ក្រសួងពាក់ព័ន្ធរបស់កម្ពុជាបានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាគ្នាដើម្បីរិះរកការឆ្លើយតបនឹងរដ្ឋាភិបាលវៀតណាម ដែលបានតវ៉ារឿងកម្ពុជាហាមឃាត់ការនាំចូលត្រីពីប្រទេសខ្លួន។
កាលពីខែមករា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ របស់កម្ពុជាបានដាក់ចេញបម្រាមផ្អាកការនាំចូលត្រីដែលកសិករក្នុងស្រុកអាចផលិតបាន ជាពិសេសត្រីនាំចូលពីប្រទេសវៀតណាម។ ក្រសួងបញ្ជាក់ថា កម្ពុជាផ្អាកនាំចូលត្រី ដែលវារីវប្បកម្មផលិតបាន តាមសំណើរបស់វារីវប្បករកម្ពុជា។
ការសម្រេចផ្អាកនេះ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ដែលនាំឱ្យប្រជាជនរាប់ម៉ឺននាក់បាត់បង់ការងារក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា ឆ្នាំមុន បានប្រកាសឱ្យប្រជាពលរដ្ឋងាកមកប្រកបរបរខាងវិស័យកសិកម្មដាំដុះនិងចិញ្ចឹមសត្វវិញ ដូចជាត្រីជាដើម។
ការសម្រេចរបស់ភាគីកម្ពុជាបានធ្វើឱ្យភាគីវៀតណាមមិនពេញចិត្ត។
លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ដោយស្នើឱ្យពិចារណាដកវិធានការហាមឃាត់ការនាំចូលត្រីពីវៀតណាម។
បើតាមលិខិតដែល VOA ទទួលបាន លោករដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម បានបង្ហាញការជំទាស់នឹងបម្រាមនេះ ដែលប៉ះពាល់ដល់ការនាំត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោ ពីវៀតណាមមកកម្ពុជា។
ភាគីវៀតណាមបានបង្ហាញប្រការមួយចំនួននៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្មជាការតវ៉ាទៅនឹងការហាមឃាត់ការនាំចូលត្រីនេះ។
លោក Tran Tuan Anh សរសេរថា៖ «ដូច្នេះ ការហាមឃាត់ការនាំចូលត្រីបួនប្រភេទខាងលើរបស់កម្ពុជា អាចប្រឆាំងនឹងស្មារតីសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization) និងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលប្រទេសយើងទាំងពីរជាសមាជិក»។
មន្ត្រីវៀតណាមរូបនេះបញ្ជាក់ទៀតថា ការផ្អាកការនាំចូលត្រីនេះ «ជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍អ្នកប្រើប្រាស់កម្ពុជា»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ភាគីពាក់ព័ន្ធរបស់កម្ពុជាកំពុងពិភាក្សាគ្នា ហើយមិនទាន់ដឹងថា តើនឹងឆ្លើយតបយ៉ាងដូចម្តេចទៅភាគីវៀតណាមនៅឡើយទេ។
មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជារូបនេះបន្តថា តំណាងពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាបានបញ្ជូនលិខិតលោក Tran Tuan Anh មកឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីកន្លងទៅ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំពិបាកឆ្លើយជូន ណាត់ថ្ងៃ ថាថ្ងៃណា ពីព្រោះយើងត្រូវសិក្សាមើលអំពីអង្គហេតុអីត្រឹមត្រូវទាំងអស់ ហើយឯកសារពាក់ព័ន្ធអីទាំងអស់ ដើម្បីយកមកមើលឆ្លើយតបអីយ៉ាងម៉េចអញ្ចឹង»។
VOA មិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បាននៅឡើយទេ។ លោក វេង សាខុន ជាអ្នកតស៊ូមតិជួរមុខរឿងដាក់បម្រាមនាំចូលត្រីនេះ។
កាលពីឆ្នាំ ២០២០ វិស័យវារីវប្បកម្មកម្ពុជាផលិតទិន្នផល ៤០ ម៉ឺនតោន ដែលតួលេខនេះបង្ហាញពីការកើនឡើងក្នុងអត្រា ៣០% លើសឆ្នាំ ២០១៩ ដែលផលិតបាន ៣០ ម៉ឺនតោន។ នេះបើយោងតាមតួលេខរបស់ក្រសួងកសិកម្ម។
