ភ្នំពេញ៖ យ៉ាងតិចមានអ្នកភូមិបឹងកក់និងអ្នកភូមិបូរីកីឡាប្រមាណជាង១០០នាក់ដែលពោរពេញទៅដោយកំហឹងបាននាំគ្នាធាក់ទ្វាររបងតុលាការកំពូលនៅថ្ងៃពុធនេះដើម្បីជាការតវ៉ា។ ហេតុការណ៍នេះបានកើតមានឡើងប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដោយសម្រេចមិនដោះលែងអ្នកស្រីយ៉ោម បុប្ជាឱ្យនៅក្រៅឃុំបណ្ណោះអាសន្ន។
ប្រជាពលរដ្ឋបានស្រែកដាក់បណ្តាសារថា៖
«អ្នកឯងធ្វើបាបរាស្ត្រអាចោរលាយ!»។
តុលាការកំពូលនៅថ្ងៃពុធនេះបានបើកសវនាការលើសំណើសុំឱ្យនៅក្រៅឃុំរបស់មេធាវីការពារជនជាប់ចោទប្រឆាំងជំទាស់នឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានប្រកាសកាលពីខែវិច្ឆិកាមិនដោះលែងអ្នកស្រីយ៉ោម បុប្ជា សកម្មជនទាមទារដីធ្លីនៅតំបន់បឹងកក់ឱ្យនៅក្រៅឃុំ។
លោកឃឹម ប៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការកំពូលបាននិយាយថាសំណុំរឿងអ្នកស្រីយ៉ោម បុប្ជាជាសំណុំរឿងពិសេសទើបលោកបានសម្រេចតម្កល់ទុកសាលដីការបស់សាលាឧទ្ធរណ៍ឱ្យនៅដដែល។
បន្ទាប់ពីការប្រកាសសាលក្រមអ្នកស្រីយ៉ោម បុប្ជាមានទឹកភ្នែករលីងរលោងហើយក្រោយមកបានយំអោបអ្នកស្រីហេង មុំ សកម្មជនដីធ្លីម្នាក់ផ្សេងទៀតដែលមកលើកទឹកចិត្តអ្នកស្រីនៅក្នុងបន្ទប់សវនាការ។
ស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកទោស អ្នកស្រីយ៉ោម បុប្ជាអាយុ២៩ឆ្នាំបានផ្តាំផ្ញើដល់សហគមន៍បឹងកក់កុំបោះបង់ចោលការតស៊ូរបស់ខ្លួនបើទោះបីជាអ្នកស្រីចាញ់ក្តីនៃការទាមទារឱ្យនៅក្រៅឃុំក៏ដោយ។
«អយុត្តិធម៌ណាស់!!ខ្ញុំផ្តាំផ្ញើទៅសហគមន៍សូមកុំអស់សង្ឃឹមនិងត្រូវតែបន្តទៀតយើងត្រូវតែតស៊ូទៀត។ ខ្ញុំសង្ឃឹមថាតុលាការនិងមានយុត្តិធម៌»។
អ្នកស្រីយ៉ោម បុប្ជាត្រូវបានអនុរក្សពន្ធនាគារបណ្តើរចូលក្នុងរថយន្តបន្ទាប់ពីបានដើរចេញពីបន្ទប់របស់សាលាឧទ្ធរណ៍។
អ្នកស្រីយ៉ោម សុទ្ធ ម្តាយបង្កើតអ្នកស្រីយ៉ោម បុប្ជាបានស្រែកទ្រហោយំនិងដេកនៅលើកម្រាលថ្នល់កៅស៊ូខាងក្នុងបរិវេណតុលាការក្រោមកំដៅថ្ងៃក្តៅហួតហែង។
អ្នកស្រីបាននិយាយដោយសំឡេងស្អកៗថាតុលាការកំពូលអយុត្តិធម៌ណាស់ដែលមិនបានដោះលែងកូនស្រីអ្នកស្រីឱ្យនៅក្រៅឃុំ។
«អយុត្តិធម៌ណាស់! តុលាការកំពូលលោកសម្លាប់ខ្ញុំទៅត្រូវការយុត្តិធម៌តុលាការ»។
ក្រុមអ្នកតវ៉ាបាននាំគ្នាយករូបសញ្ញាជញ្ជីងយុត្តិធម៌ក្រមា ព្រមទាំងក្រដាសផ្សេងៗមកគរដុតនៅពីមុខក្លោងទ្វារតុលាការកំពូល។
ឈរជិតកម្ចេចភ្លើងដែលកំពុងឆេះលោកលួស សាខនស្វាមីអ្នកស្រីយ៉ោម បុប្ជា បានចាត់ទុកថាការសម្រេចរបស់តុលាការកំពូលអយុត្តិធម៌ចំពោះភរិយារបស់លោក។
«ខ្ញុំយល់ថាការសម្រេចសាលក្រមឱ្យនៅដដែលគឺអយុត្តិធម៌ជាទីបំផុតដែលពិភពលោកយើងមិនដែលមានពីព្រោះភស្តុតាងប្រព្រឹត្តបទល្មើសជាក់ស្តែងនៅហ្នឹងកន្លែងគឺគ្មានទីមួយ។ទីពីរសាក្សីហើយនឹងដើមចោទនិយាយមកអត់ស៊ីសង្វាក់គ្នាខុសពីរអង្គហេតុទាំងអស់»។
សាលាឧទ្ធរណ៍កាលពីខែវិច្ឆិកាឆ្នាំ២០១២បានសម្រេចបដិសេធសំណើសុំឱ្យនៅក្រៅឃុំរបស់លោកស្រីយ៉ោម បុប្ជា។
អ្នកស្រីយ៉ោម បុប្ជា ត្រូវបានសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស។ចំណែកលោកលួស សាខនស្វាមីរបស់អ្នកស្រីក៏ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចគ្នាដែរក៏ប៉ុន្តែទោសទាំងនោះត្រូវព្យួរ។
ការកាត់ទោសនេះបន្ទាប់ពីតុលាការបានរកឃើញថាអ្នកស្រីបានប្រព្រឹត្តអំពើហិង្សាមួយកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១២ដែលបណ្តាលឱ្យមានមនុស្សពីរនាក់រងរបួស៕