ភ្នំពេញ
ភ្នាក់ងាររបស់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបានឆ្លើយតបទៅនឹងកាសែត The Age របស់ប្រទេសអូស្ត្រាលីដើម្បីការពារលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន។
កាសែតនេះបានរាយការណ៍កាលពីថ្ងៃទី២៦ខែមិនាថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពាក់ព័ន្ធនឹងប្រាក់សំណូកចំនួន៣,៥លានដុល្លារជាថ្នូរនឹងការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនរុករករ៉ែបុកស៊ីត BHP Billiton មកពីប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០០៦។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរនៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា នេះជា«ព័ត៌មានមិនពិតនិងជាព័ត៌មានបំផ្លើសសំដៅបំផ្លាញកេរ្តិ៍ឈ្មោះ»លោកហ៊ុន សែន។
អង្គភាពរបស់រដ្ឋាភិបាលដដែលបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីខ្មែរបានជួបជាមួយគណៈប្រតិភូរបសក្រុមហ៊ុនដ៏ធំរបស់ប្រទេសអូស្ត្រាលីនេះ ប៉ុន្តែវាជាផ្នែកមួយនៃការលើកទឹកចិត្តដល់វិនិយោគិន។
The Age បានបង្ហាញពីការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងកិច្ចចរចាឆ្នាំ២០០៦ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BHP ដែលនាំឱ្យគាត់និយាយប្រាប់ដល់ក្រុមដែលបានចូលជួបជាលក្ខណៈឯកជនមួយថា លោកនឹងផ្តល់ឱ្យ«ក្រុមហ៊ុន BH នូវដី១លានហិកតា» ប៉ុន្មានសប្តាហ៍មុនពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា និង «អាចជាការវិនិយោគលើកលែងពន្ធមួយ»។
អ្នកនយោបាយកម្ពុជាម្នាក់ត្រូវស្រង់សម្តីក្នុងរបាយការណ៍របស់អង្គការ Global Witness ថាជា«លុយទឹកតែ» ដែលជាប្រយោគមួយប្រើនៅពេលខ្លះនៅអាស៊ីដើម្បីពណ៌នាពីការស៊ីសំណូក។ ហើយកាសែតThe Age បានស្រង់យកមកចុះផ្សាយបន្ត។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបកស្រាយថា ប្រាក់ទឹកតែគឺជាមូលនិធិសង្គម តែមានការផ្សព្វផ្សាយថាជាប្រាក់សំណូក។
អង្គភាពដដែលលើកឡើងថា តាមកិច្ចព្រមព្រាងរវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនBHP ក្រុមហ៊ុននេះត្រូវបង់ប្រាក់មូលនិធិសង្គមចំនួន២,៥លានដុល្លារអាមេរិកដល់រដ្ឋាភិបាលដើម្បីអាចចាប់ផ្តើមរុករក និងធ្វើអាជីវកម្មរ៉ែបាន។ ក៏ប៉ុន្តែក្រុមហ៊ុនទើបតែបង់ប្រាក់នេះចូលរដ្ឋាភិបាលចំនួន១,៣៥លានដុល្លារទេមុននឹងក្រុមហ៊ុនសម្រេចដកខ្លួនចេញពីប្រទេសកម្ពុជានៅឆ្នាំ២០០៩ ដោយសារតែកំណប់រ៉ែបុកស៊ីតមានបរិមាណមិនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម។
វីអូអេបានព្យាយាមទាក់ទងកាសែត The Age ដើម្បីស្វែងរកសេចក្តីអត្ថាធិប្បាយតែមិនអាចទាក់ទងបានទេ ដោយសារតែបណ្តាញទូរស័ព្ទមិនអាចភ្ជាប់គ្នា។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បាននិយាយថា អង្គការរបស់លោកមិនមានអាណត្តិស៊ើបអង្កេតលើសំណុំរឿងពុករលួយនេះទេ។
«អញ្ចឹងយើងតាមដានព័ត៌មាននេះតាមរយៈមេឌា(បណ្តាញព័ត៌មាន)។ យើងមិនមានអំណាចក្នុងការស៊ើបអង្កេតទៅលើករណីនេះទេ។ ម្យ៉ាងទៀត ករណីនេះវាស្ថិតនៅក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាលអូស្ត្រាលី និងអាមេរិក បើតាមដែលយើងដឹងព័ត៌មាន»។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានបកស្រាយបន្ថែមថា ការផ្សព្វផ្សាយព័ត៌មាននៃអំពើពុករលួយទាក់ទងជាមួយលោកហ៊ុន សែនគឺជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមុនការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣មកដល់។
ក៏ប៉ុន្តែលោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសម រង្ស៊ី មានប្រសាសន៍ថា សេចក្តីអះអាងនេះមិនពិតតាមតថភាពនៃការបោះឆ្នោតទេ។
«វាគ្មានអីពាក់ព័ន្ធនឹងរឿងនយោបាយនៃប្រទេសកម្ពុជាសោះ។ រដ្ឋាភិបាលដឹងខ្លួនឯងច្បាស់ណាស់ អ្វីដែលបានប្រព្រឹត្តជាមួយនឹងក្រុមហ៊ុនទាំងឡាយ ក្នុងការយកលុយកាក់ពីគេនោះ។ នេះជាមេរឿងដល់រដ្ឋាភិបាលខ្មែរថា ការយកលុយពីក្រុមហ៊ុនមកពីប្រទេសដែលមានច្បាប់ទម្លាប់ត្រឹមត្រូវហ្នឹង វាមិនអាចលាក់កម្បាំងបានទេ»។
ប្រទេសកម្ពុជាត្រូវគេប៉ាន់ស្មានថា មានអំពើពុករលួយដែលបំផ្លាញចំណូលរបស់រដ្ឋយ៉ាងតិចចន្លោះពី៣០០ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំ។ ហើយអំពើពុករលួយជាក់ស្តែងមួយចំនួននៅតាមចិញ្ចើមផ្លូវត្រូវគេមើលឃើញផ្លាស់ប្តូរពីការយកលុយដោយប្រើឯកសណ្ឋានសមត្ថកិច្ចមកជាការយកលុយដោយស្លៀកស៊ីវិលវិញ៕