ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា មិនមានពលរដ្ឋខ្មែរស្លាប់ ឬរងគ្រោះថ្នាក់ឡើយ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ដែលកើតឡើងកាលពីដើមសប្តាហ៍ទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤។
ក្រសួងការបរទេសបញ្ជាក់ថា ក្រសួងនិងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តរបស់គ្រោះធម្មជាតិនេះ និងបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងប្រទេសជប៉ុនផងដែរ។ ក្រសួងការបរទេសកម្ពុជាបន្តថា សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់រដ្ឋាភិបាល និងបានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរជាង ១.៦០០ នាក់ រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន ៦ ) ហើយគិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ពុំមានរបាយការណ៍អំពីពលរដ្ឋខ្មែរបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនេះទេ។ និស្សិតខ្មែរចំនួន ៣ រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន ៥ រូបក្នុងខេត្ត Nigata ត្រូវបានជម្លៀសមកទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយអាជ្ញាធរជប៉ុនជាប្រចាំអំពីស្ថានភាពនេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន JMA ឱ្យដឹងថា កាលពីថ្ងៃចន្ទ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្រិត៧,៥ រិចទ័រ បានកើតមាននៅតំបន់ឆ្នេរសមុទ្រ ភាគកណ្តាលប្រទេសជប៉ុន ដែលបានសម្លាប់មនុស្សយ៉ាងតិច ៦០ នាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP៕
វេទិកាបញ្ចេញមតិ