ពលរដ្ឋរស់នៅក្នុងអគារប៊ូលឌីង White Building ភាគច្រើនបានសម្ដែងការព្រួយបារម្ភ នៅពេលបានឮពាក្យមិនផ្លូវការថា សាលាក្រុងគ្រោងនឹងកម្ទេចអគារដែលពួកគេកំពុងរស់នៅនេះ ហើយនឹងជម្លៀសពលរដ្ឋឲ្យទៅរស់នៅក្រៅរាជធានីភ្នំពេញ។ សង្គមស៊ីវិលទាមទារកុំឲ្យរដ្ឋាភិបាលកម្ទេចអគារប្រវត្តិសាស្ត្រនេះ។ ក៏ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញនិយាយថា គ្មានគម្រោងកម្ទេចអគារអ្វីឡើយ។
ដូចសព្វមួយដងដែរ ម៉ោងប្រមាណជា២រសៀល អ្នកស្រីយឹម រីបានចាប់ផ្ដើមរៀបចំប្រដាប់ប្រដា និងសម្ភារៈផ្សេងៗដើម្បីចាប់ផ្តើមលក់បបរគ្រឿង និងស៊ុបនៅលើកំណាត់ផ្លូវទល់មុខអគារប៊ូលឌីង ឬ White Building ដែលជាអគារចំណាស់បំផុតមួយដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី និងក្រុមគ្រួសារបានមករស់នៅក្នុងបន្ទប់មួយនៃអគារប៊ូលឌីងនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ។
កាលពីពេលថ្មីៗកន្លងទៅនេះ សាលារាជធានីបានបង្ហើបឲ្យដឹងថា ប្រជាពលរដ្ឋនៅទីនេះអាចនឹងត្រូវប្រឈមនឹងការផ្លាស់ប្តូរទីលំនៅថ្មី ហើយអគារចំណាស់ជាង៦០ឆ្នាំនេះនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុនវិនិយោគឯកជនមួយ។ ដោយឡែកអគារប៊ូលឌីង ដែលសាងសង់ក្នុងសម័យសង្គមរាស្រ្តនិយមនៃទសវត្សឆ្នាំ១៩៦០ទំនងជាត្រូវវាយកម្ទេចចោលទាំងស្រុង។
កម្រងរូបថត៖ ទិដ្ឋភាពទូទៅនៃអគារប៊ូលឌីង
កំពុងរង់ចាំអតិថិជននោះ អ្នកស្រីយឹម រីបាននិយាយថា គាត់មិនបានដឹងអ្វីច្បាស់ឡើយពីគម្រោងនេះទេ។
ពាក់អាវដៃខ្លីពណ៌ក្រហមក្រមៅ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះហាក់បីដូចជាមិនសូវខ្វាយខ្វល់ពីគម្រោងនៃការជម្លៀសពលរដ្ឋចេញពីអគារប៊ូលឌីងឡើយ។
គាត់គ្រាន់តែបញ្ជាក់ថា ប្រសិនបើរឿងនោះកើតឡើងមែន គាត់សុខចិត្តចេញប្រសិនអាជ្ញាធរផ្ដល់ជាជម្រករស់នៅ និងទីតាំងថ្មីដែលមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដល់រូបគាត់។
«ខ្ញុំពិបាកចិត្តដែរ មិនដឹងទីជម្រកទៅនៅទីណា ហើយវាយ៉ាងម៉េច។ ប្រសិនបើគេឲ្យនៅទីហ្នឹងរហូត ខ្ញុំក៏ស្រួលក្នុងការរស់នៅហ្នឹងដែរ»។
កម្រងរូបថត៖ ជីវភាពទូទៅនៃអ្នករស់នៅអគារប៊ូលឌីង
តាមពិតទៅអ្នកស្រីស្ថិតក្នុងចំណោមប្រជាពលរដ្ឋ១០នាក់ផ្សេងទៀត ដែលវីអូអេបានធ្វើការសាកសួរ ហើយដែលរស់នៅក្នុងអគារប៊ូលឌីង ហើយឆ្លើយថា មិនបានដឹងជាក់លាក់អ្វីឡើយអំពីគម្រោងនៃការកម្ទេចអគារ និងការជម្លៀសប្រជាពលរដ្ឋចេញនោះ។
បណ្តាញផ្សព្វផ្សាយព័ត៌មានបានដកស្រង់សម្ដីរបស់លោកប៉ា សុជាតិវង្សអភិបាលក្រុងភ្នំពេញដែលថា សំណង់អគារនេះនឹងត្រូវកម្ទេចចោល ហើយប្រហែលជាទុកឲ្យក្រុមហ៊ុនអភិវឌ្ឍគឺក្រុមហ៊ុនវិនិយោគទុន Overseas Cambodia Investment Corporation (OCIC) សម្រាប់ធ្វើការអភិវឌ្ឍ ខណៈពេលដែលប្រជាពលរដ្ឋសរុបជាង៦០០គ្រួសាររស់នៅក្នុងអគារប៊ូលឌីងនឹងត្រូវផ្លាស់ឲ្យទៅរស់នៅក្នុងសំណង់អគារសាងសង់ដោយក្រុមហ៊ុននៅក្រៅរាជធានីភ្នំពេញវិញ។
ក្នុងការដកស្រង់សម្ដីដដែលកាលពីដើមខែកញ្ញា លោកអភិបាលក្រុងបានបញ្ជាក់ពីមូលហេតុដោយលើកឡើងថា អគារប៊ូលឌីងមានសភាពទ្រុឌទ្រោម ហើយដល់ពេលដែលត្រូវកម្ទេចចោល។
អគារប៊ូលឌីង ឬ White Building ត្រូវបានកសាងឡើងនៅក្នុងអំឡុងទសវត្សរ៍១៩៦៣ក្នុងសម័យសង្គមរាស្ត្រនិយមគ្រប់គ្រងដោយអតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ។
អគារប្រវត្តិសាស្ត្រមួយនេះសាងសង់ដោយស្ថាបត្យករខ្មែរមួយរូបគឺលោកលូ បានហាប់ និងជនជាតិរុស្ស៊ីម្នាក់ទៀតលោក Vladimir Bodiansky ក្រោមការប្រឹក្សាផ្ទាល់ដោយលោកវណ្ណ ម៉ូលីវណ្ណ។ លោកវណ្ណ ម៉ូលីវណ្ណគឺស្ថាបត្យករដ៏ល្បីមួយរូបដែលបានធ្វើសំណង់អគារប្រវត្តិសាស្ត្រធំៗជាច្រើន ដូចជាពហុកីឡាដ្ឋានជាតិអូឡាំពិច សាលសន្និសីទចតុមុខ ផ្សារធំថ្មី និងរោងល្ខោនទន្លេបាសាក់ជាដើម។ ប៉ុន្តែស្នាដៃរបស់លោកវ៉ាន់ ម៉ូលីវណ្ណមួយចំនួនត្រូវបោះបង់ចោល ឬកំពុងស្ថិតក្រោមការគំរាមកំហែង។
អគារប៊ូលឌីងនេះស្ថិតនៅតាមបណ្ដោយផ្លូវសុធារស និងស្ថិតនៅភាគខាងត្បួងនៃព្រះមរមរាជវាំងក្រុងភ្នំពេញ។ អគារនេះមានបន្ទប់រហូតដល់៤៦៨បន្ទប់ និងបង្កើតឡើងក្នុងគោលដៅដើម្បីផ្ដល់ជាកន្លែងស្នាក់នៅដល់មន្ត្រីរាជការក្នុងសង្គមរាស្ដ្រនិយម ដូចជាក្រុមអ្នកតន្ត្រី សិល្បករ និងសម្រាប់ប្រជាពលរដ្ឋដែលមានកម្រិតជីវភាពរស់នៅថ្នាក់មធ្យម។
ប៉ុន្តែក្រោយពីរបបខ្មែរក្រហមដួលរលំ អគារនេះបានក្លាយជាជម្រករស់នៅចម្រុះរបស់ប្រជាពលរដ្ឋសរុបជាង២៥០០នាក់។ ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមនេះជាអ្នកមាន អ្នកក្រីក្រ អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ជាគ្រូបង្រៀន សិល្បករ និងមួយចំនួនតូចជាស្ត្រី ឬបុរសរកស៊ីផ្លូវភេទជាដើម។
គួររំឭកថា ការអភិវឌ្ឍនៅក្នុងក្រុងភ្នំពេញនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនរងការប៉ះពាល់។ សហគមន៍ខ្លះទទួលបានសំណងត្រឹមត្រូវ។ ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ត្រូវបណ្តេញចេញដោយបង្ខំតួយ៉ាងដូចជាសហគមន៍បុរីកីឡា បឹងកក់ សម្បុកចាប និងដីក្រហមជាដើម។ ហើយទីបញ្ចប់ ពួកគេត្រូវទៅនៅទីតាំងដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ធគ្មានសាលារៀន គ្មានមន្ទីរពេទ្យជាដើម។
ទោះបីជាប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូលឌីងភាគច្រើនហាក់មិនបានដឹងអំពីពាក្យសម្ដីមិនផ្លូវការអំពីគម្រោងនៃការកម្ទេចអគារប៊ូលឌីងចោលយ៉ាងណាក្ដី ពលរដ្ឋទាំងនោះហាក់សម្ដែងការព្រួយបារម្ភថា ប្រសិនបើមានការជម្លៀសពួកគេចេញពីទីតាំងដែលពួកគេកំពុងរស់នៅមែននោះ ពលរដ្ឋដែលភាគច្រើនជាអ្នកក្រីក្រអាចនឹងប្រឈមជាមួយបញ្ហាច្រើននៅទីតាំងថ្មីដែលក្រុមហ៊ុនផ្ដល់ឲ្យ។
កំពុងអង្គុយដេរសម្លៀកបំពាក់នៅក្នុងអគារប៊ូលឌីងជាន់ទី៣ អ្នកស្រីមឿន សុផលគឺជាអតីតមន្ត្រីរាជការដែលចូលនិវត្តន៍។ គាត់បានមករស់នៅក្នុងអគារប៊ូលឌីងអស់រយៈពេលជិត៤០ឆ្នាំមកហើយ។ ជាម្ដាយនៃកូនពីរនាក់ គាត់និយាយថា គាត់បានដឹងដំណឹងខ្លះៗតាមការនិយាយតៗគ្នាថា រដ្ឋាភិបាលគ្រោងនឹងកម្ទេចអគារប៊ូលឌីងចោល ហើយពលរដ្ឋទាំងប៉ុន្មាននឹងត្រូវជម្លៀសឲ្យទៅរស់នៅក្នុងសង្កាត់ជ្រោយចង្វា។ ក៏ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះមិនបានឃើញមានក្រុមអាជ្ញាធរណាចុះមកសាកសួរប្រជាពលរដ្ឋអ្វីឡើយ។
អ្នកស្រីបន្ថែមថា ពលរដ្ឋភាគច្រើនហាក់មិនជំទាស់នឹងគម្រោងរបស់រដ្ឋាភិបាលទេ ក៏ប៉ុន្តែពលរដ្ឋបានសម្ដែងការព្រួយបារម្ភថា ទីតាំងថ្មីនឹងបង្កការលំបាកដល់ពលរដ្ឋក្នុងការរស់នៅ រកស៊ី និងជាពិសេសក្មេងៗ ដែលអាចប្រឈមនឹងការបាត់បង់ការសិក្សា។
«ប៊ូលឌីងនេះវាស្រួល វានៅកណ្ដាលក្រុង ហើយម្យ៉ាងខ្ញុំមករស់នៅតាំងពីឆ្នាំ១៩៧៩។ ដល់អញ្ចឹងការរស់នៅវាស្រួល ដោយយើងរស់នៅជិតកន្លែងទាំងអស់។ ពលរដ្ឋភាគច្រើនអត់ចង់ទៅទីណាក្រៅពីប៊ូលឌីងនេះទេ ប្រសិនបើរដ្ឋាភិបាលអត់ត្រូវការ។ ចង់នៅទីនេះ។ កុំថា ប៊ូលឌីងនេះពុក ស្រាំគឺអត់អ្វីទាំងអស់»។
លោកហែម លែម អាយុ៥៣ឆ្នាំគឺជាអតីតពលរដ្ឋក្នុងសហគមន៍ដីក្រហម ដែលត្រូវបណ្តេញចេញពីលំនៅដ្ឋានជាច្រើនឆ្នាំមកហើយ។
លោកបានមកជួលបន្ទប់ស្នាក់នៅក្នុងអគារប៊ូលឌីងនេះ ក្រោយពីលោកពិបាករស់នៅក្នុងទីតាំងថ្មីដែលត្រូវដោះដូរនោះ។
«យើងអ្នកក្រីក្រ ជួលផ្ទះប៊ូលឌីងហ្នឹងវាបានថោកបន្តិច។ បើគ្មានប៊ូលឌីងហ្នឹងទេប្រហែលជាអ្នកក្រីក្រ ដូចខ្ញុំអញ្ចឹង មិនបាននៅហ្នឹងទេ។ គេខ្លាចយកគេទៅចោល ទឹកក៏គ្មាន សាលារៀនក៏គ្មានអ្វីៗក៏គ្មាន។ អញ្ចឹងបានពលរដ្ឋគេមិនចង់ចេញហ្នឹង»។
ផ្នែកខាងក្រៅភាគច្រើននៃអគារប៊ូលឌីងបានចាប់ផ្ដើមដុះស្លែពណ៌ខ្មៅប្រតាកហើយរងការបែកបាក់ដោយអន្លើៗ។ អគារនេះ បើគេក្រឡេកមើលមួយភ្លែតហាក់ដូចជាអគារដែលត្រូវបោះបង់ចោលកណ្តាលទីក្រុង នៅក្នុងចំណោមអគារថ្មីៗ ប្រណិតៗ ដែលមានពណ៌ឆើតឆាយដែលរីកដុះដាលព្រោងព្រាត។
សកម្មភាពនៃការលក់ដូរតាមចិញ្ចើមផ្លូវមានតកន្ទុយគ្នា ពីដើមអគាររហូតដល់ចុងអគារ។ ហើយគេអាចឃើញគំនរសម្រាមជាច្រើនកន្លែងនានានៅតាមបណ្ដោយផ្លូវចូលទៅក្នុងអគារ។ ហើយប្រជាពលរដ្ឋបានយកផ្នែកខាងក្រៅនៃអគារជាទីតាំងសម្រាប់ព្យួរខោអាវរណែងរណោង និងបដាផ្សេងៗ។
កំពុងអង្គុយចិតបន្លែនៅក្បែរជណ្ដើរឡើងនៃអគារប៊ូលឌីងជាន់ទី៣ អ្នកស្រីហ៊ុន សារ៉េនបានមករស់នៅជាមួយបងស្រីរបស់អ្នកស្រីក្នុងអគារនេះជាច្រើនឆ្នាំមកហើយ។ អ្នកស្រីអះអាងថា បើទោះបីជាអគារនេះមានលក្ខណៈចាស់បន្តិចមែន ប៉ុន្តែគ្រឹះនៃអគារនៅរឹងមាំនៅឡើយ។
គាត់រអ៊ូរទាំមិនចងចាកចេញទៅរស់នៅកន្លែងថ្មីឡើយ។
«ព្រោះកូនចៅរៀនសូត្រ។ នៅហ្នឹង នៅស្រួលណាអូន ជិតសាលារៀន ជិតវត្តអារាម ទាំងអស់ហ្នឹង។ ក៏ប៉ុន្តែបើរដ្ឋថា គាត់ចង់បានហើយ យើងសុំតែសំណងសមរម្យ ឲ្យស្របច្បាប់ ពីព្រោះផ្ទះនេះមិនមែននៅដោយចិត្តឯងទេ នៅតាមក្រសួងដែលគេចែកឲ្យយើង កន្លែងធ្វើការងារនៅជិត»។
លោកអ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោតបានចេញសេចក្ដីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជារក្សាទុកអគារប៊ូលឌីង ដោយហេតុថា អគារនេះស្ថិតក្នុងសំណង់អគារប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ហើយម្យ៉ាងស្ថានភាពអគារនោះនៅល្អនៅឡើយ។