លោក គង់ គឹមហុន អាយុ ៤០ ឆ្នាំ ដែលជាអ្នកចិញ្ចឹមត្រីក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង មានប្រសាសន៍ថា លោកចង់ឱ្យផ្អាកការនាំចូលត្រីពីវៀតណាម ដើម្បីធានាតម្លៃត្រីក្នុងស្រុក។
ប៉ុន្តែ លោកបញ្ជាក់ថាបច្ចុប្បន្ននេះ តម្លៃត្រីឡើងបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែចំណីត្រី ដូចជាកន្ទក់បានឡើងថ្លៃសឹងតែទ្វេដងរួចទៅហើយ។ ដោយសារចំណីត្រីឡើងថ្លៃបែបនេះ អ្នកចិញ្ចឹមត្រីរូបនោះបានផ្អាកការចិញ្ចឹមត្រីយកសាច់លក់ ដោយដូរមកចិញ្ចឹមជាកូនត្រីប្រាសម្រាប់លក់វិញ។
លោកមានប្រសាសន៍ថា៖ «ចំណីត្រីឡើងថ្លៃដូចតែគ្នា។ ដូចមុន មួយគីឡូ[កន្ទក់]តែប្រាំមួយ ប្រាំពីររយ[រៀល]។ ចាប់ផ្តើមឥឡូវ ផ្អើលៗគ្នាទៅចិញ្ចឹមច្រើនពេក កន្ទក់ឡើងថ្លៃមួយគីឡូ ១២០០ [រៀល]មួយគីឡូហើយបានអីចំណេញទៀត ព្រោះឡើងទ្វេគុណហើយ ហើយត្រីឡើងមួយគីឡូតែពីរបីរយហ្នឹង។ យើងម៉េចចំណេញ។ ឃើញតែដូចតែគ្នាហ្នឹង។ ពិបាកដែរហ្នឹង»។
លោកបន្តថា ចំណីត្រីពីវៀតណាមក៏ឡើងថ្លៃពីប្រមាណ ៦ ម៉ឺនរៀលទៅដល់ ៦៥០០០ រៀលក្នុងមួយការ៉ុងផងដែរ។
មេឃុំពាមរក៍ក្នុងខេត្តព្រៃវែង លោក អឿ លុច្ស មានប្រសាសន៍ថា ចំណីត្រីជាកន្ទក់ពិតជាឡើងថ្លៃមែន ប៉ុន្តែលោកមិនដឹងមូលហេតុច្បាស់លាស់នោះទេ។ លោកមិនមានយោបល់អំពីវិធានការរបស់រដ្ឋាភិបាលក្នុងការផ្អាកនាំចូលត្រីពីវៀតណាម ដោយលោកថា ថ្នាក់ក្រោមចាំតែអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា មេឃុំរូបនេះលើកឡើងថា តម្លៃត្រីនៅពេលនេះ មិនឡើងថ្លៃអ្វីគួរឱ្យកត់សម្គាល់នោះទេ បើទោះជាមានការហាមឃាត់ការនាំចូលត្រីពីវៀតណាមក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ត្រីហ្នឹងដូចមិនមានឡើងថ្លៃអីប៉ន្មានទេសព្វថ្ងៃហ្នឹង ដូចជាចិញ្ចឹមត្រីស្រះ ត្រីអីហ្នឹង មិនជាឡើងថ្លៃប៉ុន្មានទេ»។
លោកបន្តថាប្ រជាពលរដ្ឋក្នុងឃុំរបស់លោក ក៏រវល់ធ្វើស្រែប្រាំងនាពេលនេះ ខណៈមានការពង្រីកការចិញ្ចឹមត្រីមួយចំនួន។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា កម្ពុជាគួរតែរក្សាជំហរផ្អាកបណ្តោះអាសន្ន ឬក៏ឈប់នាំចូលផលិតផលត្រី សាច់ ឬផលិតផលផ្សេងៗទៀតពីប្រទេសវៀតណាម ដើម្បីឱ្យកសិករកម្ពុជាអាចលក់ផលិតផលកសិកម្មរបស់ខ្លួនបានតម្លៃសមរម្យ។
លោកប្រាប់វីអូអេថា៖ «បើសិនជានៅតែបន្តបើកឱ្យមានការនាំចូល វានឹងអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្ម និងការលក់ផលិតផលកសិកម្មរបស់កសិករក្នុងស្រុក»។
បើតាមលោក ថេង សាវឿន ប្រទេសវៀតណាមទទួលបានផលច្រើនជាងអ្វីដែលកម្ពុជាអាចទទួលបានពីវៀតណាមក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ដោះដូរផលិតផលកសិកម្មពីគ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងបានបើកឱកាសជាច្រើនឆ្នាំមកហើយក្នុងការលក់ផលិតផលវៀតណាមមកក្នុងប្រទេសកម្ពុជាយើង»។
លោក ថេង សាវឿន ក៏បានជំរុញឱ្យក្រុមហ៊ុនផ្សេងៗវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្មមកធ្វើជាចំណីត្រី ដើម្បីលក់ក្នុងស្រុកនាពេលនេះ ខណៈការចិញ្ចឹមត្រីមានការកើនឡើងក្នុងពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩៕