ការ​ព្យាបាល​ ដោយសារ​ជម្ងឺ​នេះ​ទាម​ទារ​ការ​វះកាត់​ដែល​ត្រូវ​ចំណាយ​ច្រើន។ ​ប៉ុន្តែ ​ថ្មីៗ​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្មែរ​អាមេរិកាំង​មួយបាន​ផ្តល់​ការ​វះកាត់​និង​ព្យាបាល​ជម្ងឺ​បេះដូង​នេះ​ដល់​កុមារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

​កុមារ​ណាន គីនី ​អាយុ​៨​ឆ្នាំ​នេះ ​ទើប​ទទួល​ការ​វះកាត់​បេះដូង​ប្រហោង​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​ នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប។​

ឪពុកម្តាយ​របស់​គីនី​និយាយ​ថា​ កូន​របស់​គាត់​មាន​ជម្ងឺ​នេះ​តាំង​ពី​កំណើត។​

អ្នក​ស្រី​ធឹម រ៉ាន់​មាន​ប្រសាសន៍​ថា ​គាត់​ចំណាយ​ពេល​នៅ​ជាមួយ​កូន​ប្រុស​របស់​គាត់​នេះ​ ក្នុង​មន្ទីរ​ពេទ្យ​ច្រើន​ជាង​នៅ​ផ្ទះ។​

«ខ្ញុំ​មក​ដេក​ពេទ្យ​មួយ​ខែ​ឬ​មួយ​កន្លះ​ខែ​អញ្ចឹង ​ទៅ​ផ្ទះ​ពីរ​បី​ថ្ងៃ។​ វា​រស់​នៅ​តែ​ដោយសារ​ពេទ្យ​ និយាយ​ទៅ​រស់​ដោយ​សារ​ថ្នាំ​តែម្តង»។​

លោក​ហ៊ុយ ណាន ​ជាឪពុក ​និយាយ​ថា ​គីនី​ចូលចិត្ត​លេង​ខ្លាំង​ណាស់​ ប៉ុន្តែ​ការ​រត់​លេង​នេះ​បាន​ត្រឹម​តែ​ធ្វើឲ្យ​កូន​របស់​គាត់​មាន​បញ្ហា​ជាមួយ​នឹង​បេះដូង​របស់​វា​ប៉ុណ្ណោះ។​

លោក​និយាយ​ថា ​ជួនកាល​លោក​មាន​អារម្មណ៍​អស់​សង្ឃឹម​ខ្លាំង​រហូត​ដល់​ចង់​ឃើញ​កូន​របស់​លោក​មួយ​នេះ​លា​ចាក​លោក​នេះ​ទៅ​ឲ្យ​ផុត ​ដើម្បី​កុំ​ឲ្យ​វា​នៅ​ឈឺ​ចាប់​នឹង​ជម្ងឺ​បេះដូង​របស់​វា​តទៅ​ទៀត។​

លោក​ហ៊ុយ ​ណាន​ វ័យ​៤២​ឆ្នាំ​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​ និយាយ​ថា ​លោក​គ្មាន​ប្រាក់​យក​កូន​របស់​លោក​ទៅ​ព្យាបាល​ជម្ងឺ​បេះដូង​ប្រហោង​របស់វា​ទេ។​

«ឲ្យ​តែ​វា​បាន​ជា​បាន​យូរ​ទៅ​ ខ្ញុំ​ចេះ​តែ​បាន​រក​ទៅ​ វា​ចេះ​គ្រាន់​បាន​ហូប​ ម៉ា​គ្រប់ៗ។​ បើ​ថា ​វា​ឈឺ​កិះកុះ​ទៀត​ លោក​អើយ​ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ ជំពាក់​គេ​មិន​ដឹង​ទៅ​ឯណា​ទេ»។​

សំណាង​ល្អ ​ណាន គីនី​ត្រូវ​បាន​ជ្រើសរើស​រួម​ជា​មួយ​កុមារ​ចំនួន​១៥​នាក់​ផ្សេង​ទៀត​ ដើម្បី​ទទួល​បាន​ការ​វះកាត់​ព្យាបាល​ជម្ងឺ​បេះដូង​ប្រហោង​របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ​ ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រ​ចិត្ត​អាមេរិកាំង​មួយ​ក្រុម។​

លោក ​ភីតធឺ​ ឈុន ​គឺ​ជា​អ្នក​នាំ​ក្រុម​គ្រូពេទ្យ​ទាំង​នេះ ​មក​ជួយ​ព្យាបាល​កុមារ​ក្នុង​មន្ទីរ​ពេទ្យ​នេះ។ ​លោក​និយាយ​ថា ​កុមារ​ទាំង​នេះ​គឺ​ស្ថិត​នៅក្នុង​ក្រុម​ដែល​មាន​សំណាង​តែ​ប៉ុណ្ណោះ។​

«ប្រមាណ​១០ម៉ឺន​ក្មេង​នៅក្នុង​ប្រទេស​កម្ពុជាយើង​មាន​ជម្ងឺ​បេះដូង​ប្រហោង ហើយ​មាន​១០​នាក់ក្នុង​ចំណោម​១០០​នាក់​ត្រូវ​ការ​ការព្យាបាល​ជាបន្ទាន់»។​

ជា​ស្ថាបនិក​អង្គការ​ក្រៅ​មនុស្ស​ធម៌​ «បេះដូង​គ្មាន​ព្រំដែន» ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ លោក​ឈុន​មាន​ប្រសាសន៍​ថា​ កុមារ​ខ្លះ​បាន​ស្លាប់​មុន​នឹង​ទទួល​បាន​ការព្យាបាល​ និង​កុមារ​ជាច្រើន​ទៀត​ត្រូវ​បាន​ទុក​ចោលដោយ​មិន​មាន​ការ​ព្យាបាល។​

