ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ


ភរិយាលោក​ម៉ម សុណង់ដូ (ស្តាំ)
ភរិយាលោក​ម៉ម សុណង់ដូ (ស្តាំ)
ភ្នំពេញ៖ នាយក​វិទ្យុ​សំបុក​ឃ្មុំ​ម៉ម សុណង់ដូ​បាន​ធ្លាក់​ខ្លួន​ឈឺ​ក្រោយ​ពី​ជាប់​ក្នុង​ពន្ធនាគារ​បាន​ជិត​មួយ​ខែ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី ឌីន ផាន់ណារ៉ា ភរិយា​របស់​លោក ម៉ម សុណង់ដូ។ លោកស្រី​បញ្ជាក់​ថា​ស្វាមី​របស់​គាត់​បានធ្លាក់​ខ្លួន​ឈឺ​ជា​លើក​ទី​២​ហើយ។
លោក ម៉ម សុណង់ដូ អាយុ​៧១​ឆ្នាំ ​ដែល​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​អំឡុង​ខែ​កក្កដា។ រួចហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បានចេញ​ដីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​នៅ​ពន្ធនាគារ​ព្រៃស ​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំ​ៗ ​ពាក់ព័ន្ធ​ទៅ​នឹង​ការបង្កើត​តំបន់​អបគមន៍​ខុសច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោកស្រី ឌីន ផាន់ណារ៉ា ដែល​បាន​ទៅ​សួរសុខ​ទុក្ខ​លោក​ម៉ម សុណង់ដូ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​អះអាង​ថា​ស្វាមី​របស់​លោកស្រី​មាន​ជំងឺ​រាក​ធ្ងន់ធ្ងរ​ ទន់ដៃ​ទន់ជើង​អស់​កម្លាំង ​និង​ហើម​មុខ។ លោកស្រី​បាន​បញ្ជាក់​ថា​សុខភាព​របស់​លោក​ម៉ម សុណង់ដូ ​បាន​ទ្រុឌទ្រោម​ បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​អស់រយៈ​ពេល​ជិត​មួយ​ខែ​មកនេះ។
លោកស្រី​បាន​បន្ថែម​ថា៖

«សុខភាព​របស់​គាត់​ទ្រុឌទ្រោម ​ពិសារ​អ្វី​ឥតបាន​ ហើយ​អស់​កម្លាំង​ខ្លាំង ​គឺ​រាក។ ប៉ុន្មាន​ថ្ងៃ​មុន​ហ្នឹង គាត់​ឈឺ​មិន​ទាន់​នឹង​បាត់​ផង។ គាត់​ហើម​មុខ​ផ្នែក​ខាង​ស្តាំ​ហ្នឹង មួយ​ចំហៀង។ ហើម​ទៅ វា​មាន​កម្តៅ​ក្តៅ​អ៊ុន​ៗ វា​ឈឺ​បន្តិច​ៗ​។ ឥឡូវ​ហ្នឹង​ស្រក​បាន​បន្តិច មិន​ទាន់​នឹង​អស់​ផង​ហ្នឹង ក៏ចាប់​ផ្តើម​រាក​គ្រុន​ក្តៅខ្លាំង»។

លោក ស្រ៊ុន លាង ​ប្រធាន​ពន្ធនាគារ​ព្រៃស​បាននិយាយ​ថា​ដោយសារ​តែ​អាកាស​ធាតុ​ក្តៅ ​អ្នក​ទោស​ដទៃ​ផ្សេង​ទៀត​ ដោយ​រាប់​បញ្ចូល​ទាំង​លោក​ម៉ម សុណង់ដូ មាន​ជំងឺរាក​រូស ​និង​មួយ​ចំនួន​ទៀត​ បាន​គ្រុន​ក្តៅ។ លោក​បានបញ្ជាក់​ថា​សុខភាព​របស់​លោក ម៉ម សុណង់ដូ ​បាន​ធូរស្រាល​ឡើងវិញ​ហើយ​ បន្ទាប់​ពី​លោក​បាន​ទទួល​ការព្យាបាល​ពី​ក្រុម​គ្រូពេទ្យ។
លោក​ស្រ៊ុន លាង​បញ្ជាក់​ថា៖

