វិបត្តិកូរ៉ូណាវីរុសបានប៉ះពាល់យ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុបកាលពីថ្ងៃពុធ ដោយមានការព្រមានមកពីមេដឹកនាំប្រទេសអាល្លឺម៉ង់ថា ពលរដ្ឋ៧០ភាគរយរបស់ប្រទេសនោះដែលស្មើនឹង៥៨លាននាក់អាចឆ្លងមេរោគនោះ។
ក្នុងខណ:នោះដែរ នៅក្នុងចក្រភពអង់គ្លេស លោកស្រី Nadine Dorries អនុរដ្ឋលេខាធិការសុខាភិបាលបានធ្វើរោគវិនិច្ឆ័យមានមេរោគនោះ នៅពេលដែលករណីឆ្លងសរុបនៅក្នុងប្រទេសនោះ បានឡើងជាង៤៥០ករណី ដែលមានការកើនឡើងដ៏ខ្លាំងបំផុតជារៀងរាល់ថ្ងៃ។ មានសេចក្តីរាយការណ៍ថា លោកស្រី Dorries បានជួបជាមួយសហការីជាអ្នកតាក់តែងច្បាប់រាប់រយនាក់នៅក្នុងទីក្រុង Westminster កាលពីសប្តាហ៍មុន រួមទាំងចូលរួមក្នុងពិធីជាមួយលោកនាយករដ្ឋមន្រ្តី Boris Johnson ផង។
អ៊ីតាលីនៅតែជាប្រទេសមួយនៅតំបន់អឺរ៉ុបរងផលប៉ះពាល់ដ៏អាក្រក់។ ការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងតំបន់ភាគខាងជើងមិនដល់៣សប្តាហ៍ផង។ ចាប់តាំងពីពេលនោះមក មនុស្សរាប់ពាន់នាក់បានឆ្លង និងធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់ ហើយបានបណ្តាលឲ្យរដ្ឋាភិបាលដាក់ប្រទេសទាំងមូលមិនឲ្យធ្វើដំណើរ។ នៅក្នុងទីក្រុង Lombardy ភាគខាងជើងប្រទេសអ៊ីតាលី ពួកវេជ្ជបណ្ឌិតនិងគិលា នុបដ្ឋាយិកា រាយការណ៍ថា មន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ នៅពេលដែលពួកគេខិតខំដោះស្រាយការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសរួមជាមួយបញ្ហាសុខភាពផ្សេងៗទៀត។
ផលប៉ះពាល់សេដ្ឋកិច្ចលើប្រទេសអ៊ីតាលីទំនងនឹងខ្លាំង ដោយពាណិជ្ជកម្មបានបិទ អ្នកទេសចរមិនទៅប្រទេសនោះ ហើយអ្នកប្រើប្រាស់ទំនិញបង្ខាំងខ្លួននៅក្នុងផ្ទះ។ តាំងពីទីក្រុងVenice និងក្រុង Milanនៅក្នុងតំបន់ភាគខាងជើងរហូតដល់ទីក្រុង Naples និង Palermo ក្នុងផ្នែកខាងត្បូង ផ្លូវថ្នល់ មានភាពស្ងាត់ជ្រងំ។ នៅពេលយប់ ភាពស្ងប់ស្ងាត់នោះ ជួនកាលត្រូវបានរំខានដោយរថយន្តប៉ូលិសដែលប្រើមេក្រូដើម្បីផ្សាយពីការដាស់តឿនសុខភាពនិងដំណឹងស្តីពីការរារាំងការឆ្លងមេរោគនេះ៕