ភ្នំពេញ៖ តុលាការខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបើកការសាកសួរជនសង្ស័យចំនួន៦នាក់ដែលជាប់ពាក់ព័ន្ធនឹងការប្លន់លុយធនាគារអេស៊ីលីដា សាខានៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ។
លោកព្រះរាជអាជ្ញា ហួត វុទ្ធីបាននិយាយថា ក្នុងចំណោមជនសង្ស័យទាំង៦នាក់តុលាការទើបតែបញ្ចប់ការសាកសួរប្រមាណបានតែបីនាក់តែប៉ុណ្ណោះ ហើយនៅសល់ជនសង្ស័យបីនាក់ផ្សេងទៀតតុលាការនឹងបន្តធ្វើការសាកសួរនៅថ្ងៃសៅរ៍ស្អែកទៀត។
លោកបាននិយាយថា តុលាការមិនទាន់មានការចោទប្រកាន់ជនសង្ស័យទាំង៦នាក់ជាផ្លូវការនៅឡើយទេរហូតដល់បំពេញនីតិវិធីចប់សព្វគ្រប់សិន។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកហួត វុទ្ធីមិនបានបញ្ជាក់ពីនីតិវិធីបន្ថែមរបស់តុលាការទេ។
«ខ្ញុំមិនអាចឆ្លើយបានទេ។ នេះជាកិច្ចការស៊ើបអង្កេតរបស់ខ្ញុំ»។
សមត្ថកិច្ចខេត្តកំពង់ចាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលភាគច្រើនជាបុគ្គលិកធនាគារអេស៊ីលីដា សាខានៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៦នាក់មកឲ្យតុលាការធ្វើការសាកសួរបន្ត ក៏ប៉ុន្តែមិនទាន់បានសម្រេចធ្វើការចោទប្រកាន់នៅឡើយទេ។
ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាច់ដោយឡែកៗពីគ្នា បន្ទាប់ពីពួកគេរៀបចំគម្រោងប្លន់លុយមិនបានសំរេច ពីធនាគារដែលខ្លួនកំពុងធ្វើការ។
លោកព្រំ វិសុទ្ធ អនុប្រធានប្រតិបត្តិនិងជាប្រធាននាយកប្រតិបត្តិនីតិកម្មនៃស្នាក់ការកណ្តាលធនាគារអេស៊ីលីដាប្រចាំក្រុងភ្នំពេញ បាននិយាយថា ធនាគារបានបាត់បង់ប្រាក់ចំនួន៥ម៉ឺនដុល្លារក្រោយពីព្រឹត្តិការណ៍នោះរួចមក។
លោកបាននិយាយថា នៅសប្តាហ៍ក្រោយនេះ ធនាគារអេស៊ីលីដានឹងដាក់ពាក្យប្តឹងទៅកាន់តុលាការនិងទាមទារសំណងចំនួនជាង១០ម៉ឺនដុលា្លរសហរដ្ឋអាមេរិក។
«បាទធនាគារយើងដាក់ពាក្យប្តឹងដើម្បី៖ទីមួយឲ្យខាងអាជ្ញាធរដាក់ទោសទណ្ឌតាមច្បាប់កំណត់ ទីពីរគឺទាមទារទ្រព្យសម្បត្តិដែលយើងបាត់លុយកាក់ហ្នឹង ទីបីគឺយើងទាមទារជំងឺចិត្តនៃការខូចខាត»។
បុគ្គលិកធនាគារអេស៊ីលីដា ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពប្លន់ប្រាក់ពីធនាគារ រួមមានឈ្មោះស៊ឹម គឹមថាន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិព្រែកបារាំង ស្រុកស្ទឹងត្រង់ ជាប្រធានបេឡា និងសង្ស័យថាជាមេខ្លោងក្នុងរឿងនេះ។ ស៊ឹម តុលា ហៅជែម អាយុ២៨ឆ្នាំមកពីភ្នំពេញ ជាម្ចាស់អាវុធខ្លីម៉ាកកា៥៤ រស់នៅខេត្តកំពត។ ស៊យ លីណា អាយុ២០ឆ្នាំ ជាប្រធានបេឡាស្តីទី។ អាន ម៉ាត់លី អាយុ២៤ឆ្នាំ ជាបុគ្គលិកដែលរត់រួចកាលពីម្សិលម៉ិញ ដោយបាននាំយកលុយចំនួន៥៧លានរៀល។ ទីន គុយហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងរឿន សុជាតិ អាយុ២៩ឆ្នាំ រស់នៅក្នុងខេត្តកំពង់ចាម៕