ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពល​រដ្ឋ​កម្ពុជា​ចង់​ឃើញ​ព័ត៌មាន​ពិត​អំពី​សង្គម​តាម​កញ្ចក់​ទូរទស្សន៍​


លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​វិភាគទាន​ពី​ព្រះសង្ឃ​ ដើម្បី​ទ្រទ្រង់​ការផ្សព្វផ្សាយ​ទូរទស្សន៍​ «ព្រះ​អាទិត្យ» នៅ​ឯ​ទីស្នាក់ការគណបក្សនេះ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​វិភាគទាន​ពី​ព្រះសង្ឃ​ ដើម្បី​ទ្រទ្រង់​ការផ្សព្វផ្សាយ​ទូរទស្សន៍​ «ព្រះ​អាទិត្យ» នៅ​ឯ​ទីស្នាក់ការគណបក្សនេះ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ ជាពិសេស​ទូរទស្សន៍​ជាច្រើនផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​នោះ​ ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា ​ពួក​គេ​ចង់​ទទួល​បានព័ត៌មាន​ទាក់ទងបញ្ហា​សង្គម​ ដែល​ជា​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ច្រើន​ជាង។​

អង្គុយ​នៅ​លើ​រឺម៉ក​ចាំ​ភ្ញៀវ លោក​ផៃ​ សុភ័ណ​ ជា​អ្នក​រត់​រឺម៉ក​កង់​បី​បាន​និយាយ​ថា​ លោក​មិន​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​កំពុង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍​សព្វ​ថ្ងៃ​នេះ​ទេ។ ​លោក​និយាយ​ថា​ ​ព័ត៌មានអំពី​បញ្ហា​សង្គម​ ដូច​ជា​ការ​រំលោភ​ដី​ធ្លី និង​សិទ្ធិ​មនុស្ស​ជាដើម​ ត្រូវ​បាន​បិទ​បាំង។​

«ទូរទស្សន៍​ហ្នឹង​អត់​បាន​យក​ព័ត៌មាន​ហ្នឹង​ទៅ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ដឹង​ទូលំទូលាយ​ទេ​ បែរ​ជា​មាន​ការ​បិទបាំង​ទៅ​វិញ​ ហើយ​បញ្ចាំង​តែ​រឿង​សមិទ្ធ​ផល​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ហ្នឹង»។​

គណបក្ស​សង្គ្រោះ​ជាតិ ដែលជាគណបក្សជំទាស់ បាន​រិះ​គន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​រឿយៗ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

កាល​ពីខែ​កក្កដា​ ឆ្នាំ​២០១៤កន្លង​ទៅ​ រដ្ឋាភិបាល​កម្ពុជាបាន​យល់​ព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​គណបក្ស​ជំទាស់​នេះ​បង្កើត​ស្ថានីយ​ទូរទស្សន៍​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​នេះ។​ ការ​អនុញ្ញាត​នេះ​កើត​មាន​ឡើង​ ​បន្ទាប់​ពី​មាន​ការ​ចរចានយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​និង​លោកសម រង្ស៊ី​ប្រធាន​គណ​សង្គ្រោះ​ជាតិដើម្បី​បញ្ចប់​វិបត្តិ ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ​២០១៣។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្សព្វ​ផ្សាយ​ថា​ ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​ដែល​មាន​ឈ្មោះ​ថា «ព្រះ​អាទិត្យ»​នឹង​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​មុន​ដំណាច់​ឆ្នាំ​២០១៥​នេះ​ ដោយ​ត្រូវ​ការ​ថវិកា​៣​លាន​ដុល្លារ​សម្រាប់​ដំណើរការ​នៅឆ្នាំ​ទី​មួយ។

លោក ​យ៉ែម​ បុញ្ញឫទ្ធិ​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បនុ្ន​នេះ​ទូរទស្សន៍​ព្រះ​អាទិត្យ​មាន​ក្រុមហ៊ុន​ចំនួន​៣​ទទួល​បន្ទុក​ក្នុង​ដំណើរ​ការ​រៀបចំ​ ដែល​ក្នុង​នោះ​រួម​មាន​ការ​ធ្វើ​អាជ្ញាបណ្ណ​ដើម្បី​ធ្វើ​អាជីវកម្ម​ទូរទស្សន៍ ​ការ​ផលិត​កម្មវិធី​ និង​ផ្សព្វផ្សាយ​ ហើយ​នឹង​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ។​

«ទូរទស្សន៍​ព្រះ​អាទិត្យ​យើង​ផ្តោត​សំខាន់​ទៅ​លើ​ព័ត៌មាន​ពិត​ពី​សង្គម​ ពី​សហគមន៍​ ពី​ព្រោះ​ជា​ទូរទស្សន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល»។​

លោក​បាន​បន្ថែម​ទៀត​ថា​ ទូរទស្សន៍​ព្រះ​អាទិត្យ​នេះ​ក៏​ផ្តោត​លើ​ការអប់រំ​ផង​ដែរ​ ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ និង​ប្រាជ្ញា​មូលដ្ឋាន​ ​សម្រាប់​វិភាគ​បញ្ហា​មូលដ្ឋាន សម្រាប់​វិភាគ​បញ្ហា​សង្គម​ និង​ជំរុញឲ្យ​មាន​ភាព​ជឿន​លឿន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

លោក​វណ្ណា​ ជា​និស្សិត​មួយ​រូប​ដែល​កំពុង​សិក្សា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ផ្តល់​មតិយោបល់​អំពីការ​ផ្សាយ​របស់​ទូរទស្សន៍ថា៖ ​«ធម្មតា​ក្នុង​នយោបាយ​វា​មាន​គណបក្ស​ប្រឆាំង​ គណបក្ស​មិន​ប្រឆាំង​ ហើយ​អញ្ចឹង​ខ្ញុំ​គិត​ថា ​បើ​គណបក្ស​ប្រឆាំង​និងគណបក្ស​កាន់​អំណាច​មាន​ប៉ុស្តិ៍​ទូរទស្សន៍​អី​ដូច​គ្នា​ ក៏​វា​ល្អ​ មើល​ទៅ​ ពី​ព្រោះ​វា​អាច​រិះ​គន់​ ឬ​មួយ​ក៏​ថា​ ឲ្យ​គ្នា​ចំៗ​ ជាក់​ស្តែង​ទៅ​តាម​ប្រជាជន​មើល​ឃើញ»។​

លោក​សុភ័ណ​ អ្នក​រត់​រឺម៉ក​កង់​បី បាន​និយាយ​ទៀត​ថា​ លោក​មាន​ការ​សាទរ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​ជំទាស់​អាច​ដំណើរ​ការទូរទស្សន៍​របស់​ខ្លួន​ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិត​អំពី​បញ្ហា​សង្គម​ នយោបាយ​ និង​សេដ្ឋ​កិច្ច​ជាដើម។​

«ស៊ី​សង​តាម​ខ្ញុំ​ទស្សនា​តាមទូរទស្សន៍​ហ្នឹង​មើលថា​ ព័ត៌មាន​ហ្នឹង​វា​ឯករាជ្យ​អត់ បើ​ថា ​លម្អៀង​តែ​ម្ខាង​ វា​ដូច​តែ​គ្នា»។​

លោក​កែម​ ឡី​ ​អ្នក​ស្រាវជ្រាវ​កិច្ចការ​អភិវឌ្ឍន៍​សង្គមនិយាយ​ថា​ ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ព័ត៌មាន​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​នយោបាយ​គឺ​មិន​ល្អ​សម្រាប់ដំណើរការ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ លោក​ស្នើ​ឲ្យ​មានការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​ព័ត៌មាន​ ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការរៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​គណបក្ស​នីមួយៗ។​

«សំខាន់​នៅ​ក្នុង​សភា​៥៥​នាក់​ហ្នឹង​គឺ​ជជែក​ជាមួយ​រដ្ឋាភិបាល​ ធ្វើ​ម៉េច​ឲ្យ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​ ឬ​ក៏​ឯកជន​នានា​ហ្នឹង​ ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ ​ដោយ​ឯករាជ្យ​ ហើយ​បង្កើត​គណៈ​កម្មការ​ក្រម​សីលធម៌​ ដើម្បី​ត្រួត​ពិនិត្យ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​នា​ពេល​ថ្មីៗ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​ផ្សព្វ​ផ្សាយរក​វិភាគទាន​ពី​សប្បុរសជន​ និង​អ្នក​គាំទ្រ​ដើម្បី​ទ្រទ្រង់​ការ​ផ្សព្វ​ផ្សាយ​ទូរទស្សន៍​ព្រះ​អាទិត្យ​ តាម​រយៈ​ការ​ឧបត្ថម្ភ ​ឬ​ការធ្វើ​អាជីវ​កម្ម។​

ការ​ទទួល​វិភាគ​ទាន​នេះ​នឹងចាប់​ទទួលពី​ថ្ងៃ​សៅរ៍​នេះ​ត​ទៅ​ នៅ​ទីស្នាក់ការ​គណបក្សក្រោម​អធិបតី​ភាព​របស់​លោក​សម រង្ស៊ី​ និង​លោក​កឹម​ សុខា​ ប្រធាន ​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​នេះ៕

XS
SM
MD
LG