ប្រទេសទាំង១០នៃសមាគមអាស៊ានមិនបានឈានទៅដល់កិច្ចព្រមព្រៀងណាមួយ លើក្រមប្រតិបត្តិជាមួយប្រទេសចិនស្តីអំពីជម្លោះនៅដែនសមុទ្រចិនខាងត្បូងទេនៅថ្ងៃពុធនេះ។
ថ្លែងក្រោយពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិននៅល្ងាចនេះក្នុងទីក្រុងភ្នំពេញ លោកស្រី ហ្វ៊ុ យីង (Fu Ying) អនុរដ្ឋមន្ត្រីការបរទេសចិនបានប្រាប់អ្នកយកព័ត៌មានថាសមាគមអាស៊ាន និងចិននៅខ្វែងគំនិតគ្នានៅឡើយ។
«មានសំណើពីរដ្ឋមន្ត្រីនៃប្រទេសអាស៊ានឲ្យចាប់ផ្តើមពិភាក្សាអំពីក្រមប្រតិបត្តិ។ ដូច្នេះរដ្ឋមន្ត្រីចិនចង់ឲ្យមានការគិតគូរឲ្យបានម៉ឺងម៉ាត់លើសំណើរនេះ។ គាត់ចង់បានស្ថានភាពចាស់ទុំ ដើម្បីស្វែងរកលទ្ធភាពជជែកពិភាក្សាគ្នា។ លោករដ្ឋមន្ត្រីចិនសង្កត់ធ្ងន់ថា ដើម្បីទទួលបានផលល្អក្នុងការជជែកក្នុងពេលអនាគតលើក្រមប្រតិបត្តិ វាមានសារៈសំខាន់ដែលថាសេចក្តីប្រកាសប្រតិបត្តិត្រូវបានអនុវត្តដោយគ្រប់ភាគីទាំងអស់។ ប្រសិនបើសមាជិកមួយចំនួនបំពានសេចក្តីប្រកាសប្រតិបត្តិ មិនមែនជាបច្ច័យល្អសម្រាប់ធ្វើឲ្យប្រសើរលើការជឿជាក់ ការយល់គ្នា និងទុកចិត្តគ្នានោះទេ»។
មានប្រទេសជាសមាជិកអាស៊ានចំនួនបួនជាប់ពាក់ព័ន្ធជាមួយនឹងជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយនឹងទីក្រុងប៉េកាំង ក្នុងនោះមានតែវៀតណាម និងហ្វីលីពីនទេដែលធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាមួយនឹងចិន។
ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ានបានអនុម័តគោលការណ៍គន្លឹះមួយចំនួនលើក្រមប្រតិបត្តិសម្រាប់យកមកពិភាក្សាជាមួយនឹងចិន។ ក៏ប៉ុន្តែក្នុងចំណោមនោះ មានភាពចម្រូងចម្រាស់មួយចំនួន បានទាញថយក្រោយមិនឲ្យក្រមប្រតិបតិ្តនេះសម្រេចគោលដៅរបស់ខ្លួន។
យោងតាមលោក ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) អគ្គលេខាធិការសមាគមអាស៊ានការប្រើប្រាស់ដែនសមុទ្រ ការធ្វើនាវាចរណ៍ និងការដឹកជញ្ជូន គឺជាផ្នែកមួយនៃការជជែកគ្នាយ៉ាងតានតឹងនៅក្នុងក្រមខណ្ឌនៃក្រមប្រតិបត្តិនេះ។
លោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីមានប្រសាសន៍ថាមានយន្តការគន្លឹះចំនួនពីរដែលត្រូវបានសម្លឹងឃើញ គឺក្រមប្រតិបត្តិ និងការទូត។ គេត្រូវរង់ចាំការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។
«ឥឡូវនេះយើងកំពុងរង់ចាំមើលថាតើរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវឆ្លើយតបយ៉ាងដូចម្តេចចំពោះគោលការណ៍ដែលក្រុមមន្ត្រីជាន់ខ្ពស់អាស៊ានបានសម្រេចរួចហើយដូចជាថាតើពួកគាត់កត់សម្គាល់លើបញ្ហាទាំងនេះឬទេ? ហើយស្នើឲ្យមន្ត្រីជាន់ខ្ពស់ចាប់ផ្តើមជជែកជាមួយចិន។ ប៉ុន្តែបញ្ហានេះ ត្រូវរង់ចាំការសម្រេចជាផ្លូវការនៅឡើយ»។
ក្រៅពីការជជែកទៅលើក្រមប្រតិបត្តិស្តីពីបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូង ក្រុមមន្ត្រីជាន់ខ្ពស់ការបរទេស និងរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានជជែកអំពីទំនាក់ទំនងជាមួយប្រទេសចិន និងអាស៊ាន អំពីបញ្ហាបណ្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយនឹងចិន និងកិច្ចសហប្រតិបត្តិការគ្នានៅក្នុងតំបន់៕