ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ធ្លាក់​ខ្លួន​ឈឺ​ជាបន្ត​បន្ទាប់​នាំ​ឱ្យ​មាន​កង្វល់​ពី​ការស្វែងរក​យុត្តិធម៌


ក្នុង​រយៈ​ពេល​នេះ​ គេ​កាត់​ស្មាន​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​ ២​ លាន​នាក់​​ គឺ​ស្មើ​នឹង​ ម្នាក់​ក្នុង​បួន​នាក់​ បាន​ស្លាប់​ដោយសារ​ការ​សម្លាប់​ សេចក្តី​អត់ឃ្លាន​ ជំងឺ​ ឬ​ ធ្វើការ​បាក់​កម្លាំង។
ក្នុង​រយៈ​ពេល​នេះ​ គេ​កាត់​ស្មាន​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​ ២​ លាន​នាក់​​ គឺ​ស្មើ​នឹង​ ម្នាក់​ក្នុង​បួន​នាក់​ បាន​ស្លាប់​ដោយសារ​ការ​សម្លាប់​ សេចក្តី​អត់ឃ្លាន​ ជំងឺ​ ឬ​ ធ្វើការ​បាក់​កម្លាំង។

តើ​ជន​ចុង​ចោទ​​ទាំង​បី​ នឹង​អាច​នៅ​រស់បាន​យូរ​​ រហូត​ទៅ​ដល់​ថ្ងៃ​ដែល​តុលាការ​នឹង​ចេញ​សាលក្រម​នៅ​ក្នុង​ការ​កាត់​ក្តី​តូច​ទី​មួយ​របស់​ពួក​គេ​​ដែរ​ឬ​ទេ?

ដោយ រ៉ូបប៊ឺត ខាម៉ាលឃើល​
​ភ្នំពេញ៖ តុលាការ​ដែល​អង្គការ​សហប្រជាជាតិគាំទ្រ​ដើម្បី​ស៊ើប​អង្កេត​ចលនា​ដ៏​ប្រល័យ​នៃ​ក្រុម​ខ្មែរ​ក្រហម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​លប់​ចោល​សវនាការ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​ជន​ចុង​ចោទ​ពីរនាក់​ក្នុង​ចំណោម​បី​នាក់ ត្រូវ​នាំ​ទៅ​មន្ទីរ​ពេទ្យ។​ ការ​ភ័យ​ខ្លាច​អំពីបញ្ហា​សុខភាព​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​ព្រួយបារម្ភ​ជា​ថ្មី​ទៀត​ អំពី​រឿង​ក្តី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ ដែល​ម្នាក់ៗ​មាន​អាយុជាង​ ៨០​ ឆ្នាំ​ទៅ​ហើយ។​

បងធំ​ទី​ពីរ​ នួន​ ជា​ អាយុ​ ៨៦​ ឆ្នាំ​ ត្រូវ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ រុស្ស៊ី​ ​នៅ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​មករា​ បន្ទាប់​ពី​គាត់​បាន​ដួល​នៅ​ឯ​មន្ទី​ឃុំឃាំង​របស់​តុលាការ។​ នួន ជា​ ដែល​គេ​ចាត់​ទុក​ជា​មេ​មនោគមវិជ្ជា​របស់​ចលនា​ខ្មែរ​ក្រហម​ បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ​ដោយ​សារ​ជំងឺ​រលាក​ទង​សួត​យ៉ាង​ធ្ងន់។​

បី​ថ្ងៃ​ក្រោយ​មក​ អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​ ខៀវ សំផន​ ដែល​ជា​ចុង​ចោទ​ក្មេង​ជាង​គេ​ក្នុង​អាយុ​ ៨១​ ឆ្នាំ​ ត្រូវ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​ដដែល​ ដោយសារ​អាការៈ​អស់​កម្លាំង​និង​ពិបាក​ដក​ដង្ហើម។​

