ក្រៅពីសង្កត់ធ្ងន់ទៅលើការគោរព«គោលនយោបាយចិនតែមួយ» ក្រសួងការបរទេសកម្ពុជានៅថ្ងៃសៅរ៍នេះ បានចាត់ទុកថាស្ថានការណ៍នៅដែនដីហុងកុង ដែលកំពុងតែមានបាតុកម្មប្រឆាំងនឹងការដឹកនាំចិននោះ គឺជារឿងផ្ទៃក្នុង ហើយប្រកាសគាំទ្រ«ចំណាត់ការរបស់ចិន»។ ការប្រកាសពីជំហរកម្ពុជានេះកើតឡើងក្រោយមួយថ្ងៃ ដែលចិនបានវាយប្រហារអាមេរិកថានៅពីក្រោយស្ថានការណ៍ហុងកុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាចង់ឃើញការវិលត្រឡប់ទៅរកប្រក្រតីភាពឆាប់ៗ និងសុខសន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល។
«ប្រទេសកម្ពុជាគាំទ្រនូវរាល់ចំណាត់ការចាំបាច់នានារបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ដោយអនុលោមទៅតាមច្បាប់និងបទបញ្ញត្តិទាំងឡាយរបស់ប្រទេសនិងការប្រតិបត្តិជាអន្តរជាតិ»។
សេចក្តីថ្លែងការណ៍កម្ពុជាបានកើតឡើងក្នុងពេលក្រុមអ្នកតវ៉ាដែលលម្អៀងទៅរកលទ្ធិប្រជាធិបតេយ្យបានធ្វើបាតុកម្មពាសពេញទីក្រុងហុងកុង១០សប្តាហ៍មកហើយ។ បាតុកម្មនេះដំបូងគឺដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័នដែលអាចចាប់បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទៅកាត់ទោសនៅចិនដីគោក ហើយក្រោយមកក្រុមបាតុករបានទាមទារឲ្យមានលំហរប្រជាធិបតេយ្យនៅដែនដីហុងកុង។
ការតវ៉ានេះបានពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗដែលឈានដល់ការបិទព្រលានយន្តហោះ ហាងទំនិញ បង្កអំពើហិង្សារវាងបាតុករនឹងអាជ្ញាធរ ហើយបង្កឲ្យមានមនុស្សរបួសនិងស្លាប់មួយចំនួនផងដែរ។ អាជ្ញាធរបានពង្រឹងសន្តិសុខខ្លាំងឡើងៗ ដោយមានយោធានិងប៉ូលិសបំពាក់គ្រឿងសញ្វាវុធទប់ទល់បាតុកម្មផងដែរក្រៅពីបានចាប់ខ្លួនក្រុមអ្នកតវ៉ារាប់រយនាក់។
ប្រទេសចិនបានវាយប្រហារពាក្យសម្តីប្រឆាំងនឹងសហរដ្ឋអាមេរិកយ៉ាងធ្ងន់ៗ កាលពីថ្ងៃសុក្រនេះ ដោយនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្ថិតនៅពីក្រោយខ្នងនៃការតវ៉ាដ៏ជ្រួលច្របល់នៅទីក្រុងហុងកុង តែគ្មានការបញ្ជាក់ពីសហរដ្ឋអាមេរិកនៅឡើយទេ។
ការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងប៉េកាំងនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក«ខ្វល់ខ្វាយយ៉ាងខ្លាំង» ចំពោះស្ថានការណ៍ដែលកំពុងរំជើបរំជួលនៅហុងកុង។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា សរសេរក្នុងសេចក្តីអធិប្បាយកម្រាស់បួនទំព័រលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនថា សហរដ្ឋអាមេរិកបាន«ធ្វើជាខ្នងបង្អែក»ដល់ក្រុមអ្នកតវ៉ានៅហុងកុង ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានហៅថា«ជាក្រុមសកម្មជនបង្កហិង្សាខុសច្បាប់»។
លោក Wang បន្តចោទប្រកាន់សហរដ្ឋអាមេរិកថា «ជាតួអង្គមិនល្អនិងកំពុងដើរតួក្នុងស្ថានភាពចលាចលទីក្រុងហុងកុង»។
ការវាយប្រហារសហរដ្ឋអាមេរិកពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាកើតឡើងមួយថ្ងៃមុនសេចក្តីថ្លែងការណ៍របស់កម្ពុជាបញ្ជាក់ពីគោលជំហររបស់ខ្លួន លើរដ្ឋាភិបាលក្រុងប៉េកាំងចំពោះស្ថានការណ៍ហុងកុងដែលចិនត្រូវដោះស្រាយរឿងនេះឲ្យបានចប់ឆាប់ៗនោះ៕