យោងតាមការឲ្យដឹងពីសមាជិកសភាកុងហ្គោ និងអ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោ ករណីពុករលួយធំបំផុតក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានទាមទារឲ្យមានការស៊ើបអង្កេត ដោយគ្មានការពន្យល់ជាផ្លូវការណាមួយឡើយ។ ក្រុមស៊ើបអង្កេតកំពុងតែធ្វើការលើករណីកេងប្រវ័ញ្ចមួយ ដែលបណ្ដាលឲ្យរដ្ឋាភិបាលបាត់បង់ថវិការបស់ខ្លួនរហូតដល់ជាង៣.០០០លានដុល្លារ។
ការស៊ើបអង្កេតនេះគឺធ្វើឡើងដើម្បីអង្កេតលើករណីចោទប្រកាន់ពីអំពើពុករលួយមួយក្នុងរយៈពេលជាងបួនឆ្នាំចាប់ពីឆ្នាំ២០០៩ ដល់ ២០១៣ គឺលើសេវាពន្ធគយនៅក្នុងខេត្ត Katanga នៅភាគអាគ្នេយ៍នៃប្រទេសកុងហ្គោ។ ខេត្ត Katanga គឺជាទីតាំងនៃប្រភពធនធានរ៉ែនាំចេញដ៏ធំមួយរបស់កុងហ្គោ និងជាប្រភពចំណូលសេដ្ឋកិច្ចដ៏ធំមួយសម្រាប់ប្រទេសនេះទាំងមូលផងដែរ។
នៅសប្ដាហ៍កន្លងមកនេះ តំណាងរាស្ត្របក្សប្រឆាំងលោក Mushizi Kizito បានស្នើសុំឲ្យមានការស៊ើបអង្កេតឡើងវិញតាមផ្លូវច្បាប់តុលាការលើការចោទប្រកាន់អំពើពុករលួយមួយនេះ។
លោកបានប្រាប់ VOA ថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនង Lambert Mende បានលេចឭពីការចោទប្រកាន់លើសេវាមួយនេះ។
លោក Kizito និយាយថា គាត់មិនបានដឹងថាអ្នកណាបាននិយាយអ្វីឲ្យប្រាកដឡើយ ប៉ុន្តែមានព័ត៌មានចង្អុលបង្ហាញថា មានករណីពុករលួយធ្ងន់ធ្ងរ និងការកេងប្រវ័ញ្ចផ្សេងៗ ហើយលោករដ្ឋមន្ត្រី Lambert Mende ក៏ផ្ញើលិខិតមួយអំពីបញ្ហានេះទៅកាន់ក្រសួងយុត្តិធម៌តែម្ដងទៅ។
ការស្នើសុំនេះធ្វើឲ្យព្រះរាជអាជ្ញាបញ្ជូនក្រុមស៊ើបអង្កេតមួយក្រុមទៅកាន់ខេត្ត Katanga នៅក្នុងខែកញ្ញា ឆ្នាំ២០១៣។ លោក Kizito បន្តថា ក្នុងកំឡុងពេលតែ១០ថ្ងៃប៉ុណ្ណោះ ក្រុមមួយនេះបានប្រមូលបានមកវិញនូវទឹកប្រាក់ ដែលបាត់បង់លើការមិនបង់កម្រៃទៅគយ និងការគេចមិនបង់ពន្ធនានា ដែលមានទឹកប្រាក់ជាង៧០០លានដុល្លារ ប៉ុន្តែក្រុមនេះត្រូវបានហៅឲ្យត្រលប់មករដ្ឋធានីគីនស្ហាសា (Kinshasa) វិញ មុនពេលដែលឯកសារពាក់ព័ន្ធនានាត្រូវបានសិក្សារួចរាល់ក្នុងកំឡុងពេលបេសកកម្ម។
លោក Mende បានបញ្ជាក់ប្រាប់ VOA ថា លោកគឺជាអ្នកផ្ដើមគំនិតឲ្យមានបេសកកម្មស្រាវជ្រាវក្នុងតំបន់ Katanga។
លោកបានប្រាប់ VOA៖ «ខ្ញុំមិនដឹងថា ពួកគេបានទាមទារយកមកវិញនូវប្រាក់ដែលបាត់បង់ ឬអត់ទេ។ ពួកគេបានរកឃើញចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលគេចមិនទាន់បង់ពន្ធជូនរដ្ឋ ក៏ប៉ុន្តែក្រោយមកបេសកកម្មត្រូវបានរំសាយទៅវិញយ៉ាងឆាប់រហ័យ។ យើងមិនដឹងថាអ្នកណានៅពីក្រោយរឿងនេះឡើយ»។
ទោះជាយ៉ាងណា លោកបានបន្ថែមថា «នេះពិតជាល្អខ្លាំងណាស់ បើដំណើរការស៊ើបអង្កេតនេះត្រូវធ្វើឡើងវិញ»។
លោក Kizito ប្រាប់ថា ក្រុមស៊ើបអង្កេតបានយកបានមកវិញនូវទឹកប្រាក់ចំនួន៧០០លានដុល្លារ ប៉ុន្តែចំនួននេះគ្រាន់តែជាចំនួនដ៏តិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនទឹកប្រាក់ ដែលប៉ាន់ស្មានថាបានបាត់បង់។