បុរស​ទាំង​ពីរ​ បាន​លះបង់​សិទ្ធិ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ។​ ក្នុង​អវត្តមាន​របស់​អ្នក​ទាំង​ពីរ​ តុលាការ​បាន​ស្តាប់​ការ​ដេញ​ដោល​គ្នា​អំពី​ឯកសារ​ណា​ដែលព្រះរាជ​អាជ្ញា​និង​មេធាវី​ចុង​ចោទ​ចង់​បញ្ចូល​ជា​ភស្តុតាង។​ កាល​ពី​ថ្ងៃ​ច័ន្ទ​ តុលាការ​បាន​សួរ​ទៅ​មេធាវីអន្តរជាតិ​របស់​ នួន ជា​ លោក​ Victor Koppe​ អំពី​ស្ថានភាពចុង​ក្រោយ​នៃ​សុខភាព​របស់​កូនក្តីលោក។

«ស្ថានភាព​នៃ​សុខភាព​លោក​មាន​ភាព​ធ្ងន់​ធ្ងរ​ជាង​មុន​ - ដែល​ជា​បញ្ហា​មួយ​ - ​តែ​ឥត​មាន​ការ​ផ្លាស់​ប្តូរ​អំពីសិទ្ធិ​មិន​បង្ហាញ​ខ្លួន​នៅក្នុងតុលាការ​ទេ»។

ចុង​ចោទ​ទី​បី​ អតីត​រដ្ឋមន្រ្តី​ការបរទេស​ អៀង​ សារី​ ដែល​មាន​អាយុ​ ៨៧​ ឆ្នាំ​ បាន​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។​ គេ​សង្កេត​ឃើញ​ថា​ អៀង សារី​ ជា​មនុស្ស​ទុរន់​ទុរា​ជាង​គេ ​ក្នុង​ចំណោមជន​ជាប់ចោទ​ទាំងអស់។​ អាយុ​របស់​ចុង​ចោទ​ទាំង​បី​រូប​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​យូរ​មក​ហើយ​ ក៏​ប៉ុន្តែ​សេចក្តីភ័យ​ខ្លាច​អំពី​រឿង​សុខភាព​នៅ​ខែ​មករា​នេះ​ បានធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ថ្មី​ថា​ ចុងចោទ​ម្នាក់​ឬ​ច្រើន​ជាង​នេះ​អាច​ស្លាប់​ក្នុង​ពេល​កាត់​សេចក្តី។​ នាង​ Anne Heindel​ ជា​ទី​ប្រឹក្សាច្បាប់​មួយ​រូប​ នៃមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជា​អង្គការ​ស្រាវ​ជ្រាវ​អំពើ​ប្រល័យ​ពូជសាសន៍​ធំ​ជាង​គេ​ក្នុង​ប្រទេស។

«នេះ​ជា​រឿង​ដ៏​សំខាន់​ណាស់​ ពីព្រោះ​ជន​ចុង​ចោទទាំង​បី​រូបជា​មនុស្ស​ចាស់​(ជរា)​ ហើយ​មាន​បញ្ហា​សុខភាព។​ មាន​ចុង​ចោទ​តែ​បី​នាក់​ប៉ុណ្ណោះ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​នេះ​ ហើយ​ឥឡូវ​មាន​ពីរ​នាក់សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​»។

បុរស​ទាំង​បី​នាក់​ ជា​មេ​ដឹកនាំ​ដែល​នៅ​រស់​នៃ​ចលនា​កុម្មុយនិស្តខ្មែរ​ក្រហម​ របស់​ ប៉ុល​ ពត​ ដែលគ្រប់​គ្រង​ប្រទេស​កម្ពុជា​ ពី​ឆ្នាំ​ ១៩៧៥​ ទៅ​ ១៩៧៩។​ ក្នុង​រយៈ​ពេល​នេះ​ គេ​កាត់​ស្មាន​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​ ២​ លាន​នាក់ គឺ​ស្មើ​នឹង​ ម្នាក់​ក្នុង​បួន​នាក់​ បាន​ស្លាប់​ដោយសារ​ការ​សម្លាប់​ សេចក្តី​អត់ឃ្លាន​ ជំងឺ​ ឬ​ ធ្វើការ​បាក់​កម្លាំង។​ នាង​ Heindel​ និយាយ​ថា​ ការ​កាត់​សេចក្តី​នេះ​ ជា​ឱកាស​តែ​មួយគត់ ដែល​គេ​អាចដាក់​ឲ្យ​មេ​ដឹកនាំ​របស់​ពួក​ខ្មែរ​ក្រហម​ ទទួល​ខុស​ត្រូវ​ ចំពោះ​មរណភាព​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ។

«ក៏​ប៉ុន្តែ​ កាលណា​មាន​ចុង​ចោទ​តិច​ជាង​នេះ​ ហើយឧក្រិដ្ឋកម្ម​ដែល​គេ​អាច​លើក​យក​ទៅ​លាត​ត្រដាង​នៅ​ក្នុង​ការ​កាត់​សេចក្តី​នឹង​មាន​តិចដែល​ធ្វើ​ឲ្យគេ​ពិត​ជា​មិន​អាច​សម្រេច​សាលក្រម​មួយ​បាន​នោះ​ ឱកាស​ដើម្បី​លាត​ត្រដាង​ឲ្យ​ឃើញ​ឧក្រិដ្ឋកម្មដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​រយៈ​ពេល​ណា​មួយ នឹង​មាន​កាន់​តែ​តិច​ទៅៗ»។

ករណី​ប្រឆាំង​នឹង​អតីត​មេ​ដឹកនាំខ្មែរ​ក្រហម​ បាន​បាត់​បង់​ចុង​ចោទ​ម្នាក់​ជា​ស្រេច​ទៅ​ហើយ។​ កាល​ពី​ចុង​ឆ្នាំ​មុន​ អៀង​ ធីរិទ្ធ​ អាយុ​ ៨០​ ឆ្នាំ​ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ បាន​ទទួល​សេចក្តី​សម្រេច​ថា​មិន​អាច​នាំ​ឡើង​តុលាការ​បាន​ទេ​ដោយ​សារបញ្ហា​ផ្លូវ​ចិត្ត។​ គេ​ជឿ​ថា​ គាត់​មាន​ជម្ងឺ​ភ្លេច​ភ្លាំង​ស្មារតី (Alzheimer)។​

ចុង​ចោទ​ទាំង​អស់​បាន​បដិសេធ​ពាក្យ​ចោទ​ប្រកាន់​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ដោយ​យោង​ទៅ​តាម​ភាព​ស្មុគ​ស្មាញ​នៃ​រឿង​ក្តី​នេះ​ និង​អាយុ​របស់​ចុង​ចោទនិង​សុខភាព​របស់​ពួក​គេ តុលាការ​បាន​បែង​ចែក​ការ​វិនិច្ឆ័យ​ទោស ឲ្យ​ទៅ​ជា​ការ​កាត់​ក្តី​តូចៗ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើជា​បន្ត​បន្ទាប់​គ្នា។​ នេះ​មាន​ន័យ​ថា​ តាម​ទ្រឹស្តី​ តុលាការ​អាច​ចេញ​សាលក្រម​បាននៅ​ពេល​កំពុង​ធ្វើ​ការ​វិនិច្ឆ័យ។​ ធ្វើ​ដូច្នេះ​ គឺ​វា​ជួយ​បន្ថយ​គ្រោះថ្នាក់​ដែល​ចុង​ចោទ​ម្នាក់​ឬ​ច្រើន​ជាង​នេះ​អាច​ស្លាប់​ មុន​នឹង​តុលាការ​ចេញ​សាលក្រម​ ដូច​នៅ​ក្នុង​ករណី​របស់​អតីត​ប្រធានាធិបតី​ប្រទេស​ ស៊ែប៊ី គឺ​លោក​ Slobodan Milosevic។​ចុង​ចោទ​ដែល​ស្លាប់​មុន​ការ​ចេញ​សាលក្រម​ មិន​អាច​កាត់​ឲ្យ​មាន​ទោស​បាន​ទេ។​

ការ​កាត់ក្តី​តូច​ទី​មួយ​ ដែល​ចាប់ប្រព្រឹត្ត​ធ្វើ​តាំង​ពី​ចុង​ឆ្នាំ​ ២០១១​ កំពុង​ពិនិត្យ​មើល​ពាក្យចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ នៅ​ក្នុង​ការបណ្តេញ​មនុស្ស​ដោយ​បង្ខំ(ចេញ​ពី​ទី​ក្រុង)​ នៅ​ក្នុង​ឆ្នាំ​ ១៩៧៥​ ដែល​អយ្យការនិយាយ​ថា​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់។​ បទ​ឧក្រិដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​បញ្ជី​ចោទ​ប្រកាន់​ -​ រួម​មាន​អំពើ​ប្រល័យ​ពូជសាស្រ្ត​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ សមូហនីយកម្ម ជំរំ​ពលកម្ម​ដោយ​បង្ខំ​ និង​ទាសភាព​ - នឹង​លើក​យក​ទៅ​ដោះស្រាយ​នៅ​ក្នុង​ការ​កាត់​ក្តី​តូចៗ​បន្ត​បន្ទាប់​មក​ទៀត។​ នាង​ Heindel និយាយ​ថា​ ការ​កាត់​ក្តី​តូច​ទី​មួយ​នេះ​ប្រហែលជា​នឹង​ប្រើ​ពេល ពេញមួយ​ឆ្នាំ​ ២០១៣ ​នេះ។​ អ្នក​សង្កេតការណ៍​តិច​ណាស់​មាន​ជំនឿ​ថា​ ការ​កាត់​ក្តី​តូច​ទី​ពីរ​ ទី​បី​ ឬ​ទី​បួន​ នឹង​អាច​ចាប់​ផ្តើម​ធ្វើ​បាន។

«ការ​កាត់​ក្តី​តូចៗ​បន្ថែម​ទៀត​នោះ ជា​រឿង​ដែល​ស្ទើរ​តែ​មិន​អាច​កើត​មាន​ឡើង​បាន​ទាល់​តែ​សោះ - ហើយ​គេ​បាន​មើលឃើញ​យ៉ាង​ដូច្នេះ​ ​តាំង​ពី​មុន​មាន​ការ​លើក​ឡើង​អំពីការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុខភាព​ក្នុង​ពេល​ថ្មីៗ​ម្ល៉េះ។​ ដូច្នេះ​គេ​មើល​ឃើញ​ថា​ វា​ហាក់​ដូច​ជាមាន​សង្ឃឹម​កាន់​តែ​តិច​ទៅៗ ថា​ជនជាប់​ចោទ​ទាំង​នេះ​នឹង​អាច​ដាក់​ឲ្យ​តុលាការ​វិនិច្ឆ័យ​ទោស​ចំពោះឧក្រិដ្ឋកម្ម​ដ៏​សាហាវ​បំផុត​នៅ​ក្នុង​សម័យ​នោះ​ - គឺ​ឧក្រិដ្ឋកម្មដែល​មនុស្សនៅ​រស់​ជីវិត ​នៅ​ចងចាំ​និង​មាន​វេទនារម្មណ៍​ជា​ទី​បំផុត​»។

ការ​ភ័យ​ខ្លាច​អំពី​រឿង​សុខភាព​ក្នុង​ខែ​នេះ​ បាន​លើក​ឡើង​នូវ​សំនួរ​ជា​បន្ទាន់​មួយ​ គឺ​ថា​ តើ​ជន​ចុង​ចោទទាំង​បី​ នឹង​អាច​នៅ​រស់បាន​យូរ រហូត​ទៅ​ដល់​ថ្ងៃ​ដែល​តុលាការ​នឹង​ចេញ​សាលក្រម​នៅ​ក្នុង​ការ​កាត់​ក្តី​តូច​ទី​មួយ​របស់​ពួក​គេដែរ​ឬ​ទេ?៕៚
ប្រែសម្រួល​ដោយ​លោក​ កែ យ៉ាន។​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG