ភ្នំពេញ៖ គ្រាន់តែព្រលឹមស្រាងៗឡើង លោកជូ ជឿងប្រញាប់ប្រញាល់រៀបចំប្រដាប់ប្រដារផ្សេងៗដាក់លើស៊ីក្លូដើម្បីចេញទៅដឹកទំនិញនៅតាមបណ្តាផ្សារនានា។
មានវ័យ៥៧ឆ្នាំ លោកជូ ជឿងមកពីខេត្តកំពង់ចាម និងប្រកបរបរជាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអស់រយៈពេល២០ឆ្នាំមកហើយ។
លោកនិយាយថា៖
«មួយថ្ងៃរកបានពី១០.០០០ទៅ១៥.០០០រៀល។ នៅក្នុងខែហ្នឹងបានប្រហែលជិត១០០ដុល្លារប៉ុណ្នឹង។ ក្រៅពីនៅមណ្ឌលហ្នឹង កន្លែងដែលខ្ញុំទៅរកស៊ីគឺនៅផ្សារអូឫស្សី ដឹកអ្នកទំដើរដែលមកផ្សារ»។
ពាក់អាវដៃវែងពណ៌ក្រហមឈាមជ្រូក និងខោខ្លីឆ្នូតខ្មៅ លោកតែងតែសម្រាកនៅពេលយប់តាមចិញ្ចើមផ្លូវ ឬតាមសំយ៉ាបផ្ទះគេ។
លោកជូ ជៀនបន្តថា ការស្នាក់នៅបែបនោះមិនមែនងាយស្រួលឡើយសម្រាប់គាត់។ ពេលខ្លះគាត់ត្រូវបានម្ចាស់ផ្ទះដេញ មិនឲ្យស្នាក់នៅ។ ហើយរឹតតែពិបាកជាងនោះទៅទៀតគឺពេលរដូវវស្សា គាត់និងអ្នករត់ស៊ីក្លូដទៃទៀតមិនសូវបានសម្រាប់ទេ ដោយសារតែភ្លៀង។
«តាមចិញ្ចើមផ្ទះគេ។ ពេលខ្លះគេដេញយើងចេញ។ ហើយពេលណាគេលែងដេញយើងមកវិញ។ ពេលភ្លៀង វាពិបាកដែរណា៎។ ពេលឥតមានកៅស៊ូអញ្ចឹងទៅ យើងទទឹកអញ្ចឹងទៅ។ ជ្រកនៅតាមកន្លែងអញ្ចឹង វាសាចអញ្ចឹងទៅ។ ដេកតាមចិញ្ចើមផ្ទះគេ វាអត់ស្រូវទេណា៎។ វាពិបាកច្រើន»។
អ្នករត់ស៊ីក្លូជើងចាស់ ដែលមានសម្បុរខ្មៅ និងសក់ឡើងល្បាយអាចម៍ខ្លារូបនេះប្រាប់ថា ជារៀងរាល់ថ្ងៃគាត់ត្រូវក្រោកពីព្រលឹមដើម្បីចេញទៅដឹកទំនិញ និងដឹកអ្នកដំណើរនៅផ្សារអូឫស្សី។
លោកជូ ជឿនបន្តថា ក្នុងមួយថ្ងៃគាត់ត្រូវចំណាយប្រាក់២.០០០រៀលសម្រាប់ថ្លៃជួលស៊ីក្លូមួយគ្រឿង។
គាត់ឈប់សម្រាកហូបបាយថ្ងៃត្រង់នៅតាមផ្សារកណ្តាលទីដែលក្រុមអ្នករត់ស៊ីក្លូភាគច្រើនជួបប្រជុំគ្នា។ សម្រាប់បាយថ្ងៃត្រង់មួយពេល គាត់ត្រូវចំណាយប្រាក់អស់ពី៣.០០០ទៅ៣.៥០០រៀល។
ឈរនៅក្បែរស៊ីកូលៀបពណ៌បៃតង និងដំបូលប្រកក្រណាត់កៅស៊ូពណ៌ខ្មៅ អ្នករត់ស៊ីក្លូនេះត្រូញតែ្អរថា មុខរបរធាក់ស៊ីកូនេះកាន់តែពិបាកសម្រាប់គាត់។
អង្គុយជុំៗគ្នាក្បែរលោកជូ ជឿន អ្នករត់ស៊ីក្លូម្នាក់ទៀតគឺលោកស៊ិន សុខុម អាយុ៧១ឆ្នាំ។ គាត់ប្រាប់ដែរ
ថា គាត់ចាប់ផ្តើមមុខរបរជាអ្នកធាក់ស៊ីក្លូនេះជាង២៥ឆ្នាំមកហើយ។
ជាអ្នកស្រុកមកពីខេត្តកំពង់ស្ពឺ លោកស៊ិន សុខុមប្រាប់ដោយដឹងថា មុខរបរជាអ្នកធាក់ស៊ីក្លូឥឡូវនេះមិនដូចពីមុនទេ។ ពេលដែលគាត់ចាប់ផ្តើមដំបូង គាត់អាចរកប្រាក់បានពី៤0.០០០ទៅ៥0.000រៀលក្នុងមួយថ្ងៃ។ ដោយឡែក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មុខរបរធាក់ស៊ីក្លូកាន់តែពិបាក។
ទឹកប្រាក់ដែលគាត់រកបានក្នុងមួយថ្ងៃថយចុះពាក់កណ្តាល។ កំណើនចំនួនអ្នករត់ម៉ូតូឌុច អ្នករត់រឺម៉ក់កង់បីជាដើម បានធ្វើឲ្យម៉ូយរបស់គាត់ជាច្រើនឈប់ជិះស៊ីក្លូរបស់គាត់។
«ជិះស៊ីក្លូវាយឺត ហើយណាមួយវាបានតិច។ ហើយទុគទុគ (រឺម៉កកង់បី) គេដឹកបាន ៤ទៅ៥នាក់ ហើយស៊ីក្លូជិះម្នាក់ គិតលុយដូចគ្នា។ ហើយទុគទុគដឹកបាន៥នាក់ ៥.០០០រៀល ហើយស៊ីក្លូ៥.០០០ដែរហ្នឹង។ អញ្ចឹងគេជិះអាទុគទុគ (រឺម៉កកង់បី)ស្រួលជាង។
ការប្រកួតប្រជែងនេះបានធ្វើឲ្យចំនួនស៊ីក្លូធ្លាក់ចុះពីចំនួន៥០០០គ្រឿងកាលពីដប់ឆ្នាំមុនមកត្រឹម៥១៧គ្រឿងនៅឆ្នាំ២០១២កន្លងទៅនេះ។ នេះបើយោងតាមតួលេខពីសមាគនអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យមានការអភិរក្សស៊ីក្លូសម្រាប់ជាកេរដំណែលយានជំនិះជាប្រវត្តិសាស្ដ្រនិងសម្រាប់បម្រើដល់ភ្ញៀវទេសចរ។
លោកអ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធបានបន្តថា យោងតាមតួលេខដែលគាត់បានស្រាវជ្រាវចុងក្រោយបង្ហាញថា ចំនួនអ្នករត់ស៊ីក្លូសរុបមានជាង៤៤៧នាក់ ភាគច្រើននៃអ្នករស់ស៊ីក្លូជាអ្នកមានវ័យចំណាស់ អាយុចាប់ពី៤០ទៅជាង៧០ឆ្នាំ ហើយក្នុងនោះមានជាង៤៩%ជាប្រជាជនមកពីខេត្តព្រៃវែង។
នៅទីក្រុងភ្នំពេញមានស៊ីក្លូច្រើនជាងនៅតាមបណ្តាខេត្ត ដែលមានចំនួនតិចតួចបំផុត ដូចជានៅខេត្តសៀមរាប និងព្រៃវែងជាដើម។
លោកអឹម សម្បត្តិបញ្ជាក់ដែរថា មកទល់ពេលបច្ចុប្បន្ននេះ ទីផ្សាររបស់អ្នករត់ស៊ីក្លូមានពីប្រភេទ គឺសម្រាប់ដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញនានា។ ប្រជុំជននៃក្រុមអ្នករត់ស៊ីក្លូមាននៅតាមបណ្តាផ្សារធំៗ ដូចជាផ្សារអូឫស្សី ផ្សារចាស់ និងផ្សារកណ្តាល។
លោកនិយាយថា រហូតមកទល់ពេលនេះមានក្រុមហ៊ុនទេសចរណ៍ចំនួន៨ហើយដែលសមាគមអ្នកធាក់ស៊ីក្លូបានសហការជាមួយ ហើយមានខ្លះទៀតបានកំពុងដំណើរការ ដើម្បីរៀបចំ «ឯកសណ្ឋានសម្រាប់អ្នកធាក់ស៊ីក្លូដឹកនៅតាមផ្សារ និងឯកសណ្ឋានសម្រាប់អ្នកដឹកភ្ញៀវទេសចរណ៍ដើរកំសាន្ត។ ហើយយើងរៀបចំស៊ីក្លូឲ្យមានរចនាបទតាមបែបសង្គមរាស្ត្រនិយម។ មានន័យថា មានកណ្តឹង មានចង្កៀង»។
លោកសម្បត្តិបន្តថា អ្នកដែលរកស៊ីរត់ស៊ីក្លូអាចរកប្រាក់បានជាមធ្យម២០.០០០រៀលក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ ប្រសិនបើសមាគមអាចរកភ្ញៀវទេសចរណ៍បានវិញ ពួកគាត់អាចរកប្រាក់បានច្រើនជាងនេះ។
យ៉ាងណាមិញ បញ្ហាកង្វះទីកន្លែងស្នាក់នៅត្រឹមត្រូវនៅតែជាបញ្ហាសម្រាប់សមាគម និងក្រុមអ្នករត់ស៊ីក្លូ។ ដើម្បីសន្សំប្រាក់ ពួកគាត់ត្រូវសម្រេចចិត្តស្នាក់នៅតាមចិញ្ចើមផ្ទះតាមដងផ្លូវនានា។
«គាត់អត់មានជម្រកស្នាក់នៅឲ្យបានត្រឹមត្រូវទេ។ នៅផ្ទះថៅកែ គាត់ត្រូវចំណាយប្រាក់បន្ថែម ទាំងថ្លៃស៊ីក្លូ និងផ្ទះហ្នឹងគឺ៥.០០០រៀល។ សេចក្តីណែនាំរបស់ក្រសួងបានណែនាំឲ្យយើងទៅស្នាក់នៅតាមវត្ត តែភាពជាក់ស្តែងយើងឃើញថា នៅតាមវត្តហាក់ដូចជាចង្អៀត។ អញ្ចឹងយើងមិនដឹងថា រឿងជម្រកហ្នឹងទៅជាយ៉ាងណាទេ។ យើងនឹងស្នើទៅក្រសួងបន្តទៀត»។
អ្នកស្រីទិន ថារីគឺជាម្ចាស់ហាងជួលស៊ីក្លូមួយក្នុងសង្កាត់ផ្សារដេប៉ូ។ ជាង២០ឆ្នាំហើយដែលអ្នកស្រីរកស៊ីមុខរបរនេះ។ គាត់ប្រាប់ឲ្យដឹងថា ចំនួនស៊ីក្លូរបស់គាត់មានការថយចុះ។ ឥឡូវនេះគាត់មានស៊ីក្លូចំនួន៦០គ្រឿងសម្រាប់ជួល។
គាត់និយាយថា៖
«ជួលបានប្រហែលពី៣០ទៅ៤០គ្រឿងហ្នឹង។ យើងជួលលែងអស់ដូចមុនហើយ ពីព្រោះមនុស្សគេនិយមជិះអ្វីផ្សេងៗអញ្ចឹង។ នៅតែអាណិតអ្នកចាស់ដែលគាត់ធ្លាប់រកអញ្ចឹង។ តាមការណ៍ពិតទៅ ខ្ញុំចង់ឈប់ដែរហ្នឹង»។
គាត់បានសម្តែងការសោកស្តាយផងដែរ ប្រសិនបើស៊ីក្លូត្រូវបាត់បង់។
អ្នកស្រីទៀន ថូនីជាម្ចាស់ហាងជួលស៊ីក្លូម្នាក់ទៀតស្ថិតនៅក្បែរសាលាបាក់ទូក។
គាត់និយាយថា៖
«ឥឡូវហ្នឹងស៊ីក្លូនៅសល់ជាង១១០ហ្នឹង នៅសល់ទៀត។ អ្នកធាក់ស៊ីក្លូលែងធាក់ទៀតហើយ ពីព្រោះថា រកប្រាក់អត់សូវបាន»។
ស៊ីក្លូមានកំណើតនៅប្រទេសកម្ពុជានៅឆ្នាំក្នុងសម័យអាណានិគមន៍បារាំង ដោយកែច្នៃពីឆៃកែ ដែលគេនិយមនៅប្រទេសចិន។
បច្ចុប្បន្ន បើទោះជាមានការបញ្ជានិងការរៀបចំឲ្យមានការអភិរក្សស៊ីក្លូក៏ដោយ ក៏លោកស៊ិន សុខុម អ្នកធាក់ស៊ីក្លូវ័យ៧៧ឆ្នាំនៅតែអស់សង្ឃឹម។
«សព្វថ្ងៃមើលទៅ ខ្ញុំប្រហែលឈប់ធាក់ស៊ីក្លូហើយ។ ឥឡូវមើលទៅ គេក៏មិនសូវចូលចិត្តជិះស៊ីក្លូទៀតដែរ។ មើលទៅអស់ហើយស៊ីក្លូហ្នឹង»៕