ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិរូបិយវត្ថុ​អន្តរជាតិ៖ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ដល់​៧ភាគរយ


បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)
បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​បាន​ព្យាករណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ដល់​៧,៥​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ។ កំណើន​នេះ​បាន​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​នាំចេញ​សម្លៀកបំពាក់​ កំណើន​ភ្ញៀវ​ទេសចរណ៍​ ការ​ងើប​ឡើងវិញ​នៃ​សំណង់​អាគារ​ និង​ការ​កើនឡើង​នៃ​ការ​នាំ​អង្ករ​ចេញ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍។

លោក អូឡាហ្វ អ៊ុនថឺរ៉ូប៊ើឌូអឺស្ទើរ (Olaf Unteroberdoerster) អនុប្រធាន​ផ្នែក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី ​ប៉ាស៊ីហ្វិក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ នៅ​ទីស្នាក់ការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​រហូត​ដល់​៧,៥​ភាគរយ​ នៅ​ឆ្នាំ​២០១១​នេះ ​ដោយសារ​កំណើន​នាំចេញ​សម្លៀកបំពាក់ ​និង​អង្ករ​ ព្រមទាំង​ការកើនឡើង​នៃ​សំណង់​អគារ ​និង​ចំនួន​ភ្ញៀវទេសចរណ៍។

ការ​ព្យាករណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​រយៈពេល​១១​ថ្ងៃ​ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ លោក​សុខ ​អាន ​រដ្ឋមន្ត្រី​ប្រចាំ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ​និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដទៃ​ទៀត។

បេសកកម្ម​នេះ​បាន​ផ្តល់​អនុសាសន៍​ដល់​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ស្តីពី​ការ​គ្រប់គ្រង​បំណុល​ឱ្យ​បាន​ប្រសើរ ​និង​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ ​បំណុល​ដែល​យក​ចិត្ត​ទុកដាក់ ​និង​ជំរុញ​ការ​គ្រប់គ្រង​បំណុល​ហិរញ្ញវត្ថុ​ ដែល​អាច​មាន​ឱ្យ​កាន់​តែ​មាន​តម្លាភាព។

លោក​ ឯក​ ថា ​អ្នក​នាំពាក្យ​នៅ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​ថ្លែង​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើន​ឡើង។

«នេះ​ជា​សញ្ញាណ​ល្អ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយ​យើង​ឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​យើង​ចាប់​ផ្តើម​ងើប​ឡើង​ជា​គំហុក​ ជួយ​ទាក់ទាញ​អ្នក​វិនិយោគទុន​ជាតិ ​និង​អន្តរជាតិ ​ដើម្បី​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា»

លោក​ យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្សី ​បាន​បញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​នេះ​ មិន​ទាន់​គ្រប់គ្រាន់​ទេ ​ហើយ​កំណើន​នេះ​មិន​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឡើយ​ទេ។

«គម្លាត​រវាង​អ្នកមាន ​និង​អ្នកក្រ​កាន់​តែ​រីក​ធំ​ឡើងៗ ហើយ​កំណើន​សេដ្ឋកិច្ច​នេះ​ បាន​ទទួល​ផលប្រយោជន៍​ទៅ​លើ​តែ​បុគ្គល​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ»

លោក អូឡាហ្វ បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​មាន​កត្តា​ជំរុញ​ និង​អូសទាញ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​បរទេស​ដើម្បី​បង្កើន​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​បរទេស​ឱ្យ​កាន់តែ​ទូលំទូលាយ។

«បេសកកម្ម​នេះ​បាន​ផ្តល់​អនុសាសន៍​ដល់​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ឱ្យ​ទាន់​ពេលវេលា​របស់​រដ្ឋាភិបាល​លើ​វិស័យ​កសិកម្ម ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជនបទ​ និង​បាន​បញ្ជាក់​នូវ​តម្រូវការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​អភិបាលកិច្ច​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ការ​ផ្សព្វផ្សាយ​សេវាកម្ម​ផ្នែក​សង្គម​ជា​អាទិភាព ​ដូច​ជា​វិស័យ​អប់រំ​ និង​សុខាភិបាល ​ព្រមទាំង​បរិយាកាស​វិនិយោគ ​និង​ហេដ្ឋារចនា​សម្ព័ន្ធ»

ធនាគារ​ពិភពលោក​ បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹងកើន​ឡើង​៦​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG