លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំលើកទី១០នៃគណៈកម្មការចម្រុះកម្ពុជា~ថៃ សម្រាប់សហប្រតិបត្តិការទ្វេភាគីនៅថ្ងៃទី២៥ និង២៦ ខែសីហា ឆ្នាំ២០១៦ខាងមុខ នៅក្នុងប្រទេសថៃ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃអង្គារទី២៣នេះ។
បើតាមសេចក្តីជូនព័ត៌មានដដែលនេះ នៅក្នុងកិច្ចប្រជុំទ្វេភាគីរយៈពេល២ថ្ងៃនេះ លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសប្រទេសថៃ លោក ដូន ប្រាំម៉ូដវីណៃ (Don Pramudwinai) នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដែលជាផលប្រយោជន៍រួមចំពោះប្រទេសទាំង២ ដើម្បីលើកកម្ពស់និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា~ ថៃ ដែលប្រទេសទាំង២ធ្លាប់ពិភាក្សាគ្នាកន្លងមក។
កាលពីខែធ្នូ ឆ្នាំ២០១៥កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសថៃនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា~ថៃផងដែរ។កិច្ចប្រជុំទ្វេភាគីនោះ បានជំរុញបន្ថែមចំពោះគម្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់១៥.០០០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០២០ខាងមុខ ពង្រីកការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវដែក ដោយការបើកច្រកព្រំដែនថ្មីៗបន្ថែម និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សុខភាពសាធារណៈ និងវិស័យការងារជាដើម។
VOA មិនអាចទាក់ទងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដើម្បីសុំការអធិប្បាយបន្ថែមទេ នៅថ្ងៃអង្គារនេះ៕