ដោយ ហេង រស្មី
រាជធានីភ្នំពេញ
ក្រុមអ្នកភូមិបឹងកក់និងអ្នកភូមិបុរីកីឡានៅថ្ងៃសុក្រនេះបានមកប្រមូលផ្តុំគ្នាដាក់ញត្តិថ្វាយព្រះមហាក្សត្រនិងសម្តេចម៉ែដើម្បីឱ្យជួយអន្តរាគមន៍ដោះលែងអ្នកស្រីយ៉ោម បុប្ជាសកម្មជនការពារដីធ្លីបន្ទាប់ពីពួកគេគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ក្រុមអ្នកតវ៉ាបានពាក់រូបថតអ្នកស្រីយ៉ោម បុប្ជានៅលើក្បាលនិងមានកាន់បដាដើម្បីទទូចដល់ព្រះករុណាសម្តេចព្រះនរោត្តមសីហមុនីនិងសម្តេចម៉ែនរោត្តម មុន្នីនាថសីហនុស្តេចជួយអន្តរាគមន៍ដោះលែងអ្នកស្រីយ៉ោម បុប្ជា។
ការតវ៉ានេះមិនមានការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចខ្លាំងក្លាដូចលើកមុនៗទេហើយក្រុមសមត្ថកិច្ចគ្រាន់តែបានបញ្ជាឱ្យក្រុមអ្នកតវ៉ានៅឱ្យឆ្ងាយពីព្រះបរមរាជវាំងតែប៉ុណ្ណោះដើម្បីកុំឱ្យពួកគេឈរស្រែកក្បែរព្រះបរមរាជវាំង។
«សម្តេចម៉ែជួយកូនចៅផង! ប្រជាជនកំពុងតែរងទុក្ខវេទនាខ្លាំងណាស់ មករកសម្តេចម៉ែ»។
ព្រះករុណានិងសម្តេចម៉ែដែលកំពុងគង់ប្រថាប់នៅក្នុងព្រះបរមរាជវាំងមិនបានយាងមកទទួលញត្តិរបស់អ្នកភូមិបឹងកក់និងអ្នកភូមិបុរីកីឡាដោយផ្ទាល់ព្រះហស្ថទេក៏ប៉ុន្តែមានមន្ត្រីព្រះបរមរាជវាំងមួយរូបមកទទួលយកញត្តិពីក្រុមអ្នកតវ៉ាដោយបានសន្យាថានឹងយកញត្តិនេះជូនដល់ថ្នាក់លើ។
អ្នកស្រី ស៊ុន ស្រីលាភ ក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់បាននិយាយថាអ្នកស្រីសង្ឃឹមថាញត្តិនេះនឹងបានដល់ព្រះមហាក្សត្រនិងសម្តេចម៉ែប៉ុន្តែបើមិនបានដល់ទេពួកគេនឹងព្យាយាមយកញត្តិនេះថ្វាយដោយផ្ទាល់ដៃដល់ព្រះមហាក្សត្រ។
អ្នកស្រីបាននិយាយប្រាប់ក្រុមអ្នកកាសែតថាមូលហេតុដែលពួកគេមកសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គនេះដោយសារតែព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលអាចជួយលើកលែងទោសចំពោះអ្នករងគ្រោះដោយអំពើអយុត្តិធម៌បាន។
«ពួកខ្ញុំគិតថាប្រសិនបើញត្តិរបស់ពួកខ្ញុំទៅដល់ដៃរបស់សម្តេចម៉ែនិងព្រះមហាក្សត្រគាត់នឹងទទួលដឹងរឿងរបស់ពួកខ្ញុំ។អីចឹងពួកខ្ញុំសង្ឃឹមថាដំណោះស្រាយគឺត្រូវតែមានចំពោះពួកខ្ញុំ។ពួកខ្ញុំអត់អស់សង្ឃឹមទេ»។
លោកអំ សំអាត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថាប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភចាប់យកដីធ្លីគ្មានជម្រើសណាក្រៅពីស្ថាប័នរាជបល័្លង្គទេដោយសារតែពួកគេបានដាក់ញត្តិទៅគ្រប់ស្ថាប័នអស់ហើយតែគ្មានដំណោះស្រាយ។លោកបាននិយាយថាព្រះមហាក្សត្រព្រះអង្គគួរតែរកព្រះរាជតម្រិះធ្វើព្រះរាជអន្តរាគមន៍ដល់រាជរដ្ឋាភិបាលដើម្បីឱ្យជួយរកដំណោះស្រាយចំពោះប្រជាពលរដ្ឋនៅតំបន់បឹងកក់។
«ខ្ញុំគិតថារឿងនេះរាជរដ្ឋាភិបាលដោះស្រាយកន្លងមកច្រើនរួចមកហើយ ហើយមានទាំងផ្តល់អនុក្រិត១២,៤៤ដើម្បីបញ្ចប់ទៀត ហើយរឿងសេសសល់នៅពេលក្រោយនេះខ្ញុំគិតថាការដោះស្រាយវាប្រហែលជានឹងអាចចប់នៅពេលខាងមុខបើសិនជាយើងព្យាយាមដោះស្រាយទាំងអស់គ្នា»។
ការទាមទាររបស់ក្រុមអ្នកភូមិបឹងកក់និងអ្នកភូមិបុរីកីឡាបានកើតមានឡើងប្រមាណពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការកំពូលបានបដិសេធសំណើសុំឱ្យនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ជា។
អ្នកស្រី យ៉ោម បុប្ជា អាយុ២៩ឆ្នាំសកម្មជនតវ៉ាទាមទារដីធ្លីត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទហិង្សាដោយចេតនាដោយ មានស្ថានទម្ងន់ទោស។
ចំណែកលោកលួស សាខនស្វាមីរបស់អ្នកស្រីក៏ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចគ្នាដែរក៏ប៉ុន្តែទោសទាំងនោះត្រូវព្យួរ។
ការកាត់ទោសនេះបន្ទាប់ពីតុលាការបានរកឃើញថាអ្នកស្រីបានប្រព្រឹត្តអំពើហិង្សាមួយកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១២ដែលបណ្តាលឱ្យមានមនុស្សពីរនាក់រងរបួស៕