ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុក្ខជាតិ​ចម្រុះ​ក្នុង​ឧទ្យានជាតិ​អាមេរិក​ស្ថិត​ក្រោម​ដំបូល​តែ​មួយ


ជីវៈ​ចម្រុះ​អាមេរិក​ក្រោម​ដំបូលតែ​មួយ
សូម​រង់ចាំ

No media source currently available

0:00 0:03:09 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

រុក្ខជាតិ​​ចម្រុះ​អាមេរិក​ក្រោម​ដំបូល​មួយ

លោក Bob Vogel ដែល​ជា​នាយក​ថ្នាក់​តំបន់​របស់​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា «រុក្ខជាតិ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​មូល​នៅ​ក្នុង​ឧទ្យានជាតិ​ស្ទើរ​តែ​ទាំង​អស់​ដែល​យើង​មាន។ ច្បាស់ណាស់ រុក្ខជាតិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិស្ថាន និង​សម្រាប់​ការ​ចូល​ទស្សនា​ឧទ្យានជាតិ​ទាំង​នោះ​របស់​យើង»។

ឧទ្យាន Botanic Garden របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​គឺ​ជា​សារៈមន្ទីរ​រុក្ខជាតិ​ដ៏​រស់​រវើក ពោរពេញ​ទៅ​ដោយ​ពណ៌​ចម្រុះ និង​ក្លិន​ក្រអូប​នៃ​រុក្ខជាតិ​ចំនួន​៦៥.០០០ដើម។ នៅ​ក្នុង​ឧទ្យាន​ផ្ទះ​កញ្ចក់​និង​នៅ​ខាង​ក្រៅ មាន​ដើម​ផ្កា​អ័រគីដេ ដើម​ដំបង​យក្ស ប្រទាល រុក្ខជាតិ​ដែល​ស៊ី​សត្វល្អិត​ជា​អាហារ ផ្កា​ Bromeliads ដើមCycad និង​ដើម​បណ្ណង្គជាតិ (ferns)។ ក្នុង​ឆ្នាំ​នេះ ​ផ្ទាំង​គំនូរ រូបថត និង​រូបភាព​យ៉ាង​ហោច​ណាស់​៧៥ បង្ហាញ​ពី​ផ្កា​ដ៏​សំខាន់​នានា​នៅ​ក្នុង​ឧទ្យានជាតិ​របស់​អាមេរិក។

ការ​តាំង​ពិព័រណ៍​ថ្មី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ខួប​១០០ឆ្នាំ​នៃ​ទីភ្នាក់ងារ​ឧទ្យានជាតិ។ លោក Bob Vogel ដែល​ជា​នាយក​ថ្នាក់​តំបន់​របស់​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា៖

«រុក្ខជាតិ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​មូល​នៅ​ក្នុង​ឧទ្យានជាតិ​ស្ទើរ​តែ​ទាំង​អស់​ដែល​យើង​មាន។ ច្បាស់ណាស់ រុក្ខជាតិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិស្ថាន និង​សម្រាប់​ការ​ចូល​ទស្សនា​ឧទ្យានជាតិ​ទាំង​នោះ​របស់​យើង»។

ចូល​ទៅ​ជិត​រុក្ខជាតិ

លោកស្រី Susan Pell ដែល​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​វិទ្យាសាស្ត្រ​និង​សាធារណៈ​របស់​សួន​ឧទ្យាន​នេះ​បាន​និយាយ​ថា៖

«ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ម្នា​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​និង​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ដល់​សម្រស់ និង​ភាព​ចម្រុះ​នៃ​រុក្ខជាតិ​ដែល​ត្រូវការ​ការពារ​នៅ​ក្នុង​ឧទ្យាន​ជាតិ ហើយ​ដែល​ជា​រុក្ខជាតិ​ដើម​ដែល​មាន​នៅ​ក្នុង​សហរដ្ឋអាមេរិក​នេះ»។

