ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតនិងសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាជំរុញឲ្យ គណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ទទួលយកសំណើកែទម្រង់គោលការណ៍បោះឆ្នោតខ្លះដែលអាចជួយឲ្យស្ថាប័ននេះមានឯករាជ្យភាពស្វ័យភាពនិងប្រសិទ្ធភាពពិតប្រាកដ។ ការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលយ៉ាងដូច្នេះកើតឡើងក្រោយពេលដែលមេដឹកនាំកំពូលរបស់គណបក្សទាំងពីរបានជួបគ្នាហើយនឹងបានអះអាងថា ដំណើរការចរចាបានបញ្ចប់ជិត១០០ភាគរយហើយនោះ។
ប៉ុន្មានថ្ងៃដែលការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិត្រូវគេដឹងថា សឹងតែបញ្ចប់១០០ភាគរយ ហើយគ្មានលទ្ធផលត្រូវគេបញ្ជាក់ឲ្យដឹងយ៉ាងណានោះ ក្រុមអង្គការសង្គមស៊ីវិលនានានិងសម្ព័ន្ធកែទម្រង់ការបោះឆ្នោតហៅកាត់ថា ERA ដែលមានក្រុមអង្គការឯករាជ្យជាច្រើនជាសមាជិក បានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារអំពីគោលការណ៍មួយចំនួនដែលគណបក្សទាំងពីរអាចធានាបានឯករាជ្យភាព ស្វ័យភាព និងប្រសិទ្ធភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។
បញ្ហាទាំងនោះរាប់បញ្ចូលទាំងការដែលត្រូវមានអំណាចជ្រើសរើសមេដឹកនាំ និងអគ្គលេខាធិការ បុគ្គលិក កែប្រែច្បាប់ នីតិវិធី ដំណើរការ និងនីតិវិធីរបស់ខ្លួន មានអំណាច តួនាទីគ្រប់គ្រង ចាត់ចែងការចុះឈ្មោះបោះឆ្នោត បង្កើតយន្តការ ឯករាជ្យ ដោះស្រាយជម្លោះ គ្រប់គ្រងប្រព័ន្ធឃោសនា សន្តិសុខក្នុងពេលបោះ ឆ្នោត រារាំងមិនឲ្យមានជម្លោះក្នុងពេលបោះឆ្នោត និងលទ្ធផលបោះឆ្នោត ចាត់ចែងថវិកាដោយខ្លួនឯង មានការដាក់បញ្ចូលស្ត្រី និងយុវជនក្នុងគ្រប់លំដាប់ថ្នាក់គ.ជ.ប. ហើយលក្ខខណ្ឌនៃការជ្រើសរើសត្រូវបើកទូលាយដល់ជនជាតិខ្មែរដែលមានសញ្ជាតិពីរផងដែរ។
លោកស្រីធីតា ឃិះ នាយិកាអង្គការ SILAKA ដែលអង្គការលោកស្រីមួយផ្នែក ធ្វើការទាក់ទងនឹងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងឆាកនយោបាយ បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលបានជជែកគ្នាច្រើនដើម្បីធ្វើយ៉ាងណាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានភាពឯករាជ្យ។
«អញ្ចឹងទៅក្នុងការឯករាជ្យគឺឯករាជ្យទាំងការចាត់ចែង ការរៀបចំ ទាំងថវិកា ដែលគាត់ត្រូវចាយ និងការធ្វើការសម្រេចចិត្ត ធ្វើយ៉ាងណាឲ្យមានតុល្យភាព ហើយឲ្យមានភាពឯករាជ្យ កុំឲ្យមានការជ្រៀតលូកដៃចូលពីខាងគណបក្សនយោបាយ។ ហើយគណបក្សនយោបាយ យើងនិយាយទាំងពីរគឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនផងដែរ ដែលគាត់អាចមាននិន្នាការលូកដៃចូលក្នុងហ្នឹង»។
លោកស្រីបានដកស្រង់បញ្ហាទាំងនោះត្រួសៗមកបញ្ជាក់ថា បន្ថែមពីនេះគណបក្សទាំងពីរត្រូវឲ្យគ.ជ.ប.មានថវិកាខ្លួនឯង មានការជ្រើសរើសអគ្គលេខាធិការដោយខ្លួនឯងនិងរៀបចំរចនាសម្ព័ន្ធខ្លួនឯង ហើយគ.ជ.ប.នៅមានប្រព័ន្ធដែលអាចឲ្យប្រជាពលរដ្ឋតាមដានមើលការប្រព្រឹត្តទៅនៃការបោះឆ្នោត។
«ពីព្រោះធ្វើយ៉ាងណាដើម្បីកុំឲ្យដើរតាមគន្លងចាស់ដែលធ្វើឲ្យមានការរាំងស្ទះ ក្នុងពេលដែលមានការរៀបចំបោះឆ្នោត ដែលធ្វើឲ្យទាំងប្រជាពលរដ្ឋនិង គណបក្សដែលចាញ់ឆ្នោតហ្នឹង ធ្វើការបដិសេធ មិនព្រមទទួលលទ្ធផលនៃការបោះឆ្នោត»។
