រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃពុធនេះ បានថ្លែងថា កម្ពុជាមិនទុករដ្ឋមន្រ្តីការពារជាតិរបស់សមាជិកសមាគមអាស៊ានណាមួយចោលឡើយ។
លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំកំពូលមួយ ដែលមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិរបស់របបសឹកភូមា គឺលោក Mya Tun Oo។
លោក ទៀ បាញ់ បានថ្លែងថានេះជាការប្រជុំប្តូរវេនពីប្រទេសមួយទៅប្រទេសមួយ ហើយនៅឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលលោកថាត្រូវបំពេញតួនាទីរបស់ខ្លួនជាប្រធានអាស៊ានដែលមានសមាជិកទាំង១០ប្រទេស។
លោកថ្លែងថា៖ «យើងក៏ត្រូវបំពេញនូវតួនាទីរបស់យើងដ៏ពេញលេញមួយ គឺថាគ្មានរើសអើង ឬទុកអ្នកណាមួយ ដែលយើងបានកំណត់នៅក្នុងធម្មនុញ្ញ គឺយើងត្រូវតែរក្សាឲ្យបាន»។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានមួយនេះអាចធ្វើឡើងទៅបាន ដោយសារមានការឯកភាពជាឯកច្ឆន្ទពីសមាជិកអាស៊ានទាំងអស់។
គួរបញ្ជាក់ថាកាលពីកន្លងទៅ មេដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនបានលើកឡើងថាប្រសិនបើមិនមានវិវឌ្ឍនភាពគួរឲ្យកត់សម្គាល់ទៅលើ៥ចំណុចដែលបានឯកភាពគ្នាទេ តំណាងរបស់ប្រទេសមីយ៉ាន់ម៉ា អាចចូលរួមប្រជុំអាស៊ានបាន តែក្នុងកម្រិតមិនមែននយោបាយតែប៉ុណ្ណោះ។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននេះ ធ្វើឡើងក្រោមមូលបទ«សាមគ្តីភាព ដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»។
លោក ទៀ បាញ់ ក៏បានបញ្ជាក់ថាកិច្ចប្រជុំដែលចាប់ផ្តើមនៅទីក្រុងភ្នំពេញពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែមិថុនា បានសម្រេចនូវឯកសារទស្សនទានចំនួនបី គឺទីមួយស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ទីពីរឯកសារស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន និងទីបីឯកសារស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធាអាស៊ាន។
បើតាមលោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិអាស៊ានទាំង១០ប្រទេស ក៏មានជំនួបក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុនដោយផ្ទាល់ក្នុងរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីការពារជាតិចិនតាមប្រព័ន្ធអនឡាញ៕
លោក ទៀ បាញ់ ថា ការអញ្ជើញរដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ាចូលរួមប្រជុំ ជាការបំពេញតួនាទីប្រធានអាស៊ានពេញលេញមួយ
ភ្នំពេញ —