តុលាការកំពូលបានបដិសេធបណ្តឹងសុំឲ្យដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង កាលពីថ្ងៃអង្គារ ដោយនិយាយថា ការដោះលែងរូបលោកអាចបង្កគ្រោះថ្នាក់ជាសាធារណៈ ខណៈការគំរាមរំលាយគណបក្សសង្គ្រោះជាតិកំពុងតែដំណើរការ។ លោកកឹម សុខាត្រូវចាប់ខ្លួនកាលពីខែកញ្ញាដោយចោទពីបទក្បត់ជាតិ ហើយអ្នកគាំទ្រលោកនិយាយថា ជាករណីនយោបាយ។ ហេតុការណ៍នេះកើតមានឡើងនៅពេលមានការបង្ក្រាបលើអ្នករិះគន់អំណាចផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលអាចប្រឈមនឹងគូប្រឆាំងដ៏ខ្លាំងនេះ ក្នុងការបោះឆ្នោតឆ្នាំក្រោយ។
គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានបង្កើនការបង្ក្រាបអ្នកនយោបាយប្រឆាំងបណ្តាញព័ត៌មានឯករាជ្យ អង្គការសិទ្ធិមនុស្ស និងបង្ខំឲ្យបណ្តាញព័ត៌មានជាច្រើនបិទទ្វារ។ មេធាវីរបស់លោកកឹម សុខាសុំឲ្យតុលាការកំពូលពិចារណាថា ការឃុំឃាំងលោកកឹម សុខាដែលមានអភ័យឯកសិទ្ធ គឺជាអំពើខុសច្បាប់៕