ស្នាដៃ​សិល្បៈ​ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​វិចិត្រសាល​នេះ មាន​ចាប់​ពី​សម្រស់​ធម្មជាតិ​ដែល​គូរ​ដោយ​ប្រើ​ពណ៌​ទឹក ដែល​មាន​ទទឹង​៣០​សង់ម៉ែត្រ​ដល់​ផ្ទាំង​ទស្សនីយភាព​ដែល​មាន​ទំហំ​២ម៉ែត្រ ដែល​យក​មក​ពី​ឧទ្យាន​ជាតិ​ជាង​៤០០។ មាន​រូប​គំនូរ​ផ្កា​លីលី​ដែល​មាន​ក្លិន​ដូច​សូកូឡា​នៅ​ក្នុង​ឧទ្យានជាតិ​ប្រវត្តិសាស្រ្ត San Juan Islandក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម Joshua នៅ​ក្នុង​ឧទ្យានជាតិ Joshua Treeក្នុង​រដ្ឋ California និង​ដើម redwoodយក្ស​ក្នុង​រដ្ឋ California ដែល​ជា​ដើម​ឈើ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ដើមឈើ​ខ្ពស់​បំផុត​នានា​នៅ​ក្នុង​ពិភពលោក។

គំនូរ​ពណ៌​ទឹក​ចំនួន​ពីរ​មាន​នៅ​លើ​ផ្កា​អរគីដេ​ខ្មោច ដែល​ជា​ការ​ផ្តិត​យក​រូបភាព​ជិត​នៅ​ពេល​ដែល​ផ្កា​នីមួយៗ​រីក និង​គំនូរ​មួយ​ទៀត​បង្ហាញ​ពី​ជម្រក​ដែល​មាន​ភក់ ទី​ដែល​ដើម​អរគីដេ​លូតលាស់។ លោក William McLaughlin ដែល​ជា​អ្នក​ថែរក្សា​ឧទ្យានជាតិ​នោះ បាន​ពន្យល់​ថា៖

«វា​ដុះ​នៅ​ក្នុង​តំបន់​តូច​មួយ​ក្នុង​រដ្ឋ Florida ហើយ​វា​ងាយ​នឹង​ត្រូវ​គេ​ដក និង​ឆាប់​ផុត​ពូជ​នៅ​ក្នុង​ព្រៃ ដូច្នេះ​ការ​អភិរក្ស​រុក្ខជាតិ​នានា ដូចជា​ដើម​អរគីដេ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ឧទ្យាន​ជាតិ​របស់​យើង»។

អ្នក​ចូល​ទស្សនា​ក៏​អាច​ឃើញ​រុក្ខជាតិ​មួយ​ចំនួន​ដែល​មាន​តាំង​បង្ហាញ​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​ផង​ដែរ ដូចជា​ដើម​ដំបងយក្ស​ដែល​មាន​រាង​សំប៉ែត​ដែល​គេ​ហៅ​ថា prickly pear ជាដើម។ ដើម​នេះ​ដុះ​នៅ​ក្នុង​បន្ទប់​កញ្ចក់​មួយ​របស់​ឧទ្យាន​នេះ។ នៅ​ពេល​អាកាសធាតុ​ក្តៅ អ្នក​មើល​ថែ​សួន​មាន​គម្រោង​រើ​រុក្ខជាតិ​ទាំង​នេះ​ចូល​ទៅ​កន្លែង​តាំង​ពិព័រណ៍ ដែល​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ជាប់​នឹង​គំនូរ​របស់​វា​ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង។

អ្នក​មើល​ថែ​សួន​និង​បុគ្គលិក​ឧទ្យានជាតិ​សង្ឃឹម​ថា ការ​តាំង​ពិព័រណ៍​នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ម្នា​ឲ្យ​ស្វែង​រក​រុក្ខជាតិ​ទាំង​នេះ​នៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា ជាពិសេស​នៅ​ក្នុង​ឧទ្យានជាតិ​តែ​ម្តង៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG