ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ពិចារណា​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ​លើ​មន្ត្រីការទូត ​និង​អង្គការ​អន្តរជាតិ​​ដូច​អ្នក​ដំណើរ​ដទៃទៀត​ពេល​មក​ដល់​កម្ពុជា


រូបឯកសារ៖ មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​មក​ដល់​ខេត្ត​ព្រះសីហនុ ​ដើម្បី​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​និង​ក្រុមការងារ​នាវា​កំសាន្ត Westerdam កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូបឯកសារ៖ មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​មក​ដល់​ខេត្ត​ព្រះសីហនុ ​ដើម្បី​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​និង​ក្រុមការងារ​នាវា​កំសាន្ត Westerdam កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០។

អាជ្ញាធរ​កម្ពុជា​កំពុង​ពិចារណា​ដាក់​លក្ខណ្ឌ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ១៩​ចំពោះ​មន្ត្រី​ការទូត​និង​មន្ត្រី​អង្គការ​អន្តរជាតិនៅពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ចូល​មក​ដល់​កម្ពុជា។ ​នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្ រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លិខិត​របស់​ប្រធាន​គណៈ​កម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ដែល​មាន​ចំណារ​ឯកភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ នេះ​បាន​សរសេរ​ថា៖

«អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​វិធានការ​ចេញ-ចូល​កម្ពុជា​របស់​មន្ត្រី​ការទូត​និង​មន្ត្រី​ជំនាញ​របស់​អង្គការ​អន្តរជាតិ​នានា​ នៅ​ពេល​ដែល​ក្រសួង​សុខាភិបាល​យល់​ថា​ គួរ​តែ​តម្រូវឲ្យ​មាន​ការ​ធ្វើ ​Screening Test​ [ការ​ធ្វើ​តេស្ត​យក​សំណាក] ដូច​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា»។ ​

ការ​ស្នើ​លក្ខខណ្ឌ​តម្រូវ​ថ្មី​ចុង​ក្រោយ​លើ​មន្ត្រី​ការ​ទូត​និង​មន្ត្រី​អង្គការ​អន្តរជាតិ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​សម្រួល​លើ​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​សម្រាប់​ជន​បរទេស​ដែល​ជា​វិនិយោគិន​ ឬ​អ្នក​ជំនួញ បុគ្គលិក​ក្រុមហ៊ុន អ្នក​ជំនាញ​ការ​និង​កម្មករ​ជំនាញ​ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ។​

កន្លង​មក​ គ្រប់​អ្នក​ដំណើរ​ទាំង​អស់​ជា​ជន​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ត្រូវ​តម្រូវ​ឲ្យ​មាន​វិញ្ញា​បនបត្រសុខភាព​ដែល​បញ្ជាក់​ថា ពួកគេ​គ្មាន​កូវីដ​១៩ និង​ត្រូវ​ឲ្យ​មាន​លិខិត​ធានា​ ឬ​ទឹក​ប្រាក់​តម្កល់​យ៉ាង​តិច​២​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា ​លើក​លែង​តែ​មន្ត្រី​ការទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ។​

លិខិត​របស់​លោក ​អូន ព័ន្ធមុនីរ័ត្ន​ បាន​បញ្ជាក់​ទៀត​ថា៖​

«អង្គប្រជុំ​បានឯកភាព​ស្នើ​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដឹកនាំ​ដោយ​ក្រសួងសុខាភិបាលលើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ដោយ​ឡែក​ជា​ការ​ប្រញាប់​ក្នុង​សប្តាហ៍​[ខាង​មុខ]​នេះ​ រួច​រាយ​ការណ៍​គោរព​សុំ​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី»។​

កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ធ្វើ​ដំណើរ​ ១៥ នាក់ទៀត ​ដែល​ជា​ជនជាតិ​ខ្មែរ​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ ក្រោយពួក​គេ​ធ្វើ​ដំណើរ​ពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ និង​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​ មុន​ចូល​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០២០​ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ​១៥៦ ​នាក់ ​ក្នុង​នោះ​១៣៣​នាក់​បាន​ជា​សះស្បើយ​និង​គ្មាន​អ្នក​ស្លាប់៕

XS
SM
MD
LG