ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​លើ​សុខភាព​អៀង ធីរិទ្ធ​បញ្ចប់​តែ​មិន​ទាន់​ចេញ​លទ្ធផល


Ieng Thirith, center, former Khmer Rouge social affairs minister, appears in court room of the U.N.-backed tribunal during a hearing in Phnom Penh, Cambodia. (File Photo)
Ieng Thirith, center, former Khmer Rouge social affairs minister, appears in court room of the U.N.-backed tribunal during a hearing in Phnom Penh, Cambodia. (File Photo)
ភ្នំពេញ៖ អង្គជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​សុក្រ​នេះ​បានបញ្ចប់​ការសួរ​ដេញដោល​ទៅលើ​សុខភាព​របស់​លោក​ស្រី អៀង​ធីរិទ្ធ ​បន្ទាប់ពី​បាន​បើក​សវនាការ​ចំនួន​ពីរ​ថ្ងៃ​ទៅលើ​ស្ថានភាព​កាយសម្បទា ​និង​បញ្ញា​ស្មារតី​របស់​អ្នកស្រី ​ក្នុង​ការចូល​រួមការ​ជំនុំជម្រះ។
លោក និល ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរក្រហម​មិនទាន់​បាន​ប្រកាស​ភ្លាមៗ​ទេ ដោយ​លោក​បាន​អះអាងថា​នឹង​ចេញ​សេចក្តី​សម្រេច​ចំពោះ​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី ​អៀង ធី​រិ​ទ្ធ នៅពេល​ក្រោយ។

នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃនេះ ​ក្រុម​អ្នកជំនាញ​ផ្នែក​វិកល​វិទ្យា​ដែល​រួមមាន​លោ​កច​ន ខាំ​បែ​ល (Jonh Campbel) មកពី​សហរដ្ឋ​អាមេរិក ​លោក​វេជ្ជបណ្ឌិត​ Seana Fazel​មកពី​ប្រទេស​អង់គ្លេស ​និង​លោក​វេជ្ជបណ្ឌិត ​ហ៊ួ​រ លី​ណា ​មកពី​ប្រទេស​កម្ពុជា។

អ្នកជំនាញ​ផ្នែក​វិកល​វិទ្យា​ទាំងបី​រូប​ហាក់បី​ដូច​ជា​យល់​ស្របៗគ្នា​ថា​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី​អៀង ធីរិទ្ធ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ក្នុង​របប​ខ្មែរក្រហម ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​គឺ​ពី​កម្រិត​ម​ធ្យ​ម​រហូត​ដល់​ភាព​ធ្ងន់ធ្ងរ​ឡើងៗ ​ដែល​មិនអាច​ឲ្យ​អ្នកស្រី​ចូលរួម​នៅក្នុង​អង្គ​សវនាការ​បាន។

លោក​វេជ្ជបណ្ឌិត ច​ន ខាំ​បែ​ល បាន​មានប្រសាសន៍​តាមរយៈ​អ្នកបកប្រែ​ថា​ជំងឺ​របស់​អ្នកស្រី​ អៀង ធី​រិ​ទ្ធ ​មិន​អាចមាន​ថ្នាំ​កែលម្អ​សតិ​របស់​អ្នកស្រី​បានទេ។

«តាម​អ្វីដែល​យើង​យល់ ​ដែល​យើង​ដឹង​នោះ ​ដូច​ដែល​យើងខ្ញុំ​បានបញ្ជាក់។ យើង​មិន​ជឿថា ការព្យាបាល​ហ្នឹង ​ប្រើ​ថ្នាំ​ណាមួយ​ដែល​អាច​កែប្រែ​ល្អ ​មុខងារ​សតិ​បញ្ញា​របស់​គាត់​បានទេ​គឺថា​ជំងឺ​ដែល​ថា​វង្វេង​ស្មារតី​នេះ»។

កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១២ អង្គជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរក្រហម​បានសម្រេច​ដោះលែង​អ្នកស្រី អៀង ធីរិទ្ធ ​ដោយ​ផ្អែកទៅលើ​របាយការណ៍​អ្នកជំនាញ​បាន​បង្ហាញថា​ជនជាប់ចោទ​នេះ​មាន​ជំងឺ​បាត់​ការចងចាំ ​និង​ធ្វើ​ឲ្យ​បាត់បង់​កាយសម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​នៅក្នុង​សវនាការ។

លោក ធឿន សារ៉ុន ​អាយុ៦៧ឆ្នាំ ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​មកពី​ខេត្តតាកែវ​ដែល​បាន​ចូលរួម​នៅក្នុង​បន្ទប់​សវន​ការ​នោះ ​បាន​និយាយ​ថា​លោក​មិន​មាន​ជំនឿថា​លោកស្រី​អៀង ធីរិទ្ធ ​មាន​ជំងឺ​វង្វេងវង្វាន់​នោះ​ទេ។ លោក​បាន​បញ្ជាក់ថា​អ្នកស្រី ​អៀង ធីរិទ្ធ ​ទំនង​ជា​ធ្វើ​ពុត​ដើម្បី​គេចវេស​ពី​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​នៅក្នុង​របប​ខ្មែរក្រហម។

«ដើម្បី​គេចវេស​កុំ​ឲ្យ​គេ​ ដេញ​ដោល ​កុំ​ឲ្យ​តុលាការ​ដេញ​ដោល​សួរ​ពី​រឿង​ថា​គាត់​ប្រព្រឹត្ត​ពី​កាល​មុន និង​ឥឡូវ​ហ្នឹង ​ខុសប្លែកគ្នា​យ៉ាងណា? បើ​អី​ញ្ចឹ​ង គាត់​ធ្វើ​រឿង​មិនដឹង​អញ្ចឹង​ទៅ ​ឲ្យ​រួចខ្លួន​ក៏​មាន​ដែរ»។

លោក ពេ​ជ អង្គ​ សហ​មេធាវី​ការពារ​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​និយាយ​ថា​លោកស្រី​អៀង ធី​រិ​ទ្ធ គួរតែ​បន្ត​ឃុំខ្លួន​ត​ទៀត​រហូត​ដល់​មានការ​ជំនុំ​ជម្រះ​ទោស។

«ចង់​សំណូមពរ​ឲ្យ​បន្ត​ការឃុំខ្លួន​របស់​លោក​ស្រី​នេះ​បន្ត​ទៀត ​នៅពេល​ដែល​ត្រូវ​ឲ្យ​មានការ​ចាត់តាំង​ក្រុម​អ្នកជំនាញ​ថ្មី​សម្រាប់​ធ្វើ​ការវាយ​តម្លៃ​នេះ»។

លោកស្រី​អៀង ធី​រិ​ទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ឋិត​នៅក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ ​ចំនួន​បួនរូប​ដែល​រួមមាន​លោក​អៀង សារី ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​លោក​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ ​និង​លោក​នួន ជា ​អតីត​ប្រធាន​រដ្ឋសភា​នៅក្នុង​របប​ខ្មែរក្រហម។
សាលាក្តី​ខ្មែរក្រហម​កំពុងតែ​បើក​សវនាការ​ជំនុំ​ជម្រះ​ទោស​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​សម្លាប់​ ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ជាង១,៧លាន​នាក់ ​ចន្លោះ​ឆ្នាំ១៩៧៥ ​ដល់​ឆ្នាំ១៩៧៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG