មិនបានប៉ុន្មានថ្ងៃក្រោយពីសភាឯកបក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអនុម័តវិសោធនកម្មច្បាប់កាលពីថ្ងៃទី១៣ អនុញ្ញាតឲ្យអ្នកនយោបាយប្រឆាំងអាចធ្វើនយោបាយវិញនោះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលលោកហ៊ុន សែនបានបង្ហើបប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា លោកសម រង្ស៊ីគួរប្តូរឥរិយាបថមានស៊ីអត់ សែន មានសែនអត់ស៊ី ហើយវិលត្រឡប់មករកតុចរចាវិញ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុវាយោដែលត្រូវចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលដែលមានឋានៈស្នើរដ្ឋមន្ត្រីផងនោះ បាននិយាយថា ក្នុងនាមខ្មែរដូចគ្នា មិនមែនមានឯងអត់អញ មានអញអត់ឯងនោះទេ ហើយត្រូវមករកវប្បធម៌សន្ទនាឡើងវិញ។ លោកបញ្ជាក់ថា វប្បធម៌សន្ទនាអាចនឹងមានរូបរាងបន្ទាប់ពីការផ្តល់និតិសម្បទានេះចូលជាធរមានតាមស្មារតីវិសោធនកម្ម។
ទោះជាយ៉ាងណាក្តី អ្នករិះគន់រដ្ឋាភិបាលនិយាយថា វប្បធម៌សន្ទនាត្រូវបរាជ័យកន្លងមកគឺដោយសាររដ្ឋាភិបាលរបស់គណបក្សកាន់អំណាចប្រើយុទ្ធសាស្ត្រដកគូប្រជែងដែលមានសំឡេងប្រហាក់ប្រហែលនឹងខ្លួន មិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៨។
លោកសមរង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិបានអំពាវនាវមិនឲ្យមន្ត្រីគណបក្សប្រឆាំងនេះសុំលោកហ៊ុន សែនចូលធ្វើនយោបាយវិញ ដែលលោកនិយាយថា ចូលគ្រាន់តែបម្រើនយោបាយលោកលោកហ៊ុន សែនតែប៉ុណ្ណោះ។
ក្នុងតំណាក់កាលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនត្រៀមខ្លួនដាក់ពាក្យទៅលោកហ៊ុនសែន ដើម្បីសុំសិទ្ធិធ្វើនយោបាយ។ លោកសម រង្ស៊ីនិយាយថា ជាបឋមរដ្ឋាភិបាលត្រូវដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់សម្បទានឲ្យគណបក្សសង្គ្រោះជាតិជាតិឡើងវិញ និងផ្តល់អាសនៈដែលគណបក្សនេះទទួលបានពីការបោះឆ្នោតកន្លងមកនិងរៀបចំការបោះឆ្នោតឡើងវិញ៕