សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកតវ៉ានៅសហគមន៍បឹងកក់ចំនួន ១៣នាក់ នៅក្នុងការកាត់ទោសមួយយ៉ាងតក់ក្រហល់នៅរសៀលថ្ងៃព្រហស្បតិ៍នេះឲ្យជាប់ពន្ធនាគារម្នាក់ៗ ចំនួនពីរឆ្នាំ៦ខែ។ ហើយបន្ទាប់មកពួកគេត្រូវបញ្ជូនភ្លាមៗទៅកាន់ពន្ធនាគារព្រៃស ព្រមជាមួយគ្នានេះ អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋនៅតំបន់បឹងកក់ចំនួនពីរនាក់បន្ថែមទៀតនិងចាប់ខ្លួនព្រះតេជគុណលួន សាវ៉ាត់ ដែលបានថតក្រុមប្រជាពលរដ្ឋអ្នកតវ៉ានៅខាងមុខតុលាការ។
ប្រជាពលរដ្ឋទាំង ១៣នាក់នៅក្នុងនោះមានអ្នកស្រីទេព វន្នី និងសកម្មជនអ្នកតវ៉ាទំនាស់ដីធ្លីយ៉ាងខ្លាំងក្លាពីរនាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទចូលកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុនៃនីតិសាធារណៈតាមច្បាប់ភូមិបាលនិងបទប្រឆាំងមន្ត្រីសាធារណៈតាមក្រមព្រហ្មទណ្ឌ។
ប្រជាពលរដ្ឋទាំង ១៣នាក់ ត្រូវបានចាប់ខ្លួនដោយហិង្សាកាលពីថ្ងៃអង្គារនៅពេលដែលពួកគេបានជួយសង់ផ្ទះឲ្យអ្នកភូមិម្នាក់ដែលផ្ទះនោះត្រូវបានកម្ទេចចោលដោយគ្មានដំណោះស្រាយ។
អ្នកភូមិបឹងកក់ម្នាក់បានដួលសន្លប់បន្ទាប់ពីបានឃើញប្រជាពលរដ្ឋទាំង ១៣នាក់ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរឃុំឃាំង។
លោកអំ សំអាត ប្រធានគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូដែលបានចូលរួមនៅក្នុងការកាត់ទោសនៅរសៀលនេះមានប្រសាសន៍ថា ប្រជាពលរដ្ឋបានបដិសេធការចោទប្រកាន់របស់តុលាការនៅក្នុងសវនាការ។
«ជនរងគ្រោះទាំង១៣នាក់ បានបដិសេធការចោទប្រកាន់របស់ព្រះរាជអាជ្ញា។ ហើយមួយទៀត យើងក៏ឃើញវីដេអូខ្លីបដែលបង្ហាញ គេអះអាងថាមានរូបទាំង ៧នាក់។ ប៉ុន្តែវីដេអូនេះបានចាក់តែបន្តិចទេ។ យើងឥតបានទាន់ដឹងជានរណា ប៉ុន្តែយើងមិនទាន់បានឃើញវត្តមាននៃអ្នកទាំង ១៣នាក់ទេនៅក្នុងខ្សែវីដេអូទេ»។
លោកអំ សំអាត យល់ឃើញថា ការផ្តន្ទាទោសនេះមិនអាចបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅសហគមន៍បឹងកក់នោះទេ។
ដោយឡែកលោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ឃើញថា អ្នកភូមិបឹងកក់បានទទួលរងគ្រោះពីរជាន់ គឺការរងគ្រោះទី១ ដោយសារការយកដីធ្លីរបស់ពួកគេទៅប្រគល់ឲ្យក្រុមហ៊ុនវិនិយោគទុន ស៊ូកាគូអ៊ីន របស់ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាជនកម្ពុជា និងការរងគ្រោះមួយទៀត ដោយសារតែការផ្តន្ទាទោសដោយតុលាការមិនមានហេតុផលសមស្រប។
ស្ត្រីម្នាក់និងបុរសម្នាក់នៃសហគមន៍បឹងកក់ ដែលត្រូវចាប់ខ្លួនបន្ថែមនៅរសៀលនេះ ទំនងជាត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក។ រីឯព្រះតេជគុណលួន សាវ៉ាត ជ័យលាភីពានរង្វាន់សិទ្ធិមនុស្សត្រូវបានបង្ខាំងនៅក្នុងវត្តបុទុមវតី ក្នុងទីក្រុងភ្នំពេញ ហើយមិនទាន់ត្រូវបានចាប់ផ្សឹកនៅឡើយមកទល់នឹងយប់នេះ។
នាយកប្រចាំអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson បានអំពាវនាវឲ្យ រដ្ឋាភិបាលខ្មែរបញ្ឈប់ការវាយសំពងប្រជាពលរដ្ឋដែលធ្វើការតវ៉ាដោយសន្តិវិធី និងសម្តែងមតិរបស់ពួកគេ៕