ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​និង​រុស្ស៊ី​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​​​ចេញ​ពី​អេហ្ស៊ីប​បន្ថែម​ទៀត​បន្ទាប់​ពីការ​ធ្លាក់​យន្តហោះ


ក្រុម​ទេសចរ​​អូស​វ៉ាលី​ស៍អីវ៉ាន់​សំដៅ​ទៅ​​ច្រក​ទ្វារ​ចូល​ទៅ​កាន់​ព្រលាន​យន្តហោះ​ Sharm el-Sheikh ក្នុង​ប្រទេស​អេហ្ស៊ីប កាល​ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្រុម​ទេសចរ​​អូស​វ៉ាលី​ស៍អីវ៉ាន់​សំដៅ​ទៅ​​ច្រក​ទ្វារ​ចូល​ទៅ​កាន់​ព្រលាន​យន្តហោះ​ Sharm el-Sheikh ក្នុង​ប្រទេស​អេហ្ស៊ីប កាល​ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

ភ្ញៀវ​ទេសចរ​រុស្ស៊ី​និង​អង់គ្លេស​បន្ថែម​ទៀត​បាន​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​រមណីយដ្ឋាននៅ​ទីក្រុង​ Sharm el-Sheikh ​ក្នុង​ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃ​ចន្ទ​នេះ ​ខណៈ​ដែល​អ្នក​ស៊ើបអង្កេត​នៅ​តែ​បន្ត​ធ្វើ​ការសន្និដ្ឋាន​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់​កាល​ពី​ថ្ងៃទី​៣១ ខែ​តុលា ដែល​មាន​មនុស្ស​ចំនួន​២២៤​នាក់​បាន​បាត់​បង់​ជីវិត។

យ៉ាង​ហោច​ណាស់​ មាន​ជើង​ហោះ​ហើរ​ចំនួន​១២​នឹង​ត្រូវ​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ ​Sharm el-Sheikh​ ទៅ​កាន់​ទីក្រុង​មូស្គូ​និង​ព្រលាន​យន្តហោះ​មួយ​ចំនួន​នៅ​ចក្រភព​អង់គ្លេស នៅ​រសៀល​ថ្ងៃចន្ទ​នេះ។

ស្ថានទូត​អង់គ្លេស​នៅ​ក្នុង​រដ្ឋធានី​ គែរ (Cairo)​ មិន​បាន​ហៅ​ការ​ចេញ​ដំណើរ​ទាំង​នេះ​ថា​ ជា​ការជម្លៀស​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​បន្ទាប់​ពី​ដំណើរ​កម្សាន្ត​ត្រូវ​បាន​បញ្ចប់។ ក៏ប៉ុន្តែ ក្រសួង​ការបរទេសបាន​ថ្លែង​ផ្ទុយ​ពី​នេះថា​ រាល់​ការធ្វើ​ដំណើរ ជាពិសេសតាម​ជើង​ហោះហើរ​មក​ពី​ឬ​ទៅកាន់​សមុទ្រ​ក្រហម​ គឺ​ដោយសារ​តែ​ការធ្លាក់​យន្តហោះ​របស់​រុស្ស៊ី​ ដែល​អាច​បណ្ដាល​មកពី​មាន​ការដាក់​គ្រាប់​បែក។

សោកនាដកម្ម​នេះ បាន​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​របស់​អឺរ៉ុប​មួយ​ចំនួន បាន​បញ្ឈប់​ ឬ​កាត់​បន្ថយ​ជើង​ហោះហើរ​របស់​ខ្លួន​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍​ជ្រោយ​ Sinai ​ដែល​ទទួល​បាន​ការ​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជា​យូរ​ណាស់​មក​ហើយ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​ គឺ​លោក​ Philip Hammond ​បាន​ថ្លែង​ថា គិត​ត្រឹមថ្ងៃ​អាទិត្យ ប្រជាពលរដ្ឋ​អង់គ្លេស​ចំនួន​៥០០០នាក់​នឹង​បាន​ចាក​ចេញ​ពី​សមុទ្រ​ក្រហម។

ប្រធានាធិបតី​របស់​រុស្ស៊ី គឺលោក វ្លាដឺមៀរ​ ពូទីន (Vladimir Putin) បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ជួយ​សម្រួល​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី​ពី​ប្រទេស​អេហ្ស៊ីប​កាល​ពី​សប្តាហ៍​មុន​នេះ។

ឧបនាយក​រដ្ឋមន្រ្តី​រុស្ស៊ី​ គឺ​លោក Arkady Dvorkovich បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រជាជន​រុស្ស៊ី​ប្រមាណ​៨០.០០០​នាក់​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​អេហ្ស៊ីប ដែល​ចំនួន​នេះ​ស្មើ​នឹង​២ដង​នៃ​ចំនួន​ដែល​បាន​ប៉ាន់ស្មាន​កាល​ពី​លើក​មុន។

កាល​ពី​ថ្ងៃ​អាទិត្យ មន្រ្តី​របស់​រុស្ស៊ី​ម្នាក់​បាន​និយាយ​ថា​ ប្រជាជន​រុស្ស៊ី​ចំនួន​ប្រមាណ​១១.០០០​នាក់​បាន​វិលត្រឡប់​មក​កាន់​ប្រទេស​រុស្ស៊ី​វិញ​ហើយ៕

XS
SM
MD
LG