មន្ត្រីរាដ្ឋាភិបាលមួយរូបនៃប្រទេសជាសមាជិកអាស៊ាន បានស្តីបន្ទោសកាលពីថ្ងៃព្រហស្បតិ៍ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំពោះអ្វីដែលសមាគមនេះមិនអាចឈានទៅដល់កិច្ចព្រមព្រៀងរួមលើក្រមប្រតិបត្តិស្តីពីជម្លោះសមុទ្រចិនខាងត្បូង។
ក្រមប្រតិបត្តិនេះ ដែលត្រូវបានរំពឹងថានឹងក្លាយទៅជាយន្តការសម្រាប់អភិវឌ្ឍដើម្បីបញ្ចៀសជម្លោះដ៏តានតឹងខាងលើ។ ជម្លោះនោះដែលជាប់ទាក់ទងទៅនឹងប្រទេសដែលជាសមាជិកអាស៊ានចំនួនបួនរួមមានប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយនេ ជាពិសេសពាក់ព័ន្ធទៅនឹងអាជីវកម្មទៅលើដែនសមុទ្រ។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty M. Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានបង្ហាញការខកចិត្តចំពោះអាស៊ានដែលមិនបានសម្រេចទៅលើក្រមប្រតិបត្តិលើកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍។
«ខ្ញុំគិថា ពិតជាមិនមែនជាការទទួលខុសត្រូវទេប្រសិនបើយើងមិនអាចឈានទៅដល់ការសម្រេចប្រការរួមស្តីពីបញ្ហាជម្លោះនៃដែនសមុទ្រចិនខាងត្បូងនោះ។ នេះគឺជាពេលវេលាដែលអាស៊ាន ត្រូវតែធ្វើឲ្យគេមើលឃើញថាខ្លួនឯងសកម្មនៅពេលដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់រំពឹងថា អាស៊ាននឹងសកម្ម។ ហេតុនេះហើយ វាគួរឲ្យខកចិត្តខ្លាំងណាស់ដែលយើងមិនអាចសម្រេចបញ្ហានេះបាន»។
លោក ម៉ាទី ណាតាឡេហ្កាវ៉ា បានថ្លែងយ៉ាងដូច្នេះនៅពេលដែលក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន និងវេទិកាប្រចាំតំបន់ដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ីផ្សេងទៀត រួមទាំងមានការចួលរួមរបស់លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផងដែរ។
លោក ស៊ុរីន ពិស៊ុវ៉ាន (Surin Pitsuwan) អគ្គលេខាធិការអាស៊ានបានបញ្ជាក់ឡើងវិញថាពាក្យគន្លឹះ និងការប្រើប្រាស់ដែនទឹកស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅក្នុងកិច្ចពិភាក្សា។ លោកបញ្ជាក់ថានេះគឺជាបញ្ហាបច្ចេកទេស។
«ពេលនេះគឺជាការយឺតយ៉ាងដោយបញ្ហាបច្ចេកទេសនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលយើងមិនអាចរកដំណោះស្រាយ ឬជំហររួមលើបញ្ហាតែមួយប៉ុណ្ណោះ។ ខ្ញុំគិតថាដៃគូពិភាក្សាទាំងអស់ និងប្រទេសមហាអំណាចសំខាន់ៗនៅតែគាំទ្រ និងសង្ឃឹមថាអាស៊ានដើរតួនាទីយ៉ាងសំខាន់នៅក្នុងន័យនេះ»។
លោក កៅ គឹមហ៊ួន រដ្ឋលេខាធិការការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទៅក្នុងទីក្រុងភ្នំពេញបានថ្លែងនៅក្នុងសន្និសីទព័ត៌មានថា ការជជែកគ្នារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្តោតការព្រួយបារម្ភចំពោះការអនុវត្តសេចក្តីប្រកាសប្រតិបត្តិលើក្រមប្រតិបត្តិ និងការគោរពសេរីភាពនៃការធ្វើនាវាចរណ៍នៅដែនសមុទ្រចិនខាងត្បូងរួមទាំងកង្វល់ទៅលើការទទួលស្គាល់ច្បាប់អន្តរជាតិនៅលើដែនសមុទ្រជាដើម។
លោក កៅ គឹមហ៊ួន មិនទាន់សន្និដ្ឋានថាតើកិច្ចប្រជុំលើកនេះអាចឈានទៅដល់កិច្ចព្រមព្រៀងសម្រាប់អនុម័តក្រមប្រតិបត្តិ ឬយ៉ាងណា។
«យើងឃើញថាការចរចានៅពេលនេះ មិនទាន់បានសម្រេចនៅឡើយ។ អញ្ចឹងយើងសង្ឃឹមថា អាចមានការពិភាក្សាបន្តទៅទៀត»។
កាលពីថ្ងៃពុធ ចិនបានទទួចឲ្យអាស៊ានគិតគូរយ៉ាងម៉ត់ចត់នៅក្នុងការសម្រេចទៅលើក្រមប្រតិបត្តិនេះ។
លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ប្រមុខការទូតសហរដ្ឋអាមេរិកបានដាក់សម្ពាធលើចិនឲ្យទទួលយកក្រមប្រតិបត្តិនេះ។ លោកស្រី គ្លីនតុន ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិនដាច់ដោយឡែកនៅក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ានផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃសហប្រតិបត្តិការ ការធ្វើទំនាក់ទំនងដោយយោគយល់គ្នា៕