ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ស្ត្រី​នៃ​សង្គម​ស៊ីវិល​គ្រោង​ធ្វើ​យុទ្ធនាការ​ការពារ​«ស្រីមុំ‍»​ពី​ការ​ចោទ​ប្រកាន់​


រូបឯកសារ៖ នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មាន​ក្តី​បារម្ភ​ ចំពោះ​បទចោទ​ប្រកាន់​មក​លើ​នាង​ ស្រី​មុំ​ដែល​ថា ​នាង​បាន​ផ្តល់​សក្ខីកម្ម​​ក្លែង​ក្លាយ​ និង​អាច​មាន​អំពើ​ពេស្យាចារ​ ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​ភេរវកម្ម។

មេដឹកនាំ​សង្គម​ស៊ីវិល​ដែល​មាន​មេដឹកនាំ​ជា​ស្រ្តី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួក​គេ​កំពុង​រក​វិធានការ​ការពារ​នាង​ ខុម​ ចាន់ដារាទី​ ហៅ​«ស្រីមុំ»​ ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​សំណុំ​រឿង​ស្នេហា​លួច​លាក់​ជាមួយ​នឹង​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។

យុទ្ធនាការ​របស់​ពួក​គេ​កើត​មាន​ នៅ​ស្រប​ពេល​ដែល​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ស្នើ​ឲ្យ​លោក​ស្រី​ មូ​ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី និង​កុមារ​ ធ្វើ​ការ​ពិនិត្យ​សំណុំ​រឿង​ស្នេហា​លួចលាក់​នេះ​ ដែល​បាន​អូស​បន្លាយ​ជិត​ពីរ​ខែ​មក​នេះ។

លោក​ស្រី ​ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ ​ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​អភិបាលកិច្ច​សាធារណៈ​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មាន​ក្តី​បារម្ភ​ ចំពោះ​បទចោទ​ប្រកាន់​មក​លើ​នាង​ ស្រី​មុំ​ដែល​ថា ​នាង​បាន​ផ្តល់​សក្ខីកម្មក្លែង​ក្លាយ​ និង​អាច​មាន​អំពើ​ពេស្យាចារ​ ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​ភេរវកម្ម។ លោក​ស្រី​និយាយ​ថា​ ក្រុម​មេដឹកនាំ​នៃ​អង្គការ​សង្គម​ស៊ីវិល ​កំពុង​រក​មធ្យោបាយ​ការពារ​នាង​ ស្រី​មុំ​ ឲ្យ​រួច​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​តាម​រយៈ​ការ​ចោទប្រកាន់​នេះ។

លោកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលកា (SILAKA) ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA លើ​ប្រធានបទ​ស្តី​អំពី «ការ​ចូលរួម​របស់​ស្ត្រី​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​រួម​នៅ​ចុង​ឆ្នាំ២០១៥» កាល​ពី​ថ្ងៃព
លោកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលកា (SILAKA) ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA លើ​ប្រធានបទ​ស្តី​អំពី «ការ​ចូលរួម​របស់​ស្ត្រី​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​រួម​នៅ​ចុង​ឆ្នាំ២០១៥» កាល​ពី​ថ្ងៃព

«រឿង​ដែល​កើត​ហេតុ​មក​នេះ​ គឺ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​ស្រ្តី​ទៅ​លើ​សិទ្ធិ​មនុស្ស​ ហើយ​និង​ជា​ការ​ធ្វើ​ឲ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​របស់​យើង​ ហើយ​បង្កើត​ឲ្យ​មាន​ករណី ដែល​បាន​ធ្វើ​ឡើង​ដោយ​មិន​ត្រូវ​យក​ស្ថាប័ន​រដ្ឋ​យើង​មក​ធ្វើ​ការងារ​អញ្ចឹង​ ធ្វើ​ការងារ​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​អញ្ចឹង​ ហើយ​ធ្វើ​ឲ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម​របស់​យើង។ អញ្ចឹង​ទៅ​ យើង​សុំ​ទាមទារ​ឲ្យ​មាន​ការ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​ល្អ​ទៅ​វិញ»។

រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម​ សុខា​ កំពុង​ត្រូវ​បានយុវជន​ម្នាក់ ​ដែល​តាំង​ខ្លួន​ថា​ជា​និស្សិត​ និង​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា​ ស្រី​ ចំរើន​ តាម​ប្រមាញ់​រក​ខុសត្រូវ​ ដោយ​និស្សិត​រូប​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹងទៅ​កាន់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ ក្នុង​នោះ​មាន​រដ្ឋសភា​ផង​ដែរ។​

និស្សិត​រូប​នេះ​បាន​ដាក់​ញត្តិ​ទៅ​សភា​កាល​ពី​សប្ដាហ៍​មុន ស្នើ​ឲ្យ​លោក​ កឹម សុខា​ បកស្រាយ​រឿងរ៉ាវ​ស្នេហា​នេះ​ផង​ដែរ ​ខណៈ​ដែល​លោក​ កឹម​ សុខា​ បន្ត​ជំហរ​ស្ងៀម​ស្ងាត់​ និង​មិន​តបត​អ្វី​ទាំង​អស់។​

ទោះ​ជា​លោក​ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​បន្ត​រក្សា​ភាព​ស្ងៀម​ស្ងាត់​ក្តី លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​សម្ងំស្ងៀម​អំពី​ករណី​នេះ​ទេ។​

​នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​តាម​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​រវាង​លោក​ សម រង្ស៊ី​ និង​លោក​ស្រី​ មូ សុខហួរ​ ដែល​បាន​ផ្ញើ​មក​កាន់​ VOA​ បាន​ឲ្យ​ដឹង​ថា​ លោក​ សម​ រង្ស៊ី​ បាន​ស្នើ​ឲ្យ​លោក​ស្រី​ មូ សុខហួរ​ ពិនិត្យ​លើ​សំណុំរឿង​អាស្រូវ​ស្នេហា​លួច​លាក់​នេះ។​

លោក ​សម រង្ស៊ី​ បាន​សរសេរ​ទៅ​កាន់​លោកស្រី ​មូ សុខហួរ​ ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​«ខ្ញុំ​គិត​ថា​ អ្នក​និង​ស្រី្ត​រាល់​រូប​ផ្សេងទៀត ដែល​មាន​ការ​រួម​ចំណែក​តម្លៃ​ដូច​គ្នា​ មក​ធើ្វ​ការ​ការ​ពារ​ស្រ្តី​ (ដែល​គេ​សង្ស័យ​ថា​ ជា​ស្រី​កំណាន់​របស់​លោក ​កឹម សុខា)​ ដោយ​សារ​នាង​មិន​មែន​ជា​ឧក្រិដ្ឋជន។​ នាង​គ្រាន់​តែ​មនុស្ស​ម្នាក់​មាន​សេចក្តី​ថ្លៃថ្នូរ​ ដោយ​មិន​ចាំបាច់​គិត​ដល់​អ្វី​ ដែល​នាង​ធ្វើ​ក្នុង​ជីវិត​ឯកជន​របស់​នាង។ នាង​សម​នឹង​មិន​ត្រូវ​បាន​គេ​ឲ្យ​អាម៉ាស់​មុខ​ ធ្វើ​ទារុណកម្ម​ និង​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដូច​អ្វី​ដែល​គេ​កំពុង​ធ្វើ​ដាក់​រូប​នាង​សម្រាប់​តែ​ផល​ប្រយោជន៍​នយោបាយ​ដ៏​គួរ​ឲ្យ​ថោកទាប​ជា​ទីបំផុត»។​

ជា​ការ​ឆ្លើយ​តប​ លោក​ស្រី មូ សុខហួរ​ បាន​ថ្លែង​ថា​ លោកស្រី​មាន​សេចក្តី​តក់​ស្លុត នៅ​ពេល​បាន​អាន​អំពី​រឿងរ៉ាវ​នេះ។​ លោកស្រី​បន្ត​ថា​ ព្រះរាជអាជ្ញា​នឹង​ធ្វើ​ការ​លើ​រឿង​នេះ​ ហើយ​ការងារ​របស់​គាត់​គឺ​ធ្វើ​ការ​ចោទ​ប្រកាន់។​

លោក​ស្រី​បញ្ជាក់​ថា៖​«ដោយសារ​តែ​គណបក្ស​របស់​យើង​បាន​ឲ្យ​យើង​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ខ្ញុំ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។ ឥឡូវ​នេះ​ ខ្ញុំ​នឹង​ធ្វើ​ការ​លើ​រឿង​នេះ​ហើយ»។​

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

នាង ​ខុម​ ចាន់ដារាទី​ ឬ​ស្រីមុំ ដែល​គេ​ចោទ​ថា​ ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា​ នោះ​ ត្រូវ​បាន​លោក​ សៀង សុខ ព្រះរាជ​អាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​កោះ​ឲ្យ​ទៅ​បំភ្លឺ​លើ​«ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​ និង​មាន​អំពើ​ពេស្យាចារ​» កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ និង​សុំ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

ក៏ប៉ុន្តែ​ នាង​បាន​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ ដោយ​សារ​នាង​មិន​ទាន់មាន​មេធាវី​ដើម្បី​ការ​ពារ​ក្នុង​ករណី​ការ​ចោទ​ប្រកាន់​មក​លើ​រូប​នាង​ពី​អង្គភាព​ប្រឆាំង​ភេរវកម្ម​ ដែល​ថា​ នាង​បាន​ផ្តល់​សក្ខីកម្មក្លែងក្លាយ​ និង​អាច​មាន​អំពើ​ពេស្យាចារ។​

ទាក់​ទិន​ការ​ចោទ​ប្រកាន់​នេះ​ លោក ​សម រង្ស៊ី​ បាន​សរសេរ​ទៅ​កាន់លោក​ស្រី ​មូ​ សុខហួរ​ នៅ​ក្នុង​សារ​អេឡិចត្រូនិក​ឆ្លើយ​ឆ្លង​ដាច់​ដោយឡែក​មួយ​ទៀត​ថា​ មិន​មាន​មូលដ្ឋាន​ច្បាប់​ណា​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់​នាង​ទេ។​

លោក​សរសេរ​ថា៖​«នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​នាង ​ធី សុវណ្ណថា មិន​បាន​ចោទ​នាង ​ឬ​កុំ​ថា​ឡើយ ​តែ​អំពើ​ពេស្យាចារ​ តែ​វា​គ្រាន់​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ ដែល​ទំនង​ជា​ទៅ​រួច​ និង​មិន​ប្រយោល​តែ​ប៉ុណ្ណោះ​»។

លោក​បាន​ពន្យល់​អំពី​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ថា​ ការ​ចោទ​បែប​នេះ​អាច​នឹង​ធ្វើ​ទៅ​បាន​ នៅ​ពេល​អ្នក​សម្តែង​ចេញ​អ្វី​មួយ​ជា​សាធារណៈ។​ ប៉ុន្តែ​ ការ​សន្ទនា​ដែល​មាន​ជាប់​ទាក់ទង​នឹង​រឿង​នេះ​គឺជា​រឿង​ឯកជន​ ដែល​ត្រូវ​លួច​ថត និង​ធ្វើ​ឲ្យ​បែក​ធ្លាយ ដោយ​ខុស​ច្បាប់​ពី​អ្នក ​ដែល​បាន​ធ្វើ​រឿង​នេះ​ឲ្យ​ដឹង​ជា​សាធារណៈ និង​គ្មាន​ការ​ដឹង​ឮ​ ឬ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​ស្តាប់​ ឮ​នៅ​ក្នុង​ការ​សន្ទនា​ទាំង​ឡាយ​នោះ។ បន្ទាប់​មក​ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ស្នើ​ឲ្យ​រក​មេធាវី​ម្នាក់​ ដើម្បី​ពង្រឹង​អំណះ​អំណាង​នេះ។

​លោកស្រី មូ សុខហួរ​ បាន​ឆ្លើយតប​ទៅ​លោក​ សម រង្ស៊ី​ ថា​ លោក​ស្រី​បាន​សុំ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ជា​ស្រ្តី​ ចុះ​ទៅ​ផ្ទះ​ស្រី​មុំ​ នៅ​ផ្ទះ​របស់​នាង​ ដើម្បី​ផ្តល់​ឲ្យ​នាង​នូវ​ការ​គាំទ្រ​ខាង​ផ្លូវ​ចិត្ត​ នៅ​មុន​ពេល​នាង​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​សម្រាប់​ការ​សាកសួរ​បន្ថែម។​

ចាប់​តាំង​ពី​លេច​ធ្លាយ​រឿង​ស្នេហា​លួចលាក់​ជាមួយ​លោក ​កឹម សុខា ​នោះ​មក​ នាង​ ខុម​ ចាន់ដារាទី បាន​រក្សា​ជំហរ​ការពារ​ស្អាតស្អំ​របស់​នាង​ និង​បាន​បដិសេធ​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ ក្នុង​នោះ​មាន​ការ​ចោទ​ប្រកាន់​ពី​នាង ​ធី​ សុវណ្ណថា។​

លោកស្រី ​រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា (GADC) បាន​ប្រាប់ VOA ថា មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​២០​អង្គការ បាន​ច្រាន​ចោល​រាល់​ចំណាត់​ការ​ផ្លូវ​ច្បាប់​ ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​ស្រីមុំ។​ លោកស្រី​ថា​ ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព​ សម្រាប់​ការពារ​សិទ្ធិ​សេរីភាព​របស់​ស្រី​មុំ​ ដោយ​មិន​បាន​គិត​ដល់​ដំណើរ​រឿង​ទាក់ទង​រវាង​នាង​ និង​លោក​ កឹម សុខា​ ដែល​ស្ថិត​នៅ​ជា​ក្តី​មន្ទិល​ និង​ជា​រឿង​បុគ្គល​នោះ។​

រូបឯកសារ៖ លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «អំពើហិង្សាលើស្រ្តីនិងកុមារ៖ ការផ្លាស់ប្តូរឥរិយាបទចំពោះអំពើហិង្សា» នៅ​ក្នុងកម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃច័ន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)​
រូបឯកសារ៖ លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «អំពើហិង្សាលើស្រ្តីនិងកុមារ៖ ការផ្លាស់ប្តូរឥរិយាបទចំពោះអំពើហិង្សា» នៅ​ក្នុងកម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃច័ន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖​«គាត់​ដូច​ជា​មិន​មាន​លំនឹង​ថា​ គាត់​នឹង​ទៅ​រក​សេវា​សង្គម​ហ្នឹង​ឲ្យ​ជួយ​ទេ។​ ផ្ទុយ​ទៅវិញ​ គាត់​មាន​តែ​មាន​តែ​សង្គម​ស៊ីវិល​ ហើយ​និង​អង្គការ​សិទ្ធិ​មនុស្ស​អី​ហ្នឹង​ជា​អ្នក​ជួយ​គាត់ ​ហើយ​យើង​នឹង​ប្រឹងប្រែង​ជួយ​ឲ្យ​អស់​លទ្ធភាព​ ហើយ​យើង​ក៏​មិន​ដឹង​ថា​ វា​នឹង​បញ្ចប់​យ៉ាង​ម៉េច ហើយ​វា​នឹង​អាច​មាន​លទ្ធផល​យ៉ាង​ម៉េច​ដែរ។​ យើង​កំពុង​តែ​គិតគូរ​ដូចគ្នា​ ហើយ​យើង​អត់​ដឹង​ថា យើង​មិន​ហ៊ាន​ធានា​ថា​ វា​នឹង​លទ្ធផល វា​នឹង​យ៉ាងម៉េច​ទេ​នៅ​ពេលនេះ»។

លោក​ស្រី​ថ្លែង​ថា​ សេចក្តី​ថ្លែងការណ៍​មួយ​ដែល​នឹង​បញ្ជាក់​ពី​ជំហរ​របស់​សង្គម​ស៊ីវិល​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​នាង​ ខុម​ ចាន់ដារាទី​ ឬ​ ស្រីមុំ នោះ​ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ក្នុង​ពេល​ខាងមុខ​នេះ៕

XS
SM
MD
LG