ប៉ូលិសកម្ពុជាឲ្យដឹងថា ពួកគេបានបញ្ជូនជនជាតិចិន៦១នាក់ដែលប្រទេសចិនតាមចាប់ខ្លួន ដោយសង្ស័យថា ជម្រិតទារប្រាក់តាមបណ្តាញអ៊ីនធឺណិត និងតាមទូរស័ព្ទ ប៉ុន្តែកោះតៃវ៉ាន់និយាយថា ក្នុងចំណោមនោះមាន១៩នាក់មកពីកោះតៃវ៉ាន់។
ជនសង្ស័យថា ជាជនល្មើសតាមបណ្តាញច្រើនរយនាក់ត្រូវចាប់ខ្លួននៅប្រទេសកម្ពុជា ដែលក្លាយជាកន្លែងរកមុខរបរទុច្ចរិតសំខាន់ធ្វើឲ្យជនរងគ្រោះខាតបង់ថវិកាច្រើនពាន់លានដុល្លារ។ រូបភាពដែលទីភ្នាក់ងារព័ត៌មានទទួលបានបង្ហាញជនសង្ស័យពាក់អាវពណ៌ក្រហម ដែទាំងពីរជាប់ខ្នោះ មុនពេកពួកគេត្រូវបញ្ជូនចេញ។ លោកអ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៃនាយកដ្ឋានអន្តោប្រវេសន៍និយាយថា ប៉ូលិសចិនបានមកយកពួកគេ។
លោកឲ្យដឹងថា នាយករដ្ឋានអន្តោប្រវេសន៍បានបញ្ជូនជនសង្ស័យ៦១នាក់ រួមមានស្ត្រី១៣នាក់ ដែលជាប់ទាក់ទងនឹងការជម្រិតទារប្រាក់តាមអ៊ីនធឺណិត។ លោកបន្តថា ពួកគេត្រូវឃាត់ខ្លួនតាំងពីតាំងពីពេលឆែកឆេរកាលពីថ្ងៃទី១៧ និងថ្ងៃទី២១ នៅភ្នំពេញ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់និយាយថា ក្នុងចំណោមពួកគេមាន១៩នាក់មកពីកោះតៃវ៉ាន់ ហើយថា តៃវ៉ាន់បានធ្វើការតវ៉ាខ្លាំងក្លាប្រឆាំងចិនទាក់ទងនឹងការបញ្ជូនពួកគេនេះ។ កោះតៃវ៉ាន់មិនសប្បាយចិត្តយូរហើយ ដែលថា ជនជាតិចិនតៃវ៉ាន់ដែលសង្ស័យជាអ្នកជម្រិតទារប្រាក់ត្រូវបានបញ្ជូនទៅប្រទេសចិន ហើយរដ្ឋាភិបាលកោះតៃវ៉ាន់បានចោទរដ្ឋាភិបាលក្រុងភ្នំពេញថា ធ្វើតាមបញ្ជារដ្ឋាភិបាលក្រុងប៉េកាំង។ប្រទេសចិនដៃគោកចាត់ទុកថា កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងគឺជាដែនអធិបតេយ្យរបស់ចិន ហើយកម្ពុជាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ចិននៅអាស៊ីអាគ្នេយ៍៕