«គាត់​ឈឺ​ពោះ និង​ហើម​ពោះ។ បើ​និយាយ​រួម ហើម​ពោះ​បន្តិច​ៗ​ទេ ប៉ុន្តែ​ដល់​ពេល​ដែល​គាត់​ដាក់​សេរ៉ូម គាត់​ត្រូវ​ការ​សម្រាក​។ ហើយ​ពេល​គាត់​ដាក់​សេរ៉ូម​ គាត់​ថា​គាត់​មិន​ចេះ​ដេក ដោយសារ​មាន​សេរ៉ូម ​ខ្លាចក្រែង​វា​ចេញ​ឈាម​ចេញ​អី។ គាត់​ក៏​ដក​ចេញ ហើយ​ដក​ចេញ​បាន​មួយ​រយៈ​ពេល​ខ្លី គាត់​ក៏​ចាប់​ផ្តើម​ក្តៅ។ ហើយ​ក៏​ឲ្យ​ពេទ្យ​យក​ប្រដាប់​វាស់​កម្តៅ ​ក៏ធ្វើ​ការ​ព្យាបាល​គាត់​តាំង​ពី​យប់​ម៉ិញ​នោះ។ វេលា​ម៉ោង​៩​ជាង ​ខ្ញុំ​ទៅ​មើល​ដែរ​ហ្នឹង»។

សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ ​បានធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​ផ្តិតមេ​ដៃ​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ​ដើម្បី​ស្នើសុំ​ទៅ​តុលាការ​ និង​ស្ថានទូត​នានា​ប្រចាំ​ទីក្រុង​ភ្នំពេញ ​ជួយ​អន្តរាគមន៍​ដោះលែង​លោក​ម៉ម សុណង់ដូ ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​ពួកគេ​បានអះអាង​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​មាន​ការចោទប្រកាន់​របស់​តុលាការ​ទេ។

លោក សុខ សំអឿន មេធាវី​ការពារ​ក្តី​លោក​ម៉ម សុណង់ដូ ​បាន​មាន​ប្រសាសន៍​ថា​ឥឡូវ​នេះ​ចៅក្រម​ស៊ើបអង្កេត​បានបញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន​ហើយ។
លោក​បាន​មានប្រសាសន៍​ថា៖

«ចាំ​ឲ្យ​គេ​ចេញ​ដីការ​ដំណោះស្រាយ​សិន​។ តែមុន​នឹង​ដីការ​ដំណោះស្រាយ​ប្រហែល​ជា​ខ្ញុំ​នឹង​ធ្វើ​លិខិត​មួយ​សុំ​ឲ្យ​ថា​ឲ្យ​ចៅក្រម​គេ​សម្រេច​ការលើកលែង​ការចោទប្រកាន់​តែ​ម្តង»។

គួរបញ្ជាក់​ផង​ដែរ​ថា ​ការចាប់​ខ្លួន​របស់​លោក​ម៉ម សុណង់ដូ ​បាន​កើត​មានឡើង​បន្ទាប់​ពី​ការបង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ទន្ទ្រាន​យក​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​កម្លាំង​រាប់រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ ​ដោយ​បូករួម​ទាំង​ឧទ្ធម្ភាចក្រ​ចំនួន​ពីរ​គ្រឿង ​ហើយ​នៅ​ក្នុង​ប្រតិបត្តិការ​នោះ​បានបណ្តាល​ឲ្យ​កុមារី​ម្នាក់​ឈ្មោះ ហេង ចន្ថា ​អាយុ​១៤​ឆ្នាំ ​ត្រូវ​បានសមត្ថកិច្ច​បាញ់​សម្លាប់។

រដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​ប្រាំពីរ​នាក់ ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថា​មាន​ជនសង្ស័យ​បួន​នាក់​យ៉ាង​តិច ​បានចេញ​មក​សារភាព​ហើយ។ ហើយ​លោក​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​លោក​ប៊ុន រដ្ឋា ​ដែល​ជា​មេគំនិត​នៅ​ក្នុង​រឿង​នេះ ​ចេញ​មក​សារភាព៕
XS
SM
MD
LG