ភ្នំពេញ៖ តុលាការខេត្តកណ្តាលបានសម្រេចផ្តន្ទាទោសស្ត្រីជនជាតិចិនម្នាក់ទៀតឲ្យជាប់ពន្ខនាគាររយៈពេលបីខែនិងពិន័យជាប្រាក់ចំនួន២លានរៀលគឺប្រមាណ៥០០ដុលា្លពីបទធ្វើឲ្យខូចខាតដោយចេតនានូវរូបព្រះឆាយាល័ក្ខណ៍សម្តេចឪរោត្តមសីហនុក៏ប៉ុន្តែទោសនេះត្រូវបានព្យួរ។ នេះបើតាមការបញ្ជាក់របស់លោកលឹម សុគន្ថាដែលជាប្រធានចៅក្រមជុំនំជុំរះនៃតុលាការខេត្ត។
«ពីព្រោះគាត់បាននិយាយថា បានយកក្រដាសមកគ្រញីឲ្យខូចមែន។ ហើយតាមច្បាប់មាត្រា៤១០យើង ក្រមព្រហ្មទណ្ឌគេបាននិយាយ ពីព្រោះក្រដាសហ្នឹងជារបស់កម្មករ។ អញ្ចឹងគាត់កញ្ជក់ក្រដាសឲ្យរហែកអញ្ចឹងធាតុផ្សំបទល្មើសមានគ្រប់គ្រាន់យើងធ្វើតាមច្បាប់»។
អាជ្ញាធរនគរបាលខេត្តកណ្តាលកាលពីថ្ងៃកាលពីថ្ងៃពុធកន្លងទៅនេះបានចាប់ជនជាតិចិនម្នាក់ឈ្មោះ លី គុយស៊ាង អាយុ៥០ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្នែកកាត់ដេរសម្លៀកបំពាក់នៅរោងចក្រអ័រគីដេថ្មី ដែលមានទីតាំងនៅស្រុកអង្គស្នួលខេត្តកណ្តាល។
ដើមចមដែលនាំទៅរកការចាប់ខ្លួនជនជាតិចិនរូបនេះបានកើតមានឡើងខណៈដែលស្រ្តីជនជាតិចិនបានយករូបព្រះឆាយល័ក្ខណ៍របស់សម្តេចឪនៅក្នុងព្រះចន្ទពេលកម្មករកំពុងមើលយកទៅឈ្លីកម្ទេចចោល។
ក្រុមកម្មករបានខឹងនឹងជនជាតិចិននោះ ក៏កើតមានអំពើហិង្សានៅក្នុងរោងចក្រតែមិនមានភាពធ្លន់ធ្ងរទេ។ ក្រោយមកស្ត្រីជនជាតិចិនបានសំពះសុំទោសចំពោះមុខរូបព្រះឆាយល័ក្ខណ៍សម្តេចឪដែលបានដាក់តាំងក្នុងរោងចក្រ។
នៅក្នុងបន្ទុបសវនាការអ្នកស្រីលី គុយស៊ាងបានឆ្លើយសារភាពថា អ្នកស្រីពិតជាបានយករូបថតដែលមានព្រះឆាយល័ក្ខណ៍សម្តេចឪមកឈ្លីចោលមែនដោយសារតែអ្នកស្រីខឹងនឹងកម្មករនៅពេលដែលពួកគេយករូបព្រះឆាយល័ក្ខណ៍ព្រះអង្គមកមើលក្នុងពេលម៉ោងកំពុងធ្វើការ។
សាក្សីកម្មការីនីចំនួនបួននាក់បានប្រាប់តុលាការថា ដោយសារតែស្រ្តីជនជាតិចិនបានប្រព្រឹត្តកំហុសតិចតួចពួកគេស្នើសុំឲ្យតុលាការបន្ទូរបន្ថយទោស។ នេះបើតាមការបញ្ជាក់របស់លោកចៅក្រមលឹម សុគន្ថា។
យ៉ាងតិចមានស្ត្រីជនជាតិចិនចំនួនពីរនាក់ហើយត្រូវបានតុលាការកម្ពុជាសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ឋនាគារពីបទប្រមាថដល់រូបព្រះឆាយល័ក្ខណ៍របស់សម្តេចឪក្នុងខណៈដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមកាន់ទុក្ខនៃការសោយទិង្គតសម្តេចឪ។
កាលពីថ្ងៃពុធរដ្ឋាភិបាលកម្ពុជាបានសម្រេចបណ្តេញស្ត្រីជនជាតិចិនម្នាក់ឈ្មោះវ៉ាង ស៊ាជូចេញពីកម្ពុជាបន្ទាប់ពីតុលាការរកឃើញថា អ្នកស្រីមានទោសហែករូបព្រះឆាយល័ក្ខណ៍របស់សម្តេចឪ។ អ្នកស្រី វ៉ាង ស៊ាជូ ដែកជាអ្នកមើលការខុសត្រូវរោងចក្រថបវើលហ្គាមែន ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ឋនាគាររយៈពេលមួយឆ្នាំ ក៏ប៉ុន្តែទោសនេះត្រូវបានព្យួរ និងសម្រេចឲ្យបណ្តេញចេញពីប្រទេសកម្ពុជា។
សម្តេចឪនរោត្តម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា នៅទីក្រុងប៉េកាំងប្រទេសចិនដោយជំងឺគាំងប៉េះដូងក្នុងព្រះជន្ម៩០ព្រះវស្សា។
ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានសម្ដែងការសោកស្តាយយ៉ាងពន់ពេក និងប្រជាពលរដ្ឋរាប់សែននាក់បានចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចឪនៅពីមុខព្រះបរុមរាជវាំង។ ព្រះបរមសពសម្តេចឪគ្រោងនឹងធ្វើព្រះរាជពិធីបូជានៅវាលព្រះមេរុនៅបីខែខាងមុខ៕