ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងប្រុងប្រៀបរៀបចំសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង រដ្ឋាភិបាលកម្ពុជាក៏បានរៀបចំឲ្យមានការជួបជុំដ៏ធំមួយនៅក្នុងខេត្តសៀមរាបរវាងក្រុមអ្នកនយោបាយអាវក្រហមនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ដ្រីថៃដែលត្រូវបានទម្លាក់ចេញពីតំណែង។ ការជួបជុំនោះគឺនៅចំឱកាសពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។
មន្ដ្រីផ្លូវការកម្ពុជាបានហៅការផ្តល់ជម្រកនៃការជួបជុំនេះថា គឺជាស្ពានមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជានិងថៃ ក៏ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់និងអ្នកវិភាគមើលឃើញថា ជាកត្តាដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់កម្ពុជា។
លោក ស៊ូ ភារិន្ទ អភិបាលខេត្តសៀមដែលសម្បូរដោយភ្ញៀវទេសចរបានប្រាប់វីអូអេតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍នេះថា លោកថាក់ស៊ីន នឹងចូលមកកម្ពុជាតាមការហោះហើរពីប្រទេសឡាវ ហើយនឹងស្នាក់នៅក្នុងខេត្តនៃប្រាង្គប្រាសាទបុរាណរបស់ខ្មែរចំនួនពីរថ្ងៃ។
«គឺក្រុមអាវក្រហមមកសម្ដែងការគួរសមនៅរសៀលថ្ងៃទី ១៤ ខែមេសា។ ជាជំនួបធម្មតា រួចហើយថ្ងៃ១៥ គាត់រាប់បាត្រព្រះសង្ឃចំនួន២៦០ អង្គដែលជាចំនួនសមាជិកសភារបស់គាត់។ បន្ទាប់មកគាត់ងូតទឹកលាបំណន់នៅមុខអង្គរ ហើយនឹងចាកចេញពីប្រទេសកម្ពុជា»
ក្រុមអជ្ញាធរបានឲ្យដឹងថា សកម្មជនអាវក្រហមនៃគណបក្សភឿថៃបានចាប់ផ្ដើមធ្វើដំណើរមកកាន់ខេត្តសៀមរាបចាប់តាំងពីថ្ងៃពុធតាមច្រកអន្ដរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកស៊ូ ភារិន្ទ រំពឹងថា សមាជិកក្រុមអាវក្រហមនឹងអាចកើនដល់ចំនួន៥ម៉ឺននាក់។ ហើយអាជ្ញាធរខេត្តបានបម្រុងទីតាំងមួយដែលស្ថិតនៅប៉ែកខាងកើតចម្ងាយប្រមាណពីរគីឡូម៉ែត្រពីក្រុងសៀមរាប។
«ចំនួនពី៣ម៉ឺន ដល់ជាង៥ម៉ឺននាក់។ ថ្ងៃនេះពួកគេកំពុងមកបណ្ដើរៗ ហើយនៅថ្ងៃស្អែកគេនឹងមកជុំគ្នាអស់។ ខ្ញុំរៀបចំដីឲ្យចំនួន ២២ហិកតាដើម្បីគាត់អាចបោះជំរុំទទួលលោកថាក់ស៊ីន»។
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវទម្លាក់ចេញពីដំណែងនាយករដ្ឋមន្រ្តីកាលពីខែកញ្ញា ឆ្នាំ ២០០៦ ដោយរដ្ឋប្រហារយោធា។ បន្ទាប់មកតុលាការថៃបានផ្តន្ទាទោសលោកដោយកំបាំងមុខឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទប្រព្រឹត្តិអំពើពុករលួយ។ បច្ចុប្បន្នលោកកំពុងភៀសខ្លួនក្នុងក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម។