អង្គការរបស់លោកបានធ្វើការរយៈពេលជាង៣ឆ្នាំមកហើយចុះទៅជួសជុលផ្នែកខ្លះនៃអគារប៊ូលឌីង។ លោកបន្តថា រដ្ឋាភិបាលគប្បីចាត់ឲ្យមានក្រុមការងារដែលមានការចូលរួមពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីសិក្សាពីស្ថានភាពជាក់ស្ដែងរបស់អគារ។
លោកអ៊ី សារុំ ព្រួយបារម្ភថា ការបណ្តេញប្រជាពលរដ្ឋចេញពីទីនេះនឹងបង្កឲ្យមានបញ្ហាច្រំដែលដូចការបណ្តេញចេញមុនៗដែរ។
«សាលារាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាល គ្មានប្រវត្តិបង្ហាញពីភាពជាក់លាក់ដល់ប្រជាពលរដ្ឋទេ។ គាត់និយាយឲ្យតែល្អស្ដាប់ ពីរោះស្ដាប់។ ក៏ប៉ុន្តែលទ្ធផលចុងក្រោយ ប្រជាពលរដ្ឋគាត់ជួបបញ្ហាកាន់តែអាក្រក់ជាងកន្លែងចាស់ ដែលគាត់ធ្លាប់រស់នៅទៅទៀត។
លោកប៉ែនសិរីបញ្ញា វិស្វករម្នាក់ ដែលធ្វើការក្នុងគម្រោងរបស់លោកវណ្ណ ម៉ូលីវណ្ណ ថ្លែងថា ប្រសិនបើមានជម្រើសផ្សេង រដ្ឋាភិបាលគួរពិចារណារក្សាអគារប្រវត្តិសាស្ត្រនេះទុក។
«អគារហ្នឹងវាតំណាងឲ្យស្ថាបត្យកម្មទំនើបរបស់ខ្មែរ ជាអគារដែលទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ខ្មែរ ហើយបើយើងបាត់បង់វា បានន័យថា យើងបាត់បង់ប្រវត្តិសាស្ត្រទីក្រុងភ្នំពេញយើង»។
ទោះបីជាយ៉ាងណាក្ដី បន្ទាប់ពីមានការចុះផ្សារសម្ដីរបស់លោកប៉ា សុជាតិវង្ស អំពីគម្រោងកម្ទេចអគារប៊ូលឌីងចោល អ្នកនាំពាក្យនៃសាលាក្រុងភ្នំពេញលោកឡុង ឌីម៉ង់បានទាត់ចោលព័ត៌មានដែលថា អគារប៊ូលឌីងនឹងត្រូវកម្ទេចចោលនោះ។ លោកហៅការដកស្រង់សម្ដីរបស់លោកអភិបាលក្រុងប៉ា សុជាតិវង្សកន្លងមកថា ជាភាន់ច្រឡំ។
«អត់មានផង។ បើអត់មានគម្រោងការអីផង ធ្វើម៉េចអាចដំណើរការបាន។ អត់មានទេ។ បកស្រាយខុស ហើយនាំគ្នាផ្អើលលាន់»។
ក៏ប៉ុន្តែលោកស៊ឹង សុច្ចរ៉ា អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ ថ្លែងថា អគារប៊ូលឌីង White Building នេះមានលក្ខណៈចាស់ទ្រុឌទ្រោមហើយ ហើយសាលាក្រុងមានការព្រួយបារម្ភថា ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអាចនឹងរងគ្រោះថ្នាក់។
លោកបញ្ជាក់ថា សាលាក្រុងធ្លាប់បានចុះទៅធ្វើការសិក្សាអំពីអគារនោះច្រើនលើកមកហើយដែរ។
ក៏ប៉ុន្តែលោកបានបដិសេធមិនធ្វើអធិប្បាយ ថាតើសាលាក្រុងមានគម្រោងបណ្តេញប្រជាពលរដ្ឋចេញ ឬអាគារនោះនឹងត្រូវកម្ទេចចោលឬយ៉ាងណាទេ៕