ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវកម្ម​តំបន់​កោះពេជ្រ​ត្រូវ​​ប៉ះពាល់​បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា


តំបន់​កម្សាន្ត​មួយ​នៅ​លើ​​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​នៅ​ក្រុង​ភ្នំពេញ កក​កុញ​ដោយ​អ្នក​មក​កម្សាន្ត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០ នៅ​ប៉ុន្មាន​ខែ​មុន​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥១​នាក់។
តំបន់​កម្សាន្ត​មួយ​នៅ​លើ​​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​នៅ​ក្រុង​ភ្នំពេញ កក​កុញ​ដោយ​អ្នក​មក​កម្សាន្ត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០ នៅ​ប៉ុន្មាន​ខែ​មុន​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥១​នាក់។

មណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ដែល​បាន​ក្លាយ​ជាទី​កន្លែង​ដ៏មាន​ប្រជាប្រិយភាព​បំផុត​មួយ​សម្រាប់​ការលំហែ​ក្នុង​ចំណោម​តំបន់​កម្សាន្ត​ដែល​មាន​តិច​តួច​នៅ​កណ្តាល​ក្រុង​ភ្នំពេញអស់​រយៈ​ជិត​មួយឆ្នាំ​មកហើយ​នេះ ​នៅពេល​នេះ​កោះពេជ្រ​បាន​ផ្លាស់ប្តូរ​ពីសភាពអ៊ូអរ​មក​ជា​តំបន់​គួរ​ឱ្យភ័យ​ខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​វិញ។

ការ​ផ្លាស់ប្ដូរ​នេះ​បន្ទាប់ពី​មាន​ហេតុការណ៍​រត់ជាន់​គ្នា​នៅយប់​ចុងក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ថ្ងៃទី​២២​ ខែវិច្ឆិកា ​ដែល​បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់​កើនដល់​ ៣៥២​ និង​៣៩៤​ នាក់​រងរបួស​។

កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ដូច​ជា កន្រ្តកវិល​ សេះ​ យន្តហោះ​ រទេះភ្លើង​ជាដើម​ដែល​ធា្លប់តែ មមាញឹក​អ៊ូអរ​នៅ​ពេល​នេះ​បាន​ផ្អាក​ដំណើរការ​ដោយសារ​តែ​ពុំមាន​កុមារ​មក​ជិះ​លេង​គ្រប់​គ្រាន់។ រីឯ​ហាង​ទំនិញ​ផ្សេង​ទៀត​ត្រូវ​បង្ខំ​ចិត្ត​បិទ​វិញ​ទៅ​វិញ​ នៅ​ពេល​ដែល​យប់​ងងឹត​មក​ដល់។

លោក​ យៀត ស៊ីណា ​ជាអ្នកគ្រប់គ្រង​កន្លែង​កម្សាន្ត​ក្មេង​មួយ​កន្លែងនៅលើ​កោះ​ពេជ្រ ​បាន​ឱ្យដឹង​ថា​កន្លែង​កម្សាន្ត​របស់​គាត់​ក្មេងៗ​ចូលចិត្ត​មកលេង​ច្រើនជាង​កន្លែង​ដទៃ​ពីព្រោះ​មាន​ទីតាំង​ធំ​ជាង​គេ​ហើយ​ក៏មាន​ឧបករណ៍​លេង​កម្សាន្ត​ច្រើនជាង​គេ​ដែរ​ ក៏​ប៉ុន្តែ​នៅរយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​ហើយ​គាត់​អាច​រកប្រាក់​បាន​តែ​១ម៉ឺន​រៀលគឺ​ស្មើនឹង២,៥ដុល្លារ​អាមេរិក ​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើត​ឡើង​។ គឺខុស​ពី​ពេល​មុន ដែល​គាត់​អាចរក​ប្រាក់​បាន​យ៉ាងតិច​បំផុត ១០០ដុល្លារ​អាមេរិក​ដែរក្នុង​មួយថ្ងៃ។

