ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បានប្តេជ្ញាពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែខ្លាំក្លាថែមទៀត ខណៈដែលវិស័យនេះនៅមានកម្រិតទាបនៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ថា នៅឆ្នាំ២០១៨ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំប្រមាណជា៥០០លានដុល្លារអាមេរិក ប៉ុន្តែនៅក្នុងឆមាសទី១នៃឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ជាង៤០០លានដុល្លារអាមេរិក។
«ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជាម៉ាឡេស៊ី ខ្ញុំនឹងឯកឧត្តមមហាធា បានឯកភាពឲ្យស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីររិះរកវិធីពង្រីកសហប្រតិបត្តិការក្នុងវិស័យនេះបន្ថែមទៀត»។
លោកនាយករដ្ឋមន្ត្រីខ្មែរថ្លែងដូច្នេះទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មានក្នុងទីក្រុងភ្នំពេញក្រោយពីលោកជួបសន្ទនាជាមួយសមភាគីម៉ាឡេស៊ីរបស់លោកគឺលោកមហាធា ម៉ូហាម៉េដ។ លោកមហាធា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃរបស់លោកនៅប្រទេសកម្ពុជាកាលពីថ្ងៃចន្ទម្សិលមិញនេះ។
លោក មហាធា មហាម៉ាត់ (Mahathir Mohamad) បានលើកឡើងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីនៅពេលនេះគឺស្ថិតក្នុងកម្រិតទាបនៅឡើយ ហើយប្រទេសម៉ាឡេស៊ីក៏កំពុងមានប្រៀបលើកម្ពុជា ដែលតម្រូវឲ្យលោកនឹងខិតខំបន្ថែមទៀតដើម្បីកៀរគរការទិញទំនិញបន្ថែមទៀតពីកម្ពុជា។
ថ្លែងជាភាសាអង់គ្លេស និងមានការប្រែសម្រួលជាភាសាខ្មែរ លោកមហាធា វ័យ៩៤ឆ្នាំ មានប្រសាសន៍ថា៖
«នៅពេលដែលត្រឡប់នៅម៉ាឡេស៊ីវិញ ខ្ញុំនឹងប្រាប់ឲ្យប្រជាជនយើងអ្វីដែលអាចទិញពីកម្ពុជាបានថែមទៀត»។
លោកមហាធាគូសបញ្ជាក់បន្ថែមថា ទំនិញដែលម៉ាឡេស៊ីអាចទិញពីកម្ពុជានោះដូចជាផ្លែឈើនិងផលិតផលផ្សេងទៀតដែលនឹងអាចជួយឲ្យកម្ពុជាបង្កើនការនាំទំនិញរបស់ខ្លួនទៅកាន់ម៉ាឡេស៊ីបាន។
ក្រោយពីកិច្ចសន្ទនាទ្វេភាគីរបស់ប្រមុខដឹកនាំទាំងពីរ ប្រទេសកម្ពុជានិងម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងរួមគ្នាចំនួនពីរ ក្នុងនោះមានអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេសពន្ធលើកប្រាក់ចំណូលរវាងរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហការក្នុងវិស័យទេសចរណ៍ដែលនឹងអនុញ្ញាតឲ្យទេសចរប្រើប្រាស់ទិដ្ឋាការតែមួយសម្រាប់ចូលទស្សនាប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកវិភាគកិច្ចការតំបន់ យល់ថា កម្ពុជានិងម៉ាឡេស៊ីអាចជ្រើសរើសយកយន្តការអាស៊ាន ដើម្បីជាស្ពានឈានដល់ការពង្រីកការបណ្តាក់ទុនវិនិយោគរវាងប្រទេសទាំងពីរ។
«និយាយឲ្យចំទៅ ក្នុងក្របខ័ណ្ឌអាស៊ាន វាអត់មានរបង ឬក៏គ្រឹះ ឬក៏រនាំងដែលធ្វើឲ្យលំបាកដល់ការធ្វើពាណិជ្ជកម្ម និងជំនួញហ្នឹងទេ បាទ»។
យោងតាមសេចក្តីថ្លែងការណ៍រួមក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាម៉ាត់ មេដឹកនាំកំពូលនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរអំពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងរង្វង់រដ្ឋជាសមាជិកសមាគមអាស៊ាន រួមទាំងបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ការវិវត្តនៅរដ្ឋរ៉ាក់ខាញ ប្រទេសភូមា ឬមីយ៉ាន់ម៉ា និងការប្រឆាំងអំពើភេរវកម្មជាសកល។
នៅក្នុងក្របខណ្ឌអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចង់ឃើញប្រទេសទីម័រខាងកើត (Timor-Leste) ក្លាយជាសមាជិកទី១១របស់សមាគមអាស៊ាន។ អាស៊ានបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស៕