ស្ត្រីអតីតអ្នកភូមិបឹងកក់ប្រមាណ៥០នាក់នៅថ្ងៃច័ន្ទនេះ បានប្រមូលផ្ដុំគ្នាជាថ្មីទៀតនៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីស្នើឱ្យប្រទេសមហាអំណាចនេះ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធនាគារពិភពលោក ដើម្បីឲ្យប្រជាជន១៦៩គ្រួសារ បានទទួលប្រាក់សំណងបន្ថែមពីលើសំណងចំនួន៨ពាន់ដុល្លារអាមេរិក និងលុយខ្មែរ២លានរៀលកាលពីឆ្នាំ២០០៩ និងឆ្នាំ២០១០។
ក្នុងពេលតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិក និងនៅមុខធនាគារពិភពលោកនៅថ្ងៃច័ន្ទនេះ ស្ត្រីទាំងនេះ ក៏បានដុតក្រមា ហើយខ្លះបានដោះអាវដុត។ ពេលពួកគេរៀបចំដុតកង់ឡាន មន្ត្រីសន្តិសុខ និងអាជ្ញាធរក្រុងបានរារាំង។
អ្នកស្រី អឹម ស្រីទូច អាយុ៤២ឆ្នាំ តំណាងអតីតអ្នកភូមិបឹងកក់ ដែលមកតវ៉ានៅមុខស្ថានទូតអាមេរិក បានប្រាប់ VOA ថា ពួកគេសង្ឃឹមថា សហរដ្ឋអាមេរិក អាចធ្វើអន្តរាគមន៍ទៅធនាគារពិភពលោក និងរដ្ឋាភិបាល។
«សហរដ្ឋអាមេរិក និងធនាគារពិភពលោកគឺពាក់ព័ន្ធគ្នាយ៉ាងស្អិតល្មួតដោយសារ បើយើងនិយាយឲ្យចំទៅគឺថា អាមេរិកគឺគាត់សឹងថា ប្រធានធនាគារពិភពលោក ព្រោះថា គាត់ឲ្យលុយទៅធនាគារពិភពលោកច្រើនជាងគេ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកនៅក្នុងទីក្រុងភ្នំពេញ លោក Jay R Raman បានឆ្លើយតាមសារអេឡិចត្រូនិកមកថា ជាធម្មតាដោយមិនមានការរើសអើង ស្ថានទូតអាមេរិក តែងតែទទួលញត្តិពីក្រុមទាំងអស់ ដែលមកស្ថានទូតនេះ ដើម្បីសុំអន្តរាគមន៍ ឬសម្ដែងមតិផ្សេងៗ។
ទោះជាយ៉ាងណាក្តី លោកមិនមានអត្ថាធិប្បាយណាមួយជុំវិញការស្នើសុំរបស់ក្រុមអ្នកភូមិទាំងនេះ។
អ្នកស្រី ស៊ា ណារ៉េត អាយុ៥៨ឆ្នាំ គឺជាតំណាងម្នាក់ទៀតរបស់បាតុករ។ អុ្នកស្រីនៅក្នុងចំណោមបាតុករបីនាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួនមួយរយៈខ្លី ដោយសារតែការប៉ុនប៉ងដុតកង់ឡាននៅពេលតវ៉ានេះ។
អ្នកស្រីបានប្រាប់ VOA ថា អតីតអ្នកភូមិបឹងកក់ ខឹងនឹងធនាគារពិភព ព្រោះស្ថាប័នហិរញ្ញវត្ថុពិភពលោកនេះ មិនអនុវត្តគម្រោងឆ្នាំ២០០៦ ដែលធនាគារនេះគ្រោងផ្ដល់ប្រាក់កម្ចី២៦លានដុល្លារឲ្យរដ្ឋាភិបាលធ្វើប្លង់កម្មសិទ្ធិផ្ទះសម្បែងសម្រាប់ប្រជាជន ដែលរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញនេះ។
«រដ្ឋាភិបាលយកលុយធនាគារនេះទៅធ្វើការអភិវឌ្ឍនៅតំបន់បឹងកក់។ ពួកខ្ញុំរងគ្រោះដោយសារលុយរបស់ធនាគារហ្នឹង ដែលបានផ្ដល់ឲ្យរដ្ឋាភិបាលធ្វើការបណ្ដេញពួកខ្ញុំចេញហ្នឹង»។
បន្ទាប់ពីតំណាងស្ថានទូតអាមេរិក បានចេញមកទទួលញត្តិ អតីតអ្នកភូមិបឹងកក់ បានដង្ហែក្បួនបាតុកម្មរបស់ពួកគេទៅមុខការិយាល័យរបស់ធនាគារពិភពលោកជាថ្មីទៀត។
ពួកគេបានដុតក្រមា និងត្រៀមដុតកង់ឡាន ប៉ុន្តែពួកគេមិនបានគប់ពងមាន់ ពងទាលើស្លាកសញ្ញារបស់ធនាគារពិភពលោក ដូចពេលធ្វើបាតុកម្មកាលពីថ្ងៃទី១៥ខែកុម្ភៈទេ។
មិនមានអ្នកតំណាងរបស់ធនាគារពិភពលោកចេញមកទទួលញត្តិ ឬឆ្លើយតបនឹងការអំពាវនាវរបស់ក្រុមបាតុករទេ គឺមានតែសន្តិសុខសាលារាជធានីភ្នំពេញ មករារាំងបាតុករតែប៉ុណ្ណោះ។
អតីតអ្នករស់នៅក្នុងសហគមន៍បឹងកក់ចំនួន១៦៩គ្រួសារ ត្រូវបង្ខំចិត្តទទួលសំណង ហើយទៅរស់នៅបុរីសន្តិភាព២ ដែលគេស្គាល់ឈ្មោះថា តំបន់ដំណាក់ត្រយឹង ជាយរាជធានីភ្នំពេញ។
ក្រុមអ្នកភូមិទាំងនេះ និយាយថា ពួកគាត់មិនអាចរស់នៅទីតាំងថ្មីនោះបានទេ ព្រោះវាឆ្ងាយពីសេវាសាធារណៈ ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម ហើយក៏គ្មានការងារធ្វើដែលអាចរស់បាននៅទីនោះដែរ៕