«កូន​គេ​កូន​យើង ​បើ​ឲ្យ​គ្នា​ចាំ​ទាល់​តែ​គ្នា​ស្លាប់​ គឺ​ថា ​ជីវិត​គ្មាន​តម្លៃ​ស្អីទេ។​ ចុះ​យើង​ដែល​ជា​អ្នក​ចេះ​ដឹង​ ជា​អ្នក​មាន​មុខ​មាន​មាត់​ មាន​ការងារ​ត្រឹម​ត្រូវ​នោះ​ នៅ​ឈរ​ក្រព័ទ្ធ​ដៃ​មើល​គ្នា​ស្លាប់?»​

អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ ​លោក​ភីតធឺ ឈុន​ ជា​អ្នក​ធ្វើ​ការ​ដែល​បាន​ចូល​និវត្ត​ទៅ​ហើយ​នោះ​ បាន​នាំ​យក​កុមារ​ខ្មែរ​ដែល​មាន​ជម្ងឺ​បេះដូង​ប្រហោង​នេះ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​

ប៉ុន្តែ​ដោយ​សារ​តែ​ការ​ចំណាយ​ខ្ពស់ ​លោក​ក៏​សម្រេច​ចិត្ត​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ពី​សហរដ្ឋ​អាមេរិក ​មក​ជួយ​ព្យាបាល​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ។​

លោក​ វេជ្ជ​បណ្ឌិត​ម៉ៃ ម៊ីឈែល​ គឺ​ជា​គ្រូ​ពេទ្យ​វះកាត់​ម្នាក់​ មក​ពី​មន្ទីរ​ពេទ្យ​កុមារ​ Wisconsin។​

«ពួកគេ​ហាក់ដូច​ជាជា​សះស្បើយ​ឆាប់រហ័យ​មែនទែន​ ហើយ​ញញឹម​ដាក់​អ្នក​បន្ទាប់​ពីវះកាត់​បាន​ពីរ​បីថ្ងៃ ​ហើយពួក​គេរត់​លេង​នៅខាង​ក្រៅ។​ ពួក​គេមើល​ទៅស្រស់ស្អាត​មែនទែន​ ជាមួយ​នឹង​ស្នាម​ញញឹម​របស់ពួក​គេ​ ហើយ​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​ទេ»។​

វេជ្ជបណ្ឌិត​ លុយ លីដា ​គឺជា​ពេទ្យ​ឯកទេស​ជម្ងឺ​បេះដូង​នៅ​ទី​នេះ។​ លោក​និយាយ​ថា វា​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ ​ដែល​មាន​ជំនួយ​ពី​ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ ព្រោះ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នៅ​ខ្វះ​គ្រូពេទ្យ​ជំនាញ​វះកាត់​បេះដូង​នេះ​ ហើយ​មាន​មណ្ឌល​វះកាត់​បេះដូង​តែ​មួយ​ប៉ុណ្ណោះ​គឺ​នៅ​ភ្នំពេញ។​

«ក្រុម​គ្រូពេទ្យ​វះកាត់​របស់​យើង​នេះ​រៀន​ពីក្រុម​ពេទ្យ​វះកាត់​អាមេរិក ​សាំង​ហ្គាពួរ​ អូស្ត្រាលី ​ដើម្បី​យើង​បង្កើន​ម្ចាស់​ការ​ខ្លួន​ឯង​បាន​ទៅ​ថ្ងៃ​ខាង​មុខ​បាន»។​

កង្វះ​គ្រូពេទ្យ​វះកាត់​ជម្ងឺ​បេះដូង​គឺ​ជា​បញ្ហា​មួយ​ហើយ​ ប៉ុន្តែ​បញ្ហា​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ភាគច្រើន​ខ្វល់​ខ្វាយ​ ដូចជា​គ្រួសារ​កុមារ​ណាន គីនី​ជាដើម​នោះ ​គឺ​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​ថ្លៃ​វះកាត់​ព្យាបាល​ជម្ងឺ​នេះ។​

វេជ្ជ​បណ្ឌិត ​សរ វុឌ្ឍី ​គឺ​ជា​ប្រធាន​ក្រុម​វះកាត់​នៅក្នុង​មន្ទីរ​ពេទ្យ​នេះ។​

«ជម្ងឺ​ហ្នឹង​ បើ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ជន​ដែល​មាន​ថវិកា​ទេ​ មិន​អាច​ទៅ​រួច​ទេ។ ​ខ្មែរ​យើង​ អ្នក​ខ្លះមាន​លទ្ធភាព ​ប៉ុន្តែ​ភាគ​ច្រើន​គាត់​មិន​អាច​មាន​លទ្ធភាព​បង់​ខ្លួន​ឯង​ទេ»។​

ទោះ​ជា​ការ​ព្យាបាល​កុមារ​ដែល​មាន​ជម្ងឺ​បេះដូច​ប្រហោង​នេះ​ត្រូវ​ចំណាយ​ថវិកា​អស់​រាប់ពាន់​ដុល្លារ​ក្នុង​ក្មេង​ម្នាក់ៗ​ក៏ដោយ​ ក៏​លោក​ភីត​ធឹ ឈុន​នៅ​តែ​ប្តេជ្ញា​បន្ត​បេសក​កម្ម​របស់​លោក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ទាំង​នេះ​ដដែល។​

លោក​មាន​ប្រសាសន៍​ថា ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ជាងឃើញ​កុមារ​ដែល​ជិត​ស្លាប់​ អាច​បន្ត​ជីវិត​របស់​ពួកគេ​យ៉ាង​សប្បាយ​រីករាយ​ទៅ​មុខ​ទៀត​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG