ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលបានពិភាក្សាគ្នាដើម្បីប្រមូលនូវអនុសាសន៍នៅថ្ងៃច័ន្ទនេះសម្រាប់ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ក្នុងគោលដៅដើម្បីធានាដល់ការបោះឆ្នោតមួយសេរីនិងយុត្តិធម៌។
ក្នុងកិច្ចប្រជុំដែលចូលរួមដោយតំណាងអង្គការឃ្លាំមើលការបោះឆ្នោតនិងគណបក្សជំទាស់ចំនួនពីរ គឺគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី ក្រុមអង្គការក្រៅរដ្ឋាភិបាលបានរៀបចំនូវអនុសាសន៍ចំនួន១៦ចំណុចនៅក្នុងនោះមានការរៀបចំនូវយន្តការសម្រាប់ការឃោសនាបោះឆ្នោត និងការដាក់ស្លាកសញ្ញាគណបក្សនយោបាយ រួមទាំងយន្តការត្រួតពិនិត្យបុគ្គលិកសម្រាប់ការរៀបចំការបោះឆ្នោត និងប្រចាំស្ថានីយ៍បោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថាខុមហ្វ្រែលមានប្រសាសន៍ថា ការជ្រើសរើសបុគ្គលិកបោះឆ្នោតនេះផ្តោតទៅលើមន្ត្រីថ្នាក់មូលដ្ឋានតែប៉ុណ្ណោះ។
«នេះទាក់ទិនទៅនឹងមន្ត្រីនៅថ្នាក់ក្រោម ថ្នាក់ខេត្តគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំសង្កាត់ និងមន្ត្រីការិយាល័យបោះឆ្នោត»។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលភាគច្រើនចង់ឲ្យមានតំណាងរបស់ខ្លួន ចូលរួមនៅក្នុងគណៈកម្មាធិការជ្រើសរើសបុគ្គលិកបោះឆ្នោតនៅតាមមូលដ្ឋាន។ ក៏ប៉ុន្តែតំណាងរាស្ត្រមកពីគណបក្សសិទ្ធិមនុស្ស និងលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថានិកហ្វិកជំទាស់ទៅនឹងការលើកឡើងនេះ ដោយចាត់ទុកថាការចូលរួមនៅក្នុងការសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល នៅក្នុងការជ្រើសរើសបុគ្គលិកបោះឆ្នោតនៅមូលដ្ឋាន នឹងនាំឲ្យមានផលវិបាកផ្នែកហិរញ្ញវត្ថុ និងភាពស្មុគស្មាញនៅក្នុងអង្គការសង្គមស៊ីវិលដែលមានចំនួនច្រើនរហូតទៅដល់រាប់ពាន់។
លោក ហ៊ូ វ៉ាន់ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី បានស្នើឲ្យមានយន្តការផ្តល់ឱកាសឲ្យមានការឃោសនាបោះឆ្នោតឲ្យបានត្រឹមត្រូវទៅដល់គ្រប់គណបក្សនៅតាមបណ្តាទីផ្សារនានា។
«រឿងហ្នឹងការលើកស្លាក កុំឲ្យមានការរើសអើងទាល់តែសោះ ហើយសុំឲ្យមានការចូលផ្សារ សុំឲ្យមានកាលវិភាគ»។
សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងគណបក្សនៅក្រៅរដ្ឋាភិបាលធ្លាប់បានរិះគន់អំពីការជ្រើសរើសបុគ្គលិកបម្រើការនៅក្នុងការបោះឆ្នោតនៅតាមមូលដ្ឋានដែលមានភាពលំអៀង ហើយភាគច្រើនគឺជាសមាជិករបស់គណបក្សកាន់អំណាច។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្រូវឲ្យសង្គមស៊ីវិល ឬគណបក្សនយោបាយនានាផ្តល់អនុសាសន៍របស់ខ្លួនដើម្បីរៀបចំបទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោតយ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣នេះ។
លោក ទេព នីថា អគ្គលេខាធិការគជប បញ្ជាក់ថា គជប នឹងសិក្សាទៅលើអនុសាសន៍ទាំងនោះ បន្ទាប់មកនឹងបើកកិច្ចប្រជុំជាមួយនឹងគណបក្សនយោបាយ និងសង្គមស៊ីវិល ដើម្បីពិភាក្សាគ្នា។
«បន្ទាប់មកបានយើងរៀបចំឯកសារជាថ្មីម្តងទៀត តាមលទ្ធផលនៃការប្រជុំ ដាក់ជូនគជប សម្រេចដើម្បីបញ្ចូល ឬមិនបញ្ចូលក្នុងបទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣នេះ»។
ប្រទេសកម្ពុជា គ្រោងនឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