លោក VOA ថា «ចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានថាមានប្រហែល៣.០០០លានដុល្លារ។ មុខជំនួញពាណិជ្ជកម្មចំនួន២៧៩ បានជាប់ពាក់ព័ន្ធនឹងរឿងមួយនេះ»។
លោកបន្តថា «គ្រប់ប្រភេទនៃការរកស៊ី រាប់បញ្ចូលទាំងក្រុមហ៊ុនរុករករ៉ែ ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនសេវាកម្ម និងក្រុមហ៊ុននាំចេញ នាំចូលនានា។»
បើយោងទៅតាមលោក Kizito ទឹកប្រាក់ចំនួន៣០០០លានដុល្លារគឺជាចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់នៃកញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋ ដែលមានចំនួនប្រហែល៨០០០លានដុល្លារ។ លោកបានគិតថា ប្រហែលជាមានការកេងប្រវ័ញ្ច ក្នុងកម្រិតប្រហាក់ប្រហែលគ្នានេះដែរ នៅក្នុងខេត្តចំនួន១០ផ្សេងទៀតនៅក្នុងប្រទេស។
លោកបានបង្ហើបថា ថវិកាដែលប៉ាន់ស្មានថា ទឹកប្រាក់ដែលបាត់បង់ក្នុងទឹកប្រាក់ប្រមាណ៣.០០០ដុល្លារនោះទំនងជាប្រាក់បន្លំពន្ធដោយស្របច្បាប់ តាមរយៈការផ្លាស់ប្ដូរតម្លៃទំនិញ និងតាមទម្រង់ផ្សេងៗទៀត ជាជាងតាមការគេចពន្ធខុសច្បាប់។
ប៉ុន្តែលោកក៏បញ្ជាក់ផងដែរថា នេះគឺជាកិច្ចការរបស់ក្រុមព្រះរាជអាជ្ញា ហើយនេះជាការសោកស្ដាយណាស់ដែលការស្រាវជ្រាវពន្ធដារទ្រង់ទ្រាយធំលើកទីមួយរបស់កុងហ្គោ មិនទាន់បានត្រូវអនុវត្តឲ្យចេញជាផ្លែផ្កា។
អង្គការកុងហ្គោមួយឈ្មោះ សមាគមន៍អាហ្វ្រិកដើម្បីការពារសិទ្ធិមនុស្ស (ASADHO) អះអាងថា ខ្លួនមានលទ្ធភាពដើម្បីចូលទៅកាន់ទិន្នន័យនៃការស៊ើបអង្កេតឆ្នាំ២០១៣។
សកម្មជនអង្គការមួយនេះដែលប្រចាំតំបន់ Katanga លោក Francois Katende បានប្រាប់VOA ថា លោកអាចនិយាយបានថា ទឹកប្រាក់ទាំងនោះអាចប្រមូលបានមកវិញពីបណ្ដាក្រុមហ៊ុននានានៅក្នុងខេត្ត Katanga។
លោកនិយាយថា លោកមានបញ្ជីឈ្មោះដែលមានក្រុមហ៊ុនចំនួន១០ ដែលធ្វើការបង់ពន្ធនានា បន្ទាប់ពីអង្គការ ASADHO បានចេញផ្សាយជាសាធារណៈអំពីបញ្ហានេះ។
លោកបានផ្តល់យោបល់ថា ភាគច្រើននៃទឹកប្រាក់ចំនួនប្រមាណ៧០០លានដុល្លារ ដែលបានប្រមូលមកវិញនោះ គឺបានមកពីក្រុមហ៊ុនតែពីរប៉ុណ្ណោះ។
ចំពោះរឿងការរំសាយការស៊ើបអង្កេតក្នុងឆ្នាំ២០១៣នោះ ទាំងលោក Kizito លោក Katende និងលោករដ្ឋមន្ត្រី Mede បានប្រាប់ថា ពួកលោកមិនបានដឹងថាតើអ្នកណាដែលទទួលបន្ទុកក្នុងការសម្រេចចិត្តរឿងនោះទេ។
រឿងនេះនៅតែមិនទាន់ច្បាស់នៅឡើយទេ ថាតើនៅមានទំហំទឹកប្រាក់ប៉ុន្មានទៀតដែលមិនទាន់បានប្រមូលយកមកវិញ ឬថាតើទឹកប្រាក់ដែលប្រមូលបានកន្លងមកត្រូវធ្លាក់ទៅខាងណានោះទេ។ វាក៏មិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ ដែលថាមន្ត្រីសេវាពន្ធដារ និងគយណាម្នាក់ត្រូវបានដាក់ទោសពីបទចោទប្រកាន់ក្នុងករណីកេងប្រវ័ញ្ចនេះដែរ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង