គណៈកម្មាធិការប្រព្រឹត្តិកម្មដែលមានអង្គការក្រៅរដ្ឋាភិបាលជាសមាជិកចំនួន២៣ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាដោយកងកម្លាំងប្រដាប់អាវុធ ដែលបានកើតឡើងជាបន្តនៅកម្ពុជា ហើយបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលទាំងនោះជាអ្នកការពារប្រយោជន៍ឲ្យក្រុមហ៊ុនឯកជន ជាជាងការពារប្រជាពលរដ្ឋអ្នករងគ្រោះ។
ការថ្កោលទោសរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីមានការចាប់ខ្លួនប្រជាពលរដ្ឋសហគមន៍បឹងកក់ជាបន្តបន្ទាប់ចំនួន១៥នាក់យកទៅឃុំឃាំងជាបណ្ដោះអាសន្ន និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងប្រាំមួយខែកាលពីសប្ដាហ៍មុនដោយសារតែជនរងគ្រោះទាំងនោះ បានតវ៉ាជំរុញឲ្យមានការដោះស្រាយនិងបែងចែកដីធ្លីសម្រាប់ពួកគេក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា រយៈពេលប្រាំខែដើមឆ្នាំ២០១២នេះ មានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ២៤នាក់ ដោយសារការបណ្ដេញចេញពីលំនៅដ្ឋានដោយបង្ខំ ការបង្រ្កាបបាតុកម្មដោយសន្ដិវិធី ការបាញ់ប្រហារក្រៅច្បាប់ជាដើម ហើយមិនមានការស៊ើបអង្កេតត្រឹមត្រូវនោះទេ។
ជនរងគ្រោះដល់ស្លាប់មានចំនួនពីរនាក់គឺលោក ឈុត វុទ្ធី សកម្មជនការពារបរិដ្ឋានម្នាក់ និងកុមារីហេង ចន្ថា ក្នុងខេត្តក្រចេះ ការបាញ់លើកម្មការីនីរោងចក្រដោយអភិបាលក្រុងបាវិតខេត្តស្វាយរៀង រួមទាំងអ្នកភូមិបឹងកក់ទាំង១៥នាក់ផងដែរ។
អង្គការក្រៅរដ្ឋាភិបាលទាំង២៣ អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើក្រុមប្រជាពលរដ្ឋដែលធ្វើការតវ៉ាដោយសន្ដិវិធី ស្នើឲ្យមានការស៊ើបអង្កេតលើករណីសម្លាប់ក្រៅច្បាប់ និងទាមទារឲ្យដោះលែងជាបន្ទាន់នូវអ្នកភូមិបឹងកក់ទាំង ១៥នាក់។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា មានប្រជាពលរដ្ឋ យ៉ាងហោចណាស់ចំនួន៤២៧នាក់ នៅទូទាំងប្រទេសត្រូវបានចោទប្រកាន់ដោយតុលាការក្នុងជម្លោះដីធ្លី និងអំពើហិង្សាផ្សេងៗរហូតដល់ដើមឆ្នាំ២០១២។
លោកនី ចរិយា មានប្រសាសន៍ថាប្រជាពលរដ្ឋទាំងនេះកំពុងស្ថិតភាពមិនប្រាកដប្រជាពីសុវត្ថិភាពរបស់ខ្លួន។
«អ្នកដែលត្រូវចោទប្រកាន់នោះ គឺស្ថិតក្នុងស្ថានភាពមួយគ្មានសុវត្ថិភាពទាល់តែសោះក្នុងការរស់នៅជាអ្នកមានសេរីភាពដូចគេដែរ»។
លោកទិត្យ សុធា អ្នកនាំពាក្យមួយរូបរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ថា រដ្ឋាភិបាលមានទិសដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាដោយឈរលើមូលដ្ឋានច្បាប់។ ក៏ប៉ុន្ដែឧបទេ្ទហេតុមួយចំនួនជារឿងចៃដន្យ ហើយលោកទិត្យ សុធា បានហៅប្រជាពលរដ្ឋនៃសហគមន៍មួយចំនួនមានការតាំងលំនៅដោយខុសច្បាប់។
«ការបង្រ្កាបបទល្មើសដែលមានការតដៃគ្នាគឺមានគ្រោះថ្នាក់ចៃដន្យកើតឡើង ដូច្នេះរឿងនេះមិនអាចចាត់ចូលជាចេតនារបស់សមត្ថកិច្ចរាជរដ្ឋាភិបាល ក្នុងការសម្លាប់មនុស្សក្រៅច្បាប់ទេ។ បញ្ហាបឹងកក់ ដែលមានការចោទប្រកាន់ទៅតុលាការនោះជាការអនុវត្តច្បាប់របស់ប្រទេសកម្ពុជាទៅលើអ្នកទាំងឡាយណាដែលប្រព្រឹតិ្តខុសច្បាប់»។
ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិល បានជំរុញបន្ថែមទៀតឲ្យរដ្ឋាភិបាលចាប់ខ្លួនជនជាប់សង្ស័យនានាក្នុងការបាញ់សម្លាប់ប្រជាពលរដ្ឋក្រៅច្បាប់យកមកកាត់ទោស៕