លោកស្រីបន្ថែមថា សង្គមស៊ីវិលនឹងតាមដានបន្តទៀត ចំពោះរឿងឯករាជ្យភាព របស់គ.ជ.ប.នេះទន្ទឹមគ្នាដែលគេមើលឃើញថា មានការស្រុះស្រួលគ្នារវាង គណបក្សទាំងពីរ ហើយបញ្ហាលម្អិតមិនទាន់ដឹងថា យ៉ាងណានោះ។ លោកស្រីបានបន្ថែមថា បញ្ហាមានពីរ ទី១គឺការរៀបចំគ.ជ.ប.ឲ្យមានប្រសិទ្ធភាព និងការកែទម្រង់បទបញ្ជាផ្ទៃក្នុងនិងដំណើរការប្រព្រឹត្តទៅរបស់រដ្ឋសភាដើម្បីឲ្យរដ្ឋសភានេះក្លាយជាតំណាងនឹងដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋនិងប្រព័ន្ធផ្ទៀងផ្ទាត់មួយ។
វីអូអេបានព្យាយាមទាក់ទងក្រុមមន្ត្រីគណបក្សទាំងពីរដើម្បីសុំការអត្ថាធិប្បាយបំភ្លឺ តែពុំអាចទាក់ទងបានទេ កាលពីល្ងាចថ្ងៃអង្គារ ដោយទូរស័ព្ទរបស់ពួកអស់លោកបានបិទ។
គណបក្សទាំងពីរជាប់គាំងផ្នែកនយោបាយនិងខកខានក្នុងការបង្កើតសភា និងរដ្ឋាភិបាលស្របតាមច្បាប់ពេញលេញរយៈពេលជិត១ឆ្នាំ ក្រោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៣ ដែលមានការចោទប្រកាន់ថា មានការគៃបន្លំនោះ។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ឈ្មោះថា NICFEC បានថ្លែងថា បញ្ហាឯករាជ្យនៃគ.ជ.ប.ជារឿងចាំបាច់ណាស់ សម្រាប់កម្ពុជា ដែលគណបក្សទាំងពីរមិនគួរគិតគូពីផលប្រយោជន៍គណបក្សធំជាងផលប្រយោជន៍ជាតិនោះទេ។
«បើសិនជាមានការចាប់ផ្តើមយ៉ាងនេះហើយ ខ្ញុំគិតថា មានចំណុចផ្សេងៗទៀត ដែលវាធ្វើឲ្យប៉ះពាល់ភាពសេរី ត្រឹមត្រូវនិងយុត្តិធម៌នៃការបោះឆ្នោត ជាពិសេស គណបក្សទាំងពីរ លោកផ្តោតអារម្មណ៍ទៅលើផលប្រយោជន៍គណបក្សធំជាង ផលប្រយោជន៍ជាតិ។ គណបក្សទាំងអស់សុទ្ធតែចង់គ្រប់គ្រងគ.ជ.ប.ឲ្យស្ថិត ក្រោមឆ័ត្ររបស់ខ្លួន ឬក្រោមបញ្ជារបស់ខ្លួន»។
លោកបានបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលចង់ឃើញគ.ជ.ប.មួយកើតឡើង ដោយឯករាជ្យ ដោយលើកទឹកចិត្តឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នាដោយ ភាពអត់ធ្មត់គឺមិនមែនបង្កការរាំងស្ទះការវិវត្តនៃដំណើរការបោះឆ្នោតទេ។
«អញ្ចឹង បើជ្រុលជាបានគ.ជ.ប.បែបនេះហើយ គួរតែបង្កើតច្បាប់និងយន្តការមួយច្បាស់លាស់ទៀត ដើម្បីរៀបចំមាគ៌ាឲ្យអ្នកទាំង៩នាក់ ដែលភាគច្រើនជាមនុស្សរបស់គណបក្សនោះ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីមួយច្បាស់លាស់ ហើយត្រូវមានការដាក់ទណ្ឌកម្មផងដែរ ដើម្បីឲ្យពួកគាត់ដើរឲ្យចំនិងត្រង់ផ្លូវ ពីព្រោះគំនិតអ្នកនយោបាយ ទោះបីជាដឹងថា ធ្វើហ្នឹងខុសក៏ដោយ ប៉ុន្តែនៅតែ ព្យាយាមធ្វើដើម្បីផលប្រយោជន៍បក្សខ្លួន»។
លោកអំពាវនាវឲ្យមានការដាក់ពិន័យដល់សមាជិកគ.ជ.ប.ផងដែរដើម្បីឲ្យពួកគេខំប្រឹងធ្វើការក្នុងការរក្សាកិត្តិយសខ្លួនឯងផងនិងអព្យាក្រិត្យភាពរបស់គ.ជ.ប.ផង។
ទោះជាយ៉ាងណា លោកក៏បានអះអាងបន្តថា លោកឃើញពីការរីកចម្រើនច្រើន មែន ដូចជាការសន្យាឲ្យកើតមានស្ថានប័នគ.ជ.ប.ថ្មីក្នុងខែកុម្ភៈ តុល្យភាពប្រព័ន្ធ ផ្សព្វផ្សាយសម្រេចឲ្យគណបក្សជំទាស់មានវិទ្យុ ទូរទស្សន៍ ការបង្កើតឲ្យមាន ក្រុមភាគតិចក្នុងសភា អគ្គលេខាធិការគ.ជ.ប.ថ្មីត្រូវអនុម័ត ដោយគ.ជ.ប.ខ្លួនឯងដោយមតិភាគច្រើនដាច់ខាតឬ៥០ភាគរយបូក១។ ក្នុងបរិបទនេះ អ្វីដែល លោកព្រួយបារម្ភគឺថា បើទោះជាសមាជិកទាំង៩រូបរបស់គ.ជ.ប.ត្រូវសម្រេចគ្រប់ កិច្ចការមែន តែបើប្រធានគ.ជ.ប.មិនចុះហត្ថលេខាទេនោះ នោះក៏មិនអាចកើតឡើង ឬដំណើរការបានដែរទាក់ទងនឹងការតែងតាំង និងដំណើរការនានាក្នុងស្ថាប័នគ.ជ.ប.នោះ៕