ក្រុមជនសកម្មប្រយុទ្ធ Boko Haram បានប្តេជ្ញាស្វាមីភ័ក្តិដល់ក្រុមរដ្ឋអ៊ីស្លាម នៅពេលមានរបាយការណ៍អំពីការផ្ទុះគ្រាប់បែកមួយចំនួន ដែលបានបណ្តាលឲ្យមនុស្សជាង៥០នាក់ស្លាប់នៅក្នុងរដ្ឋ Borno នៃប្រទេសនីហ្សេរីយ៉ា ដែលនៅទីនោះក្រុម Boko Haram មានសកម្មភាពខ្លាំង។
កាលពីថ្ងៃសៅរ៍ ក្រុម SITE ដែលឃ្លាំមើលពួក Jihadist បានដកស្រង់ពាក្យសម្តីក្រុម Boko Haram ដែលបាននិយាយថា «យើងប្រកាសស្វាមីភ័ក្តិរបស់យើងដល់Caliph» នៅក្នុងវីដេអូដែលបានត្រូវអះអាងថាមកពីក្រុមឧទ្ទាមនៅនីហ្សេរីយ៉ានោះ។
សំទ្បេងដែលបានត្រូវអះអាងថាជាសំទ្បេងរបស់ Abubakar Shekau មេដឹកនាំក្រុម Boko Haram បាននិយាយថាពួកនេះ «នឹងស្តាប់ និងគោរព» មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ឈ្មោះ Abu Bakr al-Baghdadi ក្នុងពេលមានការពិបាក និងមានភាពសម្បូររុងរឿង ក្នុងពេលលំបាកវេទនា និងមានការធូរស្រាល»។
ក្រុមរដ្ឋអ៊ីស្លាម ត្រួតត្រាផ្នែកជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ហើយហៅមេដឹកនាំរបស់ខ្លួនថា Caliph។ក្រុមរដ្ឋអ៊ីស្លាម និងក្រុម Boko Haram ដែលមានមូលដ្ឋានក្នុងប្រទេសនីហ្សេរីយ៉ា ធ្វើតាមការបកស្រាយតឹងរឹងបំផុតនៃគម្ពីរ Quran ហើយជាអ្នកទទួលខុសត្រូវដល់ការស្លាប់នៃមនុស្សរាប់ពាន់នាក់។
សេចក្តីប្រកាសកាលពីថ្ងៃសៅរ៍នេះត្រូវបានធ្វើទ្បើងតែប៉ុន្មានម៉ោង បន្ទាប់ពីមានការផ្ទុះក្នុងក្រុង Maiduguri ធានីនៃរដ្ឋ Borno ក្នុងប្រទេសនីហ្សេរីយ៉ា បានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៥៥នាក់បាត់បង់ជីវិត ហើយបានធ្វើឲ្យមនុស្សប្រមាណ១៤០នាក់ទៀតត្រូវរបួស៕