ភ្នំពេញ៖ ប្រទេសកម្ពុជាបានបើកសម្ពោធពិព័រណ៍ស្តីពីរមណីយដ្ឋាននិងបេតិកភណ្ឌនៃប្រទេសឥណ្ឌូចិននៅល្ងាចថ្ងៃអង្គារនេះនៅសារមន្ទីរជាតិ ក្រុងភ្នំពេញ។
គឺជាពិព័ណ៍រូបថតនៃវត្ថុបុរាណ និងវត្ថុសិល្បៈ និងប្រពៃណីយរបស់ប្រទេសកម្ពុជា វៀតណាម និងឡាវនៅក្នុងបន្ទប់តូចមួយនៅជួរខាងមុខនៃសារមន្ទីរជាតិកម្ពុជា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ភាគខាងជើងព្រះបរមរាជវាំង។
លោកគង់ វីរៈ ប្រធានសារមន្ទីរជាតិ មានប្រសាសន៍ក្នុងពិធីបើកសម្ពោធពិព័រណ៍ថា ការតាំងពិព័រណ៍បង្ហាញពីប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងបីក្នុងជ្រោយឥណ្ឌូចិន។
«គោលសារសំខាន់នៃពិព័រណ៍នេះគឺដើម្បីបង្ហាញអំពីទំនាក់ទំនងគ្នាជាប្រវត្តិសាស្ត្ររវាងរមនីយដ្ឋានបេតិកភណ្ឌពិភពលោកនានាដែលមាននៅតំបន់ឥណ្ឌូចិននេះ ដែលធ្លុះបញ្ចាំងតាមរយៈជំនឿសាសនា ពាណិជ្ជកម្ម និងការផ្លាស់ប្តូរគ្នា»។
ពិព័រណ៍នេះមានចែកជាផ្នែកៗ ដូចជាផ្នែកបណ្តូរពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម និងឡាវ តាមរបៀបប្រពៃណី រូបព្រះបរមកោដ្ឋនៃព្រះមហាក្សត្រខ្មែរ រូបរណ្តាប់គ្រូ អលង្កាបុរាណ រូបចម្លាក់ រូបធម្មជាតិ និងទេវកថា រូបភាពបង្ហាញពីសាសនាជាដើម។
លោកស្រីអាន ឡឺម៉េស្ត្រ (Anne Lemaistre) តំណាងអង្គការ Unesco នៅកម្ពុជាបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះ ពិព័រណ៍ដូចគ្នានេះត្រូវបើកសម្ពោធក្នុងសារមន្ទីរចំនួនប្រាំបួនក្នុងប្រទេសទាំងបី។
នេះគឺជាលើកទីពីរនៃការសម្ពោធពិព័រណ៍បែបនេះនៅកម្ពុជា បន្ទាប់ពីការសម្ពោធដំបូងដែលបានប្រព្រឹត្តទៅនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ នៅខេត្តសៀមរាបកាលពីខែធ្នូ ឆ្នាំ២០១២។
លោក សឺន ស៊ូប៊ែរ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នជាសាស្ដ្រានៃសកលវិទ្យាល័យវិចិត្រសិល្បៈក៏បានលើកពីទំនាក់ទំនងផ្នែកសិល្បៈ និងវប្បធម៌នៃប្រទេសជាប់ព្រំដែនគ្នានេះដែរ។
«វាមានសារៈសំខាន់ដែរ ព្រោះយើងនាំឲ្យឃើញថា វាមានទំនាក់ទំនងតាមសិល្បៈផង តាមពាណិជ្ជកម្មផងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅជ្រោយឥណ្ឌូចិនពីមុន មែនទែនឲ្យនិស្សិតយើងដឹង»។
លោកយោហ្ស៊ីហ៊ីរ៉ូ ហ៊ីហ្គូជិ (Yoshihiro Higuchi) តំណាងស្ថានទូតជប៉ុនដែលមានវត្តមានក្នុងពិធីសម្ពោធពិព័រណ៍នៅល្ងាចនេះ បានកត់សម្គាល់ថា «ការយល់ដឹងពីវប្បធម៌ប្រទេសដទៃគឺជាការយល់ដឹងពីវប្បធម៌របស់ប្រទេសខ្លួនដែរ»៕