កម្មវិធីហែលទឹកប្រណាំងគ្នា លេងបាល់ទះ ហាត់ក្បាច់គុនគឺជាផ្នែកមួយនៃវិធីបុណ្យសមុទ្រនៅឆ្នេរក្រុងព្រះសីហនុ កាលពីថ្ងៃសៅរ៍។បុណ្យសមុទ្រនេះធ្វើចំពេលចូលឆ្នាំសកល ក្នុងគោលបំណងទាក់ទាញទេសរចណ៍។
អ្នកទេសចរណ៍ខ្មែរម្នាក់គឺលោកគឹម សេរីរតន៍មកពីភ្នំពេញនិយាយថា៖
«បាទ ខ្ញុំឃើញថា សប្បាយ ព្រោះបងប្អូនយើងមកច្រើន។ គាត់មកពីគ្រប់ទិសទីទាំងអស់ តាំងពីភ្នំពេញ ខេត្តផ្សេងៗ នៅតាមតំបន់ឆ្នេរគ្រប់កន្លែង។ គាត់មកទាំងអស់ មកលេងតំបន់ឆ្នេរហ្នឹង។ អ្វីដែលសប្បាយជាងគេគឺមានអារម្មណ៍ថា កម្ពុជាយើងមានបុណ្យថ្មីមួយទៀតហើយគឺបុណ្យសមុទ្រ»។
រីឯអ្នកស្រីយូ សុផាន់ណាមកពីខេត្តកំពង់ឆ្នាំបន្ថែមថា៖
«ចា៎ មកដល់ទីនេះ ខ្ញុំដឹងថា ទីនេះសប្បាយ។ ហើយសប្បាយជាងគេតែម្តង ព្រោះមានជនជាតិបរទេស ជនជាតិជាច្រើន គ្រប់បណ្តាប្រទេសទាំងអស់មកលេងនៅទីនេះ មកលេងខេត្ត ក្រុងព្រះសីហនុនេះតែម្តង»។
មានមនុស្សប្រមាណ៥ម៉ឺននាក់ចូលរួមបុណ្យសមុទ្រនេះ ដែលមានការបាញ់កាំជ្រួចជ្វាលាអបអរបុណ្យចូលឆ្នាំសកលផង។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និយាយថា៖
«អញ្ចឹងការធ្វើបុណ្យនេះ ទីមួយគឺឃោសនាការអំពីសក្តានុពលទេសចរណ៍តំបន់សមុទ។ គ្រប់ប្រទេសទាំងអស់ ក្រោយពីបានធ្វើបុណ្យឆ្នេរហើយតែងតែមានភ្ញៀវទេសចណ៍កើនឡើងយ៉ាងតិច១៥%។ ឆ្លងតាមបុណ្យនេះ យើងបំផុសស្មារតីប្រជាជន ស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យចូលរួមការពារ និងអភិវឌ្ឍតំបន់សមុទ្រ»។
លោករដ្ឋមន្ត្រីឲ្យដឹងថា មានអ្នកទេសចរណ៍ជាតិ៥០ម៉ឺននាក់ និងអ្នកទេសចរណ៍អន្តរជាតិ១០ម៉ឺននាក់ក្នុងមួយឆ្នាំៗបានទៅទេសចណ៍ឆ្នេរក្រុងព្រះសីហនុ។
ឆ្នេរក្រុងព្រះសីហនុត្រូវបានក្លឹបឆ្នេរពិភពលោកចាត់បញ្ចូលក្នុងចំណោមឆ្នេរល្អបំផុត។
ការអភិវឌ្ឍន៍តំបន់ឆ្នេរនៅខេត្តព្រះសីហនុមានការបណ្តេញប្រជាជនពីផ្ទះសម្បែង
និងការរុះរើតូបរបស់អាជីវករជាច្រើន ដែលនាំឲ្យមានការតវ៉ារបស់ប្រជាជន និងការរិះគន់ពីអង្គការសង្គមស៊ីវិលអំពីការរំលោពសិទ្ធិមនុស្ស៕