ក្នុងរយៈពេលមួយខែកន្លងទៅនេះ មានករណីបណ្តេញចេញលេចធ្លោចំនួនពីរ បានកើតមានឡើងនៅកម្ពុជា គឺការបណ្តេញចេញប្រជាពលរដ្ឋតំបន់បុរីកីឡា និងការប៉ះទង្គិចដោយបង្ហូរឈាមរវាងក្រុមហ៊ុនចម្ការកៅស៊ូ TTY នៅស្រុកស្នួល ខេត្តក្រចេះ។
ការប៉ះទង្គិចគ្នានៅសហគមន៍បុរីកីឡា អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំបីនាក់ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ថា បានប្រើអំពើហិង្សាប្រឆាំងនឹងអ្នករាជការសាធារណៈ។ ចំណែកឯនៅស្រុកស្នួល ខេត្តក្រចេះវិញ សន្តិសុខចម្ការកៅស៊ូ TTY របស់ឧកញ៉ា ណា ម៉ារ៉ាឌី បានបាញ់ប្រជាពលរដ្ឋចំនួនបួននាក់ឲ្យទទួលរងរបួស រួចហើយទើបចាប់ខ្លួនជនសង្ស័យពីរនាក់បញ្ជូនទៅកាន់តុលាការ។
ព្រឹត្តិការណ៍វិវាទដ៏លេចធ្លោដែលបានកើតមានឡើងនៅក្នុងខែមករាកន្លងទៅនេះ សុទ្ធតែបង្ហាញឲ្យឃើញថា ក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលបានរំលោភសិទ្ធិលើប្រជាពលរដ្ឋ។
អ្នកវិភាគនយោបាយឯករាជ្យ និងមន្ត្រីអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលការរំលោភដីធ្លីបានព្រមានថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់ដីធ្លី និងផ្ទះសម្បែងអាចនឹងងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលប្រសិនបើបណ្តោយឲ្យក្រុមហ៊ុនឯកជនបន្តរំលោភសិទ្ធិមនុស្សដូចបច្ចុប្បន្ននេះទៀត។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បានលើកយកឧទាហរណ៍លោកនួន ជា អតីតប្រធានរដ្ឋសភានៅក្នុងរបបខ្មែរក្រហមដែលបានថ្លែងប្រាប់សាលាក្តីខ្មែរក្រហមថាការចូលរួមបដិវត្តន៍ប្រឆាំងនឹងអ្នកដឹកនាំ គឺកើតចេញពីការជិះជាន់។ លោកបណ្ឌិតឡៅ ម៉ុងហៃ បានបញ្ជាក់ថាកម្ពុជាគួរតែយកមេរៀនប្រវត្តិសាស្ត្រ ដើម្បីជៀសវាងការងើបតវ៉ាប្រឆាំងដែលបង្កឲ្យមានអស្ថិរភាពក្នុងសង្គម។
«នៅក្នុងចំណោមអ្នករងគ្រោះហ្នឹង វាមានយុវជន យុវនារី ក្មេងៗ។ ក្រែងពេលតែវាឃើញអញ្ចឹង វាឈឺចាប់។ ម្លោះហើយអ្នកនោះ ថ្ងៃក្រោយវាមានទុក្ខ ហើយវាមិនដឹងទៅធ្វើអ្វី។ មិនដឹងថាវាដក់ចិត្ត ឬមួយយ៉ាងម៉េច។ ខ្ញុំថាអ្នកខ្លះវាដក់ចិត្ត។ ដូចជានួន ជា ដក់ចិត្តរឿងការជិះជាន់ហ្នឹងជាដើម»។
ដើម្បីស្តារប្រជាប្រិយភាពរដ្ឋាភិបាលឡើងវិញបន្ទាប់ពីមានការរិះគន់ពីការបណ្តេញចេញដោយបង្ខំរឿងវិវាទដីធ្លី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីសប្តាហ៍មុនបានចេញបញ្ជាថានឹងដកហូតដីសម្បទានសេដ្ឋកិច្ចចេញពីក្រុមហ៊ុនឯកជនណាដែលរំលោភសិទ្ធិប្រជាពលរដ្ឋ និងរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកហ៊ុន សែន ក៏បានចេញបញ្ជាឲ្យក្រុមហ៊ុនចម្ការកៅស៊ូ TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី ប្រគល់ខ្លួនជនបាញ់ប្រជាពលរដ្ឋ។
រយៈពេលប្រាំថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញបញ្ជា អាជ្ញាធរបានចាប់ខ្លួនសន្តិសុខក្រុមហ៊ុនTTY ចំនួនពីរនាក់ ដាក់ពន្ធនាគារពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់ប្រហារប្រជាពលរដ្ឋ។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា នេះគឺជាការបរាជ័យមួយនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដោយសារតែអភិបាលខេត្ត អាជ្ញាធរ និងព្រះរាជអាជ្ញាធរខេត្តក្រចេះ មិនហ៊ានចេញមុខចាប់ជនដៃដល់មកផ្តន្ទាទោស។ លោកបានបញ្ជាក់ថា នៅក្នុងប្រទេសមួយមានករណីបទល្មើសច្រើនរាប់ពាន់ករណីទៀត ប្រសិនណាបើយើងរង់ចាំបទបញ្ជាលោកនាយករដ្ឋមន្ត្រី។
«ខ្ញុំថាឲ្យមានការស៊ើបអង្គេតឡើងវិញ សើររើឡើងវិញ។ ដីសម្បទានណាដែលមានអំពើបែបហ្នឹងគឺត្រូវតែលុបចោល។ ពីព្រោះអីដីសម្បទានបានមកដោយប្រព្រឹត្តអំពើខុសច្បាប់។ បើនិយាយឲ្យសាមញ្ញគេហៅថាការយកដីដោយលួចគេ។ ដូចរបស់ចោរ ហើយរបស់ចោរ អ្នកយករបស់ចោរគឺខុសហើយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះ។ ក៏ប៉ុន្តែលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានលើឡើងថា ការងើបឡើងតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសារតែរឿងវិវាទដីធ្លី មិនអាចកើតមានឡើងទេ។
«បឹងកក់ក៏ដោយ ឬក៏បុរីកីឡាក៏ដោយ ឬក៏កន្លែងត្រង់ណាក៏ដោយ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ អញ្ចឹងខ្ញុំមើលឃើញថា វាមិនកើតមានឡើងដោយសារតែដំណឹងនេះវិជ្ជមាន លើមួយលាននាក់អវិជ្ជមាន»។
យ៉ាងតិចមានក្រុមហ៊ុនឯកជនជាង២០០ ទទួលបានដីសម្បទានសេដ្ឋកិច្ចនៅលើទំហំផ្ទៃដីប្រមាណជាងពីរលានហិកតាពីរដ្ឋាភិបាល។
លោក អ៊ូច ឡេង មន្ត្រីដីធ្លីរបស់សមាគមន៍សិទ្ធិមនុស្សអាដហុកបានប្រាប់វីអូអេថាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងនោះមិនបានគោរពច្បាប់ និងគោលការណ៍របស់រដ្ឋាភិបាលទេ៕