វ៉ាស៊ីនតោន៖ អាស៊ានជំរុញរួមគ្នាឲ្យចិនដោះស្រាយជម្លោះដែនទឹកត្រួតស៊ីគ្នានៅភាគខាងត្បូងប្រទេសចិនតាមគោលការណ៍សន្តិភាព ដែលមានចែងក្នុងច្បាប់អន្តរជាតិ និងធ្វើបញ្ចប់ក្រមប្រតិបត្តិដើម្បីបន្ថយភាពតានតឹង។
សមាគមអាស៊ានជំរុញឲ្យប្រទេសចិនបញ្ចប់ការតាក់តែងក្រមប្រតិបត្តិ ស៊ីអូស៊ី គោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាជាមួយសមាជិកអាស៊ានដោយសន្តិវិធីទាក់ទងនឹងជម្លោះដែនទឹកទាមទារត្រួតស៊ីគ្នាជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន។ នេះបើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអំពីបញ្ហាសមុទ្រភាគខាងត្បូងប្រទេសចិនដែលវីអូអេទទួលបានពីប្រភពស្និទ្ធនឹងអាស៊ាន។
សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានត្រូវខកខាន ហើយប្រទេសកម្ពុជាទទួលរងការស្តីបន្ទោសថា រារាំងមិនដាក់បញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិនក្នុងសេចក្តីថ្លែងការណ៍រួមនោះ ដោយសារថា សមាជិកអាស៊ាន១០ប្រទេសដែលកម្ពុជាជាប្រធានឆ្នាំនេះចាត់ទុកថា បញ្ហាព្រំដែនសមុទ្រគងគ្នានេះជាបញ្ហាទ្វេភាគី។ តែក្រុមប្រទេសអាស៊ានដទៃទៀត រួមទាំងហ្វីលីពីន និង វៀតណាមចាត់ទុកថា នេះជាបញ្ហាពហុភាគី ដែលអាស៊ានត្រូវដោះស្រាយរួមគ្នា។ ការបែកសម្លេងនេះជាស្ថានភាពល្អដល់ប្រទេសចិន ដែលមិនចង់ចរចាជាមួយអាស៊ានទាំងមូល តែចង់ចរចាទ្វេភាគីជាមួយប្រទេសតូចៗ។
នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមដែលគ្រោងនឹងចេញ តែចេញមិនរួចក្រោយពីកិច្ចប្រជុំវេទិការតំបន់អាស៊ានដែលផ្តោតលើបញ្ហាសន្តិសុខតំបន់នោះ អាស៊ានបានបញ្ជាក់ចំណុច៦យ៉ាងតិចក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្រត្រួតស៊ីគ្នារវាងចិននិងប្រទេសអាស៊ាន៤ទៀតគឺហ្វីលីពីន វៀតណាម ប្រ៊ុយណេ និងម៉ាឡេស៊ី។ សេចក្តីព្រាងនោះបានបញ្ជាក់ថា៖
«នៅក្នុងបរិបទនេះ យើងបានពិភាក្សាស៊ីជម្រៅ ហើយបានបង្ហាញការព្រួយបារម្ភរបស់យើងចំពោះការវិវត្តន៍ថ្មីៗក្នុងតំបន់ជម្លោះនៃដែនសមុទ្រភាគខាងត្បូងប្រទេសចិន។ យើងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរព គោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្នុងច្បាប់អន្តរជាតិនានា រួមទាំងកតិការ សញ្ញាអសបគឺ UNCLOS ឆ្នាំ១៩៨២»។
ប្រទេសហ្វីលីពីន និងចិនមានភាពតានតឹងផ្នែកយោធាជាច្រើនខែចុងក្រោយនេះ ដោយសារការរិតត្បិតដល់សិទ្ធិនេសាទ និងបញ្ហាគំរាមកំហែងផ្នែកយោធារបស់ប្រទេសចិនលើហ្វីលីពីន និងវៀតណាមនៅតំបន់ទាមទារគងគ្នាភាគខាងត្បូងប្រទេសចិននោះ។
បន្ថែមពីលើនេះ សេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ានដដែលបានបញ្ជាក់ដែរថា៖
«យើងបញ្ជាក់ជាថ្មីពីការតាំងចិត្តរបស់យើងដើម្បីធ្វើកិច្ចការឆ្ពោះទៅកាន់ការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ COC ទាក់ទងនឹងបញ្ហាដែនសមុទ្រភាគខាងត្បូងប្រទេសចិន ដែលអាចធានាយ៉ាងមានប្រសិទ្ធិភាពដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងសមុទ្រភាគខាងត្បូងចិន»។
ក្នុងសេចក្តីព្រាងរបស់អាស៊ានទាក់ទងនឹងបញ្ហាសមុទ្រចិននេះ អាស៊ានបានប្តេជ្ញាថា នឹងរួមគ្នាអនុវត្តសេចក្តីថ្លែងការណ៍ប្រតិបត្តិឌីអូស៊ីឆ្នាំ២០០២ ឲ្យមានប្រសិទ្ធិភាពគឺការជជែកដោយសន្តិវិធី ចៀសវៀងការប្រើកម្លាំង ហើយស្វាគមន៍ការអនុម័តសេចក្តីណែនាំសម្រាប់ការអនុវត្តន៍សេចក្តីថ្លែងការណ៍ប្រតិបត្តិ ឌីអូស៊ី ហើយបន្តអត់ធ្មត់ មិនប្រើកម្លាំងយោធា និងដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
គេមិនដឹងថា តើប្រទេសចិនទទួលយកជំហរអាស៊ានថ្មីនិងបញ្ហាទាំង៦ឬយ៉ាងនេះឬទេ។ ទោះជាយ៉ាងណាក្តី បន្ទាប់ពីជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីគឺលោក ម៉ាទី ណាតាឡេហ្គាវ៉ា ដែលបំពេញទស្សនកិច្ចមួយថ្ងៃក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍នោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ដោយបានអះអាងថា អាស៊ានបានព្រមព្រៀងគ្នាជាគោលការណ៍រួចហើយ ក្នុងការដោះស្រាយជាមួយចិន ក្រៅពីបញ្ជូនចំណុចនៃគោលការណ៍រួមទៅកាន់ប្រទេសជាសមាជិកអាស៊ានដទៃទៀតដើម្បីសម្រេច។
«ខ្ញុំសង្ឃឹមថា ថ្ងៃស្អែកព្រឹក យើងនឹងទទួលបានការបញ្ជាក់យល់ព្រមពីរដ្ឋមន្ដ្រីការបរទេសអាស៊ានទាំងអស់ ដើម្បីចេញផ្សាយចំណុចជាគោលការណ៍នេះ»។
ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារមុខមាត់អាស៊ានឡើងវិញ លោកម៉ាទី ណាតាឡេហ្គាវ៉ាបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន និងបានទាក់ទងតាមទូរស័ព្ទជាមួយប្រទេសអាស៊ានដទៃទៀតដើម្បីបញ្ជាក់ពីជំហររបស់ពួកគេមុននឹងមកកាន់ប្រទេសកម្ពុជា។ លោកម៉ាទី ណាតាឡេហ្គាវ៉ាបានអះអាងថា មន្ត្រីអាស៊ានទាំងអស់ ដែលលោកបានជួប មានទស្សនៈតែមួយលើបញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិន និងបញ្ហាផ្សេងទៀត។
លោក Richard Cronin អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសរអាមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនគឺ Stimson Center បានអះអាងថា ជាការល្អដែលប្រទេសអាស៊ានត្រូវប្រឹងប្រែងផ្សះផ្សារការខ្វែងគំនិតគ្នានេះវិញ ទោះមានផលប្រយោជន៍ជាតិផ្សេងគ្នាក្តី ហើយធ្វើកិច្ចការរួមគ្នាជាមួយ ប្រទេសចិន។
«ខ្ញុំគិតថា ប្រទេសអាស៊ានគួរតែរួមគ្នាចរចាជាមួយចិនអំពីវិធីដោះស្រារឿងបញ្ហាព្រំដែនទឹក និងអំពីបញ្ហាក្រមប្រតិបត្តិ»។
លោកបានអះអាងថា ចិននិងអាស៊ានមានផលប្រយោជនដល់គ្នាទៅវិញទៅមក។
មន្ត្រីអាស៊ានម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការបែកបាក់ឬការខ្វែងគំនិតគ្នាក្នុងអាស៊ានទាក់ទងនឹងជម្លោះដែនទឹកនេះទំនងអាចផ្សះផ្សារបាន តែអាស៊ាននឹងត្រូវប្រឈមមុខជាមួយចិនដែលជាដៃគូអភិវឌ្ឍន៍របស់អាស៊ានដ៏សំខាន់វិញម្តង៕