លោកត្រូវគេមើលឃើញថា បានធ្វើឲ្យប្រទេសថៃនិងកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្នាជាពិសេសតាមរយៈភាពជិតស្និទ្ធរបស់លោកជាមួយប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន។ ហើយភាពជិតស្និទ្ធនេះបាននាំឲ្យមានអរិភាពការទូតរវាងប្រទេសទាំងពីរទៅវិញនៅពេលដែលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចក្រោយពេលដែលលោកអស់អំណាច។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យអំពីនយោបាយកម្ពុជាមានប្រសាសន៍ថា ស្វាគមន៍លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ដ៏ធំដុំនៅពេលនេះមិនមែនជាសញ្ញាល្អនោះទេ។
«ជាការល្អហើយដែលយើងមានទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ ប៉ុន្ដែយើងគួរពិចារណាផងដែរថា តើយើងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គេទេដឹង? គាត់មិនទាន់ជ្រះស្រឡះអំពីរឿងច្បាប់នៅស្រុកគាត់។ ចុះបើសិនជាថ្ងៃក្រោយ បើសិនជាមានមេដឹកនាំខ្មែរទៅធ្វើកិច្ចប្រជុំរបៀបអញ្ចឹង យើងគិតយ៉ាងម៉េច? ទី១គឺប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងទីពីរគឺប៉ះពាល់ដល់គោលការណ៍មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសរៀងៗខ្លួន»។
ស្រដៀងគ្នានេះដែរ លោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់មួយមានបីអសនៈក្នុងរដ្ឋសភាបានបង្ហាញភាពភ្ញាក់ផ្អើលចំពោះការរៀបចំឲ្យមានជំនួបរបស់លោក ថាក់ស៊ីន ជាមួយនឹងសមាជិកនិងមេដឹកនាំគណបក្សភឿថៃនេះ។
«អាហ្នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ស្រុកយើងថ្ងៃក្រោយ។ ពីព្រោះប្រទេសថៃជាប្រទេសមួយដែលមានប្រជាធិបតេយ្យ ហើយមិនប្រកដថា បក្សមួយកាន់អំណាចយូររហូតដូចបក្សប្រជាជនអញ្ចឹងទេ។ យើងធ្វើនេះគឺថាយើងគាំទ្រម្ខាងៗ ហើយប្រយ័ត្នថ្ងៃក្រោយគេលូកដៃយើងវិញ អាហ្នឹងយើងនឹងថាឲ្យគេ»។
ថ្វីបើដូច្នេះលោកស៊ូ ភារិន្ទ បានហៅការរៀបចំឲ្យមានជំនួបរវាងលោកថាក់ស៊ីន និងសមាជិកនយោបាយនៃគណបក្សភឿថៃក្នុងពេលនេះថាគឺជាទស្សនវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាល។
«បងប្អូនអាវក្រហមមកតាមផ្លូវការ គេមានលិខិតឆ្លងដែនរបស់គេត្រឹមត្រូវ។ គាត់ជួបជុំគ្នានាខែចូលឆ្នាំដោយសារគាត់នៅជាទណ្ឌិត គាត់មិនអាចជួបជុំនៅប្រទេសគាត់បាន ហើយគាត់មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលយើង ដូច្នេះយើងក៏សម្ដែងគុណធម៌ទៅវិញក្នុងន័យថា បើបានរដ្ឋាភិបាលដូចសព្វថ្ងៃយើងចេះតែដោះស្រាយបញ្ហាដោយសន្ដិវិធី មិនមានចម្បាំងតាមព្រំដែន។ ការរកស៊ីទៅវិញ ទៅមកប្រទេសយើងទាំងសងខាងបានសុខ ហើយសុខទៅគឺមានការអភិវឌ្ឍ។យើងចង់មានន័យយូរអង្វែងដូច្នេះ»
កម្ពុជានិងថៃមានជម្លោះប្រដាប់អាវុធរវាងគ្នានៅតាមតំបន់ព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារចាប់តាំងពីខែកក្កដាឆ្នាំ ២០០៨ មកម្លេះ។ កងទព័នៃប្រទេសទាំងពីរនៅតែស្ថិតក្នុងខ្សែត្រៀមជួរមុខរៀងៗខ្លួននៅឡើយបើទោះបីជាតុលាការយុត្តិធម៌អន្ដរជាតិក្រុងឡាអេ បានសម្រេចឲ្យភាគីទាំងពីរដកកងទព័ចេញពីតំបន់ជម្លោះហើយអនុញ្ញាត្តិឲ្យមានកងទព័សង្កេតការណ៍ពីប្រទេសឥណ្ឌូណេស៊ីក៏ដោយ៕