ក្រុមប៉ូលិស និងកងរាជអាវុធហត្ថបានចាប់ក្រៀក និងចាប់សែងដៃ សែងជើងក្រុមអ្នកតវ៉ានៅសហគមន៍បឹងកក់ម្នាក់ម្តងៗ នៅព្រឹកថ្ងៃអង្គារនេះ រួចរុញទម្លាក់ពួកគេចូលទៅក្នុងរថយន្ត និងបើកឆ្ពោះទៅកាន់ស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ។
មនុស្សបីនាក់យ៉ាងតិចបានដួលសន្លប់ក្នុងការបង្រ្កាបនេះ។ ប្រជាពលរដ្ឋសរុបចំនួន១៣នាក់ត្រូវបានចាប់ខ្លួន ក្នុងពេលដែលពួកគេបានទាមទារដោយសន្តិវិធីឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគេជាមួយនឹងក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
មានស្រ្តីចំនួនពីរនាក់បានសន្លប់នៅពេលដែលមានការចាប់ខ្លួនយ៉ាងប្រតាយប្រតប់ បន្ទាប់ពីពួកគេត្រូវវាយដំ និងឆក់នឹងដំបងឆក់។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួន មានអ្នកស្រីទេព វន្នី ហេង មុំ និងអ្នកស្រីតុល ស្រីពៅ ដែលសុទ្ធសឹងជាអ្នកតវ៉ានាំមុខយ៉ាងក្លៀវក្លារបស់ប្រជាសហគមន៍បឹងកក់។
ប្រជាពលរដ្ឋសហគមន៍បឹងកក់សរុបប្រាណជា៥០នាក់ កាលពីព្រឹកមិញនេះបាននាំគ្នាប៉ុនប៉ងជួយសង់ផ្ទះមួយរបស់អ្នកស្រី សែន ទូចឡើងវិញ។ អ្នកស្រីជាជនរងគ្រោះម្នាក់ក្នុងសហគមន៍នេះ។ ក្នុងខណៈនោះ កងប៉ូលិស កងរាជអាវុធហត្ថ និងកងសណ្ដាប់ធ្នាប់របស់សាលារាជធានីភ្នំពេញប្រមាណជាង១០០នាក់ ប្រដាប់ដោយដំបងឆក់ ខែលបង្រ្កាបបាតុកម្ម និងគ្រាប់បែកផ្សែង បានចាប់ប្រទាញយកឈើសម្រាប់ដាំសរសរផ្ទះ ហើយក្រុមសណ្ដាប់ធ្នាប់របស់សាលារាជធានីភ្នំពេញ បានតាមកញ្ឆក់យកបដាររបស់ក្រុមបាតុករ។
បុរសជាស្វាមីរបស់ស្រ្តីម្ចាស់ផ្ទះបានដួលសន្លប់ភ្លាមៗ ពេលមានការបង្រ្កាប។
អ្នកស្រី សែន ទូចបញ្ជាក់ថា ប្តីរបស់គាត់ដួលសន្លប់ដោយសារកំហឹង។
«យើងជាម្ចាស់ដី យើងឆ្អែតខ្លាំងពេកទៅ ក៏រ៉ាយរ៉ាប់ប្រាប់គាត់ទៅ គាត់រុញ រុញច្រាន ហើយគាត់ (ប្តី)ខឹងខ្លាំងក៏សន្លប់ទៅ។ ខ្ញុំសម្រេចធ្វើផ្ទះឥឡូវយកឈើខ្ញុំទៅអស់»។
វីអូអេបានព្យាយាមទាក់ទងលោកឧត្តមសេនីយ៍ទូច ណារុថ ស្នងការនគរបាលរាជធានីភ្នំពេញ តែមិនអាចទំនាក់ទំនងបានទេ ដោយសារតែទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដង ហើយគ្មានអ្នកទទួល។ ដោយឡែកលោកកើត ឆែ នាយករងរដ្ឋបាលសាលារាជធានី ភ្នំពេញមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទនោះទេ។
ទោះជាយ៉ាងណា បើយោងតាមក្រុមមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ដែលបានចូលជួបជនរងគ្រោះដោយផ្ទាល់នៅកន្លែងឃុំឃាំងបណ្ដោះអាសន្ន បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះអាចប្រឈមនឹងការចោទប្រកាន់ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រោងនឹងបញ្ជូនពួកគេទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក។ ហើយប៉ូលិសបានសួរចម្លើយពួកគាត់ម្តងមួយៗ នៅរសៀលនេះ។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតលីកាដូ មានប្រសាសន៍ថា ការចាប់ខ្លួននេះមិនមែនជាដំណោះស្រាយទេ។
«ទោះជាយើងបង្រ្កាប យើងចាប់បន្តទៀតក៏ដោយ ក៏បញ្ហានេះមិនចប់ទេ។ វាអាចរីករាលដាលទៅប្រសិនបើយើងមិនដោះស្រាយបញ្ហាដីធ្លីនេះឲ្យបានចប់។ ហើយប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរទៅគឺប្រជាពលរដ្ឋនៅតំបន់បឹងកក់ហ្នឹងឯង»។
ក្រុមប្រជាពលរដ្ឋដែលបានឃើញការចាប់ខ្លួនអ្នកភូមិបឹងកក់បានសម្តែងប្រតិកម្មក្នុងរង្វង់ពួកគាត់។
រដ្ឋាភិបាលបានជួលដីនៃសហគមន៍បឹងកក់សរុបចំនួន១៣៣ហិចតាសម្រាប់រយៈពេល៩៩ឆ្នាំ ឲ្យដល់ក្រុមហ៊ុនស៊ូកាគូអ៊ីនអភិវឌ្ឍសំណង់ទំនើប និងមណ្ឌលពាណិជ្ជកម្ម។
ប្រជាពលរដ្ឋចំនួនជាង៤០០០គ្រួសារត្រូវបានបណ្ដេញចេញប្រកបដោយភាពហិង្សា។ ធនាគារពិភពលោកបានដាក់សម្ពាធឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិនេះឲ្យបានត្រឹមត្រូវបំផុតជាមួយក្រុមប្រជាពលរដ្ឋ។ ក្រោយមកលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនបានសម្រេចកាត់ដីចំនួនជាង១២ហិចតាសម្រាប់ធ្វើការបែងចែកដល់ប្រជាពលរដ្ឋដែលនៅសេសសល់ជាង៧០០គ្រួសារ។ ប៉ុន្ដែប្រជាពលរដ្ឋ៩៤គ្រួសារក្នុងចំណោមនោះ ត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញបដិសេធមិនផ្តល់ចំណែកដី ឲ្យទេ ដោយចោទថា ប្រជាពលរដ្ឋទាំងនោះរស់លើចំណីដីរបស់ក្រុមហ៊ុន។ ប៉ុន្ដែក្រុមប្រជាជនបានច្រានចោលការចោទប្រកាន់នេះ។
«មានដីខ្លួនឯង គេបូមពន្លិចហើយ ហើយគេមកចាប់ចង់ទៀត។ តើវាសាហាវប៉ុណ្ណា? អស់លោកជួយមើល? បូមពន្លិចបំបិទភ័ស្តុតាង ហើយចោទថា ដីទឹក។ ផ្ទះវីឡាធំៗ បូមពន្លិចបំបិទភ័ស្តុតាង ហើយ នឹងយកអេស្កាវទ័រមកកាវឲ្យខ្ទេច»។
កាលពីថ្ងៃច័ន្ទប្រជាពលរដ្ឋសហគមន៍បឹងកក់បានធ្វើការតវ៉ារួចម្តងហើយ នៅមុខសាលារាជធានីភ្នំពេញ ហើយមន្ដ្រីទទួលខុសត្រូវបានប្រាប់ពួកគេថា នឹងលើកយកបញ្ហាពួកគេមកដោះស្រាយក្រោយការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ថ្ងៃទី៣ មិថុនា។ ប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់ថា ការសន្យានេះបានភ្ជាប់ជាមួយនឹងលក្ខខណ្ឌថា ពួកគេត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៕