ក្រុមអង្គការសង្គមស៊ីវិល កម្មករកម្មាការានីរោងចក្រ និងសកម្មជននានាបាននាំគ្នាប្រារព្ធពិធី «យុទ្ធនាការ៨មីនា គាំពារស្ត្រី និងក្មេងស្រីដើម្បីយុត្តិធម៌ទាំងអស់គ្នា» កាលពីថ្ងៃពុធដែលត្រូវជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិផងដែរ នៅឯទីលានប្រជាធិបតេយ្យ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងក្នុងពិធីបើក «យុទ្ធនាការ ៨ មីនា» ថា បញ្ហាប្រឈមរបស់ស្រ្តីដែលកំពុងប្រឈមខ្លាំងជាងគេនោះ គឺអំពើហិង្សា។ អ្នកស្រីបន្ថែមថា អំពើហិង្សាតែងតែកើតឡើងពីសំណាក់អាជ្ញាធរ ក្នុងគ្រួសារ និងក្នុងចំណោមសាធារណៈជនជាដើម។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងយើងចង់យកឱកាសនេះនៅថ្ងៃនេះ ក៏លើកទឹកចិត្តដល់សាធារណៈជនទាំងឡាយ ឱ្យចូលរួមចំណែកក្នុងការគាំពារ ហើយគាំពារនេះ នៅពេលដែលយើងឃើញជនរងគ្រោះណាម្នាក់គាត់ប្រឈម យើងត្រូវចូលរួមគាំទ្រ ចូលរួមដោះស្រាយ បើយើងស្ងាត់ស្ងៀម យើងក៏បានគាំទ្រទង្វើទាំងអស់ហ្នឹងដែរ»។
នាយិកាមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជារូបនេះ ក៏លើកឡើងពីករណីស្ត្រីជាអ្នកសារព័ត៌មានត្រូវបានគេបៀតបៀនលើបណ្តាញសង្គម បើទោះបីជាមានការស្នើពីអង្គការសង្គមស៊ីវិលទៅក្រសួងពាក់ព័ន្ធក្តី ប៉ុន្តែបែរជាគ្មានចំណាត់ការអ្វីឡើយ។ អ្នកស្រីបន្តថា សកម្មភាពទាំងនេះ គឺផ្ទុយពីអ្វីដែលរដ្ឋាភិបាលបានអះអាងថា ដើម្បីរក្សាភាពថ្លៃថ្នូររបស់ស្រ្តី។
អ្នកស្រីថ្លែងថា៖ «នេះវាផ្ទុយពីការបេ្តជ្ញាទាំងស្រុងរបស់អាជ្ញាធរ របស់រដ្ឋាភិបាល ដែលកន្លងមកបានអះអាងថា យើងត្រូវធ្វើកិច្ចការដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់ស្រ្តី ប៉ុន្តែសួរថា សេចក្តីថ្លៃថ្នូររបស់ស្រ្តីនៅទីណា បើសិនជានៅពេលដែលស្រ្តីមួយរូបត្រូវបានគេប្រមាថ ត្រូវបានប្រើពាក្យដែលជាអសុរោះមែនទែន ហើយយើងទាំងអស់គ្នាមិនបានចាត់វិធានការ ហើយបែរជាសាទរ ហើយរហូតដល់មានការ តាមខ្ញុំឮ មានការជប់លាងអីទៀត។ នេះជារឿងមួយអសីលធម៌ អមនុស្សធម៌មែនទែន នេះគ្រាន់រឿងមួយដែរខ្ញុំចង់លើក»។
កាលពីថ្ងៃអង្គារ ទី៧ ខែមីនា រដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី ១១២ នៅវិមានសន្តិភាព ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
លោក ហ៊ុន សែន ក៏បានបង្ហាញក្តីបារម្ភរបស់លោក ចំពោះករណីកើនឡើងនៃអំពើហិង្សាលើស្ត្រី ជាពិសេសអំពើហិង្សាក្នុងគ្រួសារដែលមានឈានដល់ករណីសម្លាប់ស្ត្រីជាភរិយាជាដើម។
លោកថ្លែងថា៖ «សូមអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី»។
លោកក៏បានបញ្ជាក់ផងដែរថា គោលដៅធំនិងជាអាទិភាពរបស់រដ្ឋាភិបាល គឺការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ៕