ភ្នំពេញ —
នៅពីមុខចេតិយមួយដែលមានឆ្លាក់ឈ្មោះ និងមានការដាក់តាំងរូបថតជនរងគ្រោះដោយការវាយប្រហារភេរវកម្ម ដោយគ្រាប់បែកដៃលើហ្វូងបាតករជាកម្មកររោងចក្រកាត់ដេរកាលពី១៧ឆ្នាំមុន មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យនេះបានចង្អុលការទទួលខុសត្រូវទៅលើក្រុមមន្ត្រីកាន់អំណាចនៅក្នុងរដ្ឋាភិបាលសព្វថ្ងៃ។
កាលពីថ្ងៃទី៣០ ខែមិនាឆ្នាំ១៩៩៧ កម្មកររោងចក្រជាច្រើនរយនាក់ដែលភាគច្រើនជាស្ត្រី ហើយដឹកនាំដោយលោកសម រង្ស៊ី បានធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌សង្គម ការដំឡើងប្រាក់ខែ និងលក្ខខណ្ឌល្អប្រសើរនៅក្នុងការងារ។
ប៉ុន្តែជាអកុសល នៅពេលដែលពួកគេកំពុងស្រែកទាមទារនូវអ្វីដែលជាសេចក្តីត្រូវការរបស់ពួកគេនៅមុខអតីតមន្ទីររដ្ឋសភាជាតិក្បែរសួនច្បារមុខវត្តបទុមវដ្តីនោះ មានជនមិនស្គាល់មុខបានវាយប្រហារដោយគ្រាប់បែកដៃចំនួនបួនគ្រាប់លើពួកគេ។ មនុស្សចំនួន១៦នាក់បានស្លាប់ និងជាង១០០នាក់ទៀតរងរបួស។
នៅថ្ងៃនេះគឺ១៧ឆ្នាំគត់ អ្នកទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋនេះមិនត្រូវបានវែកមុខនោះទេ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងពិធីបង្សុកូល និងរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅថ្ងៃនេះ ដោយចោទប្រកាន់ថា អ្នកទទួលខុសត្រូវនៃការគប់គ្រាប់បែកសម្លាប់កម្មកររោងចក្រនោះកំពុងស្ថិតក្នុងអំណាច។
«គឺយើងដឹងច្បាស់ អ្នកណាជាឃាតករ។ ប៉ុន្តែក្នុងថ្ងៃនេះ ដោយសារឃាតករនៅមានអំណាចរឹងមាំនៅឡើយ ដោយសារសង្គមរបស់យើង តុលាការមិនមានយុត្តិធម៌ យើងមិនទាន់ចាប់យកឃាតករទាំងនោះមកផ្តន្ទាទោសឲ្យបានពេញចិត្តវិញ្ញាណក្ខន្ធរបស់វីរៈបាតុករយើងទេ»។
ដោយឡែក លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិលើកឡើងថា មានមេដឹកនាំម្នាក់នៅក្នុងប្រទេសកម្ពុជាជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនានា។ ប៉ុន្តែលោកមិនបានបង្ហាញឈ្មោះចំៗនោះទេ។
«នៅប្រទេសកម្ពុជាមានជនឧក្រិដ្ឋម្នាក់បានសម្លាប់គេលើសលប់ដែរ»។
មនុស្សប្រមាណ១.០០០នាក់បានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះថ្ងៃទី៣០ខែមិនានេះ។
ផ្ទុយទៅវិញ លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឆ្លើយតបមកវិញថា ក្រសួងមហាផ្ទៃនៅតែរក្សាការស៊ើបអង្កេតលើសំណុំរឿងនៃការគប់គ្រាប់បែកលើហ្វូងបាតុករ ដែលជាកម្មកររោងចក្រនេះនៅឡើយ។ ហើយសេចក្តីថ្លែងការណ៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះគឺជាការឆ្លៀតឱកាសនយោបាយ។
«ការចោទប្រកាន់នេះគឺចោទប្រកាន់ក្នុងន័យនយោបាយ។ ដូចព្រឹកនេះគ្រាន់តែយកវេទិកាធ្វើអាជីវកម្មលើវិញ្ញាណក្ខន្ធអ្នករងគ្រោះ ដើម្បីធ្វើជាឡប់ឡែ ឯការណ៍ពិតគឺយកវេទិកាធ្វើនយោបាយ»។
លោកសម រង្ស៊ីបានអះអាងថា តុលាការបារាំងទទួលយកបណ្តឹងស្តីពីការវាយប្រហារដោយគ្រាប់បែកនេះហើយ។ ប៉ុន្តែក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌កម្ពុជាមិនបានសហការក្នុងសំណុំរឿងនេះទេ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិគ្រោងនឹងរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយការវាយប្រហារដោយគ្រាប់បែកដៃថ្ងៃទី៣០ខែមិនាផង និងដើម្បីធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យផង។
ក៏ប៉ុន្តែសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សនេះធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ និងនៅលើសួនច្បារមុខវត្តបទុមវដ្តីនោះទេ។ កងប៉ូលិសបានត្រៀមរថយន្តបាញ់ទឹកចំនួនបួនគ្រឿងសម្រាប់ទប់ទល់ការល្មើសបម្រាមរបស់ខ្លួន។
មានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននៅទីលានប្រជាធិបតេយ្យ និងនៅតាមច្រកចូលនិងលើសួនច្បារនេះ។ មានការឆែកឆេរយ៉ាងតឹងរឹង។
ក្រុមមន្ត្រីសិទ្ធិមនុស្សដែលបានឃ្លាំមើលពិធីសាសនារបស់គណបក្សសង្គ្រោះជាតិបានរាយការណ៍ថា មានការរារាំងប្រជាពលរដ្ឋមួយចំនួនមិនឲ្យចូលរួមពិធីនេះ។
នៅទីបំផុត គណបក្សសង្គ្រោះជាតិបានសម្រេចចិត្តបង្វែរគម្រោងការធ្វើសមាជមហាជននៅសួនច្បារមុខវត្តបទុមទៅធ្វើនៅទីស្នាក់ការរបស់ខ្លួននៅសង្កាត់ចាក់អង្រែខាងត្បូងរាជធានីភ្នំពេញវិញ។ លោកសម រង្ស៊ី និងលោកកឹម សុខាបានដឹកនាំអ្នកគាំទ្ររបស់ខ្លួនរាប់ពាន់នាក់ធ្វើដំណើរដោយថ្មើរជើងពីសួនច្បារនេះទៅកាន់ទីកន្លែងធ្វើសមាជ ពោលគឺអ្នកគាំទ្របានកើនឡើងនៅពេលដែលមេដឹកនាំទាំងពីររបស់គណបក្សជំទាស់បានចុះដើរតាមថ្នល់។
ក្រោយពីសមាជមហាជននោះ គណបក្សសង្គ្រោះជាតិបានរក្សាជំហរទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ដំណាលគ្នានោះដែរ គណបក្សជំទាស់ក៏បានការទាមទារដំឡើងប្រាក់ខែកម្មកររោងចក្រឲ្យដល់១៦០ដុល្លារក្នុងមួយខែ ទាមទារឲ្យដោះលែងអ្នកទោសមនសិកា និងសកម្មជនសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិមនុស្សជាបន្ទាន់ និងបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធបង្រ្កាបការតវ៉ាជាដើម។
នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិក្រោយពីសមាជមហាជន៕