ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​លុប​ចោល​ការ​តម្រូវ​ឲ្យ​មាន​​វិញ្ញាបនបត្រ​បញ្ជាក់​គ្មាន​កូវីដ​១៩ ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស


រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។

រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​ដក​ចេញ​វិញ​នូវ​លក្ខខណ្ឌ​តម្រូវ​មួយ​ ​ដោយ​អនុញ្ញាត​ឲ្យពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​ អាច​ចូល​ប្រទេស​វិញ​បាន​ ដោយ​មិន​ចាំ​បាច់​មាន​វិញ្ញា​បន​បត្រ​សុខភាព​បញ្ជាក់​ថា ​គ្មាន​កូវីដ​១៩​នោះ​ឡើយ។

ការសម្រេច​នេះ​គឺ​ជា​ការ​កែ​ប្រែ​វិធាន​ការ​ដែលថា​ ​គ្រប់​អ្នក​ដំណើរ​ទាំង​អស់​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ ទាំង​ជនជាតិ​ខ្មែរទាំង​ជន​បរទេស​ ត្រូវ​តែ​មាន​វិញ្ញា​បនបត្រ​បញ្ជាក់​សុខភាព​ដែល​បញ្ជាក់​ថា​ ​ពួកគេ​គ្មាន​វីរុស​កូវីដ​១៩​ ដែល​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​បរទេស​ទាំង​នោះ​ក្នុង​រយៈពេល​៧២​ម៉ោង​ មុន​ចេញ​ដំណើរ។​

ប៉ុន្តែ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០២០​បញ្ជាក់​ថា ​វិធាន​ការ​ផ្សេង​ទៀត​នៅ​តែ​ស្ថិត​នៅ​ជា​ធរមាន​ដដែល។

ក្នុង​នោះ អ្នក​ដំណើរ​ដែល​ជា​ជន​បរទេស​ត្រូវ​មាន​ឯកសារ​ធានា​រ៉ាប់រង​សុខភាព​មាន​ទឹក​ប្រាក់​យ៉ាង​តិច​៥​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា ​លើក​លែង​តែ​មន្ត្រី​ការទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការ​ទូត​ប្រភេទ​ A ​និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ​ B របស់​កម្ពុជា។​

អ្នក​ដំណើរ​ទាំង​អស់ដែល​ធ្វើ​ដំណើរ​ចូលមក​ដល់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​រង់​ចាំ​ដើម្បី​ធ្វើ​តេស្ត​បញ្ជាក់​ថា ​មិន​មាន​វីរុស​កូវីដ​១៩​ និង​ត្រូវ​រង់ចាំ​ទទួល​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​របស់​កម្ពុជា។ បើ​អ្នក​ដំណើរ​ណា​ម្នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញវីរុស​កូវីដ​១៩ នោះ​អ្នក​ដំណើរ​រួម​គ្នា​ទាំង​អស់​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ៕

XS
SM
MD
LG