ភ្នំពេញ៖ អតីតមេបញ្ជាការកងទ័ពខ្មែរក្រហមប្រចាំភ្នំវ័ល្លិ៍ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់ទេសចរបរទេសចំនួនបីនាក់កាលពី១៩ឆ្នាំមុនបានទទូចឲ្យសាលាក្តីខ្មែរក្រហមដោះលែងខៀវ សំផន នៅថ្ងៃចន្ទនេះ។
ឈូក រីន បានប្រាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមដែលកំពុងតែបើកសវនាការនៅចំពោះមុខ ខៀវ សំផន ថាអតីតប្រមុខរដ្ឋរបស់ពួកកុម្មុយនីស្តខ្មែរក្រហមនេះ មិនមែនជាមេដឹកនាំបក្សកុម្មុយនីស្តខ្មែរក្រហមនោះទេ។
«លោកខៀវ សំផន ហ្នឹងខ្ញុំមិននិយាយអីទេ។ ខ្ញុំសុំឲ្យតុលាការដោះលែងគាត់ទៅ។ គាត់មិនមែនអ្នកទទួលខុសត្រូវកុម្មុយនីស្តជាន់ខ្ពស់ទេ»។
ឈូក រីន ទទូចថា ប្រសិនបើតុលាការរកភស្តុតាងមិនឃើញនោះទេត្រូវតែដោះលែងខៀវ សំផន។
លោក ឈូក រីន អាយុ៦០ឆ្នាំត្រូវសាលាឧទ្ធរណ៍ដាក់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០០៥ក្រោមបទចោទថា បានទទួលខុសត្រូវចំពោះការសម្លាប់ទេសចរបរទេសចំនួនបីនាក់មានជនជាតិ បារាំងជីន មីសែល ប្រាកេត៍ (Jean-Michel Braquet) ជនជាតិអូស្ត្រាលី ដេវីដ វីលសុន (David Wilson) និងជនជាតិអង់គ្លេស ម៉ាក ស្លេធរ (Mark Slater)។ ទេសចរទាំងនេះត្រូវពួកខ្មែរក្រហម នៅតំបន់ឈរជើងដ៏រឹងមាំភ្នំវ័ល្លិ៍ចាប់ជាចំណាប់ខ្មាំងក្រោយពីស្ទាក់បាញ់ប្លន់រថភ្លើងនៅស្រុកកំពង់ត្រាច ខេត្តកំពត នៅខែកក្កដាឆ្នាំ១៩៩។ ការវាយប្រហារនោះបានបណ្តាលឲ្យជនស៊ីវិលចំនួន១៣នាក់ស្លាប់បាត់បង់ជីវិត។
លោកឈូក រីន ដែលពិការជើងម្ខាងបានបដិសេធឆ្លើយនឹងសំណួរដេញដោលរបស់សហព្រះរាជអាជ្ញាហើយបានស្នើឲ្យតុលាការលើកពេលផ្តល់សក្ខីកម្មរបស់លោកដោយទាមទារឲ្យតុលាការជួយព្យាបាលរូបគាត់ដែលកំពុងមានជំងឺជាប់ខ្លួនជាពិសេសការឈឺក្បាលខ្លាំងនិងឈឺក។
សហមេធាវីរបស់នួន ជា គឺលោកសុន អារុណ គាំទ្រជំហរនេះ។ ប៉ុន្តែលោក ចៅក្រមនិល ណុនប្រធានអង្គជំនុំជម្រះសាលាដំបូងបានច្រានចោលសំណើរបស់សាក្សីហើយលោកទទូចឲ្យសក្សីផ្តល់សក្ខីកម្ម។
«ទំនងជាមិនត្រូវការពេលវេលាយូរទៀតទេក្នុងដំណាក់កាលដំបូងនៃការបំបែកកិច្ចដំណើរការនិតិវិធីសំណុំរឿង០០២/០១នេះ»។
អតីតមេទ័ពខ្មែរក្រហមប្រចាំភ្នំវ័ល្លិ៍ខាងលើមិនបានបង្ហាញសវតារបស់ខ្លួនច្រើននោះទេ។នៅពេលដែលគាត់ចាប់ផ្តើមប្រកែកផ្តល់ចម្លើយដល់តំណាងសហព្រះរាជអាជ្ញាជាតិនិងបន្ទាប់មកសហព្រះរាជអាជ្ញាអន្តរជាតិ។
ក៏ប៉ុន្តែសហព្រះរាជអាជ្ញាអន្តរជាតិបានជម្នះសួរសំណួរបន្ថែមហើយបន្ថែមទៀតបើទោះជាឈូក រីន មិនព្រមបញ្ជាក់អំពីសំណៅសក្ខីកម្មរបស់ខ្លួនដែលប្រមូលបានដោយចៅក្រមស៊ើបអង្កេតក៏ដោយ។
លុះដល់ក្រោយមកឈូក រីន បានឆ្លើយកំបុតៗខ្លីដែលមិនមែនជាចម្លើយពេញលេញឬគ្រាន់តែជាការបដិសេធលើសក្ខីកម្មរបស់លោកជាលាយលក្ខណ៍អក្សរក្នុងដំណាក់កាលស៊ើបអង្កេតតែប៉ុណ្ណោះ។
ឈូក រីន បានហៅជនជាប់ចោទនួន ជា និងអៀង សារី ថាជាមេដឹកនាំរបស់ខ្លួន។ ហើយលោកសោកស្តាយចំពោះការស្លាប់របស់អៀង សារី។
សាក្សីដដែលនេះបញ្ជាក់ថា មេដឹកនាំបក្សកុម្មុយនីស្តរបស់ពួកខ្មែរក្រហមដែលទទួលខុសត្រូវផ្នែកនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យនៅសេសសល់តែម្នាក់គត់គឺនួន ជា។ នួន ជា ដែលជាអតីតប្រធានសភាខ្មែរក្រហមហើយមិនបានចូលរួមសវនាការដោយផ្ទាល់ទេកាលពីព្រឹកមិញនេះដោយសារតែបញ្ហាសុខភាព។