«តាំងពី​កោះពេជ្រ​គេ​បើក​ឱ្យចូល​វិញ​មក​ គឺយើង​បើក​រហូត​តែ​អត់​ដាច់​ទើបតែ​បាន​ពីរនាក់​សូម្បី​តែ​កន្លែង​លក់​គ្រឿង​ញ៉ាំ​ គ្រឿងផឹក អី​អត់​មាន​មនុស្ស​តែម្តង​។ ភាគច្រើន​ឱ្យតែ​មេឃ​ងងឹតគឺ​មនុស្ស​ទៅ​បាត់​អស់​ហើយ។ គេអត់​ហ៊ាន​នៅ។ ស្ងាត់​គ្រប់​កន្លែងរាល់ថ្ងៃ​!»។

នៅ​មិនឆ្ងាយ​ពី​កន្លែង​កម្សាន្ត​សម្រាប់​កុមារ ​លោក ឃិន នី ម្ចាស់​កន្លែង​កម្សាន្ត​គប់​ប៉េងប៉ោង​ ដែល​ជា​ល្បែង​ពេញ​និយម​សម្រាប់​យុវវ័យ​ កំពុង​រង់​ចាំ​អតិថិជន។

លោក​ពោលថា ​ប្រាក់​ចំណូល​របស់​លោក​បាន​ធ្លាក់ចុះ​ចំនួន​ដប់ដង​ ធៀបនឹង​រយៈពេល​មុន នឹង​សោកនាដកម្ម​ជាន់លើ​គ្នា​កើត​ឡើង។

«ប៉ុន្មាន​ថ្ងៃ​តាំងពី​ក្រោយ​កើតហេតុការណ៍នោះ​មក​ដូច​បាន​១ម៉ឺន​២ម៉ឺន​អី។ ​ជួនកាល អត់​រលីង​តែម្តង។ ​២​ថ្ងៃ​៣ថ្ងៃ​ អត់​រលីង​តែម្តង។ ​ឥឡូវ​ចង់​សំណូមពរ​ក្រុមហ៊ុន​ជួយ​បន្ធូរ​បន្ថយ​កុំទាន់​យក លុយ​អី​ ពីព្រោះ​គ្នា​វាលក់​អត់ដាច់​។ វាអត់​ទាន់​មាន​ម៉ូយ​មានអី​ទេ។ ក្រោយ​កើត​ហេតុការណ៍​វា​ស្ងាត់​អត់​សូវ​មាន​មនុស្ស​ចូល។ ​ប្រហែល​ជា​អាច​រត់​ហើយ​ ពីព្រោះ​គ្នា​អត់​បាន​លុយ​បាន​អី​ផង​បាន​លុយ​ណា​បង់​ថ្លៃ​។ ជួន​កាល​អត់បាន​មួយរៀល​ផង»។

នៅតាម​ភោជនីយដ្ឋាន​ ហាង​លក់​សម្លៀក​បំពាក់​ និង​ហាង​លក់​ទំនិញ​ផ្សេងៗ​ ទៀត​ក៏មាន​សភាព​ស្ងប់ស្ងាត់​ដូចគ្នា​ដែរ។ ភោជនីយដ្ឋាន​ខ្លះ​ធ្លាប់តែ​រក​កន្លែង​អង្គុយ​ស្ទើរតែ​គ្មាន​ក៏​ប៉ុន្តែ​ពេល​នេះ ស្ទើរ​តែ​រក​មនុស្ស​មក​អង្គុយ​មិនបាន​មួយតុ​ផង។

ថ្លៃ​ឈ្នួល​តូប​ឬដី​សម្រាប់​ការប្រកប​អាជីវកម្ម​នៅលើ​កោះពេជ្រ​នេះ ​មាន​តម្លៃ​ចាប់ពី​៣០០ ដុល្លារ​អាមេរិករហូត​ទៅដល់​ជាង​៥ពាន់ដុល្លារ​អាមេរិក​ក្នុង​មួយខែ។

ក្រុម​អាជីវករ​និយាយ​ថា​ ពួកគេ​អាច​នឹង​ផ្អាក​ឬ​បញ្ឈប់​អាជីវកម្ម​នៅទីនេះ​ ប្រសិន​បើ​ស្ថានភាព​អាក្រក់​នៅ​តែ​បន្ដ។

កោះពេជ្រ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​៨០ហិកតា​និង​ស្ថិត​នៅ​ទីតាំង​ដ៏​ល្អបំផុត​ក្នុង​កណ្តាល​ក្រុង​ភ្នំពេញ។ នៅ​ផ្នែក​ខាងកើត ​ឈៀង​ខាងជើង​ គឺជា​ទន្លេ​បួនមុខ ​ហើយ​កោះនេះ​ផ្ដាច់​ចេញ​ពីដី​គោក​ដោយ​ជ្រលង​អូរ​មួយ​យ៉ាងធំ ​ដែល​មាន​ស្ពាន​តភ្ជាប់​ចំនួនពីរ​។ ហើយ​ស្ពាន​មួយ​ក្នុង​ចំណោម នោះ​ គឺ​ស្ពានពេជ្រ​ ដែល​មាន​ទំហំ​ទ​ទឹង​ជាង​ប្រាំពីរម៉ែត្រ​ និង​បណ្ដោយ​១០០​ម៉ែត្រ គឺជា​ទីលាន​ គ្រោះ​មហន្ដរាយ​នៃ​ការ​ស្លាប់អ្នក​ដើរកម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក។

អ្នកក្រុង​ភ្នំពេញ​និយម​ទៅកម្សាន្ត​នៅ​កោះនេះ ​ជាពិសេស​នា​ពេល​រសៀល​ថ្ងៃ​រៀប​អស្តង្គត​ដើម្បី​ស្រូបយក​ខ្យល់​អាកាស​ត្រជាក់​បរិសុទ្ធ។

កោះពេជ្រ​ក្រៅពី​មាន​បរិយាកាស​ល្អ​ដែល​អំណាយ​ផល​ពី​ធម្មជាតិ​ហើយ​នោះ​ ក៏មាន​សួន​ច្បារ​រៀបចំ​បាន​យ៉ាង​ល្អស្អាត ​ដែល​រចនា​ឡើង​គួរ​ជាទី​គយគន់​ ដោយ​មាន​វាលស្មៅ​ខៀវខ្ចី​ ផ្កា​ចម្រុះ​ ពណ៌​ មាន​រូប​ចម្លាក់​រួម​ទាំង​មាន​ការបាញ់​ទឹក​លម្អ​ផង​ដែរ​ ហើយ​ក៏មាន​កន្លែង​សម្រាប់​កុមារ​លេង កម្សាន្ត​ និង​ទីតាំង​សម្រាប់​រៀបចំ​ពិធី​ជប់​លៀង​មង្គលការ​ជាដើម​។

រយៈពេល​ចុងក្រោយ​នេះ​ កោះពេជ្រ​បាន​ក្លាយ​ជាទី​កន្លែង​ដែល​គួរជាទី​ទាក់ទាញ​កាន់តែ​ខ្លាំង​ដោយ​មាន​ការរីកដុះដាល​នូវ​ភោជនីយដ្ឋាន​ ហាង​លក់​ទំនិញ​មួយ​ចំនួន​ដូចជា ហាង​លក់​គ្រឿង​អល្លង្កា​ ហាង​លក់​សម្លៀក​បំពាក់​ជាដើម។​ ហើយ​ក៏ជា​ទីកន្លែង​សម្រាប់​តាំង​ពិព័រណ៌​ដ៏​សម្បូរ​បែប​ផងដែរ​។

ក៏​ប៉ុន្តែ​សភាព​បែបនេះ​ ក៏បាន​ប្រែប្រួល​អស់​រលីង​មួយ​ពព្រិចភ្នែក​តែ​ប៉ុណ្ណោះ​។ សូម្បី​តែ​សួនច្បារ​ ដែល​ធ្លាប់​តែ​មាន​មនុស្ស​ជាច្រើន​មក​អង្គុយ​លេង​លំហែកាយ​រហូត​ដល់​យប់​ជ្រៅ​ មាន​ក្មេងៗ​រត់​លេង​ប្រដេញគ្នា​បែរជា​មាន​មនុស្សម្នា​តិចតួច​បំផុត​នៅ​ពេល​មេឃ​មិន​ទាន់ងងឹត ​ហើយ​នៅពេល​ ដែល​មេឃងងឹត​មកដល់​អ្នក​កម្សាន្ត​ដ៏តិចតួច​នោះ​ក៏​នាំគ្នា​រូតរះ​ប្រញាប់​ប្រញាល់​ចេញ​ពីទីនោះវិញ រីឯ​កន្លែង​រៀបចំ​ពិធី​ជប់លៀង​មង្គលការ​ក៏មិនសូវ​មមា​ញឹក​ដូចពី​មុន​ដែរ​។ អ្នកខ្លះ​ពោលថា​ ពិធី​ពិសារ​ភោជនីយ​អាហារ​មង្គលការ​មួយ​ចំនួន​ដែលគ្រោង​ធ្វើនៅ​ទីនេះ ​ត្រូវ​លុបចោល​ដោយសារ​តែ ម្ចាស់​មង្គលការ ​និង​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​មាន​ការ​ភ័យ​ខ្លាច។

នៅ​ក្នុង​អំឡុង​ពេល​នេះ​ភាគច្រើន​អ្នក​ដែល​ចូល​ទៅ​កោះពេជ្រ​គ្រាន់តែ​ជិះ​ចុះជិះ​ឡើង​ក្រឡឹង​ តាម​ដងផ្លូវ​តែប៉ុណ្ណោះ​មិនសូវ​ឈប់​អង្គុយ​លេង​ដូច​មុននោះទេ​។ នេះ​បើយោង​ទៅតាម​ការ​កត់​សម្គាល់​របស់​លោក​ យៀត ស៊ីណា ​និង​អាជីវករ​ដទៃ​ទៀត។

«ភាគ​ច្រើន​គេ​ចង់​ដឹង​ចង់ឮ គេគ្រាន់​តែ​មក​ជិះលេង​តែ​ប៉ុណ្ណោះ​ ហើយថា​មេឃ​ឱ្យតែងងឹត​ អត់ មាន​មនុស្ស​តែម្តង​ដូចគេ​នៅ​ខ្លាច​នៅ​អី​អញ្ចឹង»។

យ៉ាង​ណា​ក៏ដោយ​អ្នក​ដើរកំសាន្ដ​នៅ​កោះពេជ្រ​មួយ​ចំនួន​ បាន​ពោល​ដោយ​ប្រយ័ត្នប្រយែង​ថា ពួក​គេមិនបាន​ភ័យខ្លាច​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើតឡើង​នោះទេ។

រហូត​មកដល់​ពេល​នេះ​គេ​នៅមិនទាន់​ឃើញ​មាន​អ្នក​នយោបាយ​ឬ អ្នក​សេដ្ឋកិច្ចណា ម្នាក់​ហ៊ាន​អះអាង​ថា កោះពេជ្រ​អាច​វិល​ទៅរក​សភាព​ល្អ​ឡើង​វិញ​ដូច​កាលពី​មិនទាន់​កើត​ហេតុ​ការណ៍​នៅ​ពេល​ណា​នោះ​ទេ។

លោក​ ពុង ខៀវសែ​ អគ្គនាយក​ធនាគារ​កាណាឌីយ៉ា ​ដែល​ត្រូវ​គេ​ដឹងថា​ គឺជា​ថៅកែ​កោះ​ពេជ្រ​ផងដែរ ​មិនអាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ដោយ​សារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល​។ រីឯ​អ្នកគ្រប់គ្រង​នៅ​កោះពេជ្រ​មួយ​ចំនួន​ទៀត​ បាន​បដិសេធ​ផ្ដល់​បទ​សម្ភាស​។

ក៏​ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជាក់​យ៉ាងច្បាស់​ នៅក្នុង​ពិធី​សម្ពោធ​អា​គារ​ទីស្តីការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវ​និតី​សម្បទា ​កាល​សប្តាហ៍​មុន​ថា​ លោក​ជំរុញ​ឲ្យ​មាន​ការបង្កើន​ការអភិវឌ្ឍ​កោះ​ពេជ្រ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ និង​ត្រូវ​សង់​ស្ពានថ្មី​បន្ថែម​ទៀត៕

XS
SM
MD
LG