រដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានសម្រេចជាផ្លូវការមិនធ្វើបត្យាប័នជនជាតិបារាំងម្នាក់ ដែលខ្លួនបានចាប់កាលពីសប្តាហ៍មុនចេញទៅក្រៅប្រទេសទេ ពោលគឺបន្តឃុំខ្លួននៅកម្ពុជា រហូតដល់ថ្ងៃជំនុំជម្រះទោស។
ថ្លែងនៅក្នុងអង្គសន្និសីទព័ត៌មានបន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ G-20 លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានមានប្រសាសន៍ថាកម្ពុជា បានសម្រេចរួចហើយ គឺរក្សាជនជាតិបារាំងនៅកម្ពុជា។
«រដ្ឋាភិបាលកម្ពុជា បានសម្រេចទុកជនជាតិបារាំងនេះនៅកម្ពុជា។ ការសម្រេចបានធ្វើហើយ សម្រេចទុកនៅនេះមិនបញ្ជូនទៅណា។ បញ្ជូនទៅបារាំងក៏មិនបញ្ជូន ទៅស្រុកចិនក៏មិនបញ្ជូន គឺទុកនៅស្រុកខ្មែរ»។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៣កន្លងទៅនេះ បានចាប់ខ្លួនជនជាតិបារាំងមួយរូបឈ្មោះ ប៉ាទ្រិក ដឺវីល្ល័រ (Patrick Devillers) អាយុ៥២ឆ្នាំ បន្ទាប់ពីបានទទួលសំណើឲ្យចាប់ខ្លួនមួយពីរដ្ឋាភិបាលចិន ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងលោក បូ ស៊ីឡៃ (Bo Xilai) អ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងប្រទេសចិន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមិនបានបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួននេះនៅឡើយទេ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង គ្រាន់តែមានប្រសាសន៍ថាយើងមិនដឹងអំពីមូលហេតុអ្វីទេ រង់ចាំការស្រាវជ្រាវបន្តទៀត។
ក្រសួងការបរទេសបារាំងកាលពីថ្ងៃពុធ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្រាយបំភ្លឺ អំពីមូលហេតុឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ប៉ាទ្រិក ដឺវីល្ល័រ។
លោកស្រី បឺណាដ ឡូរ៉ិនស៍ (Benardi Laurence) អ្នកនាំពាក្យក្រសួងការបរទេសបារាំងប្រចាំកម្ពុជាមិនបានផ្តល់អត្ថាធិប្បាយអ្វីបន្ថែមទៀតទេ នៅពេលដែលព្យាយាមសាកសួរលោកស្រីតាមរយៈសារអេឡិចត្រូនិចនៅថ្ងៃសុក្រនេះ។
លោក ប៉ាទ្រិក ដឺវីល្ល័រ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនៅនាយករដ្ឋានអន្តប្រវេសន៍របស់ក្រសួងមហាផ្ទៃ ដោយមិនទាន់បានបញ្ជូនទៅជំនុំជម្រះនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។
កម្ពុជាបានស្នើសុំរដ្ឋាភិបាលចិនឲ្យផ្តល់ភស្តុតាងបន្ថែមទៀតពាក់ព័ន្ធទៅនឹងជនសង្ស័យ ប៉ាទ្រិក ដឺវីល្ល័រ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទល្មើសនៅចិន។
លោក ប៉ាទ្រិក ដឺវីល្ល័រ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងលោកអ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាលោក បូ ស៊ីឡៃ អតីតអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលចិនមួយរូប ហើយលោកកំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលចិន។
អ្នកស្រី ហ្គូ កៃឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមេសា ពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឃាតជនជាតិអង់គ្លេសមួយរូប៕