នៅល្ងាចថ្ងៃច័ន្ទ ទី១ ខែសីហានេះ ក្រុមសហគមន៍មានជម្លោះដីធ្លីនៃសហគមន៍បឹងកក់នាំគ្នាអុជធូប គោរពវិញ្ញាណក្ខន្ធសពអ្នកវិភាគការអភិវឌ្ឍន៍សង្គមលោក កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។ ក្រុមគ្រួសាររងគ្រោះដោយជម្លោះដីធ្លីមកពីសហគមន៍បឹងកក់ប្រមាណជាង៣០នាក់នាំគ្នាស្លៀកពាក់ខោអាវពណ៌ខ្មៅ និងអ្នកខ្លះពាក់អាវយឺតដែលមានរូបលោក កែម ឡី ដោយមានឃ្លាអានថា«ជូតទឹកភ្នែករបស់អ្នក ហើយបន្តដំណើរទៅមុខទៀត» ដើម្បីអុជធូបឧទ្ទិសកុសលជូនដល់សពលោក កែម ឡី និងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយរកយុត្តិធម៌លើឃាតកម្មលោក កែម ឡី និងមន្រ្តីសិទ្ធិមនុស្សចំនួនបួនរូប និងមន្រ្តី គ.ជ.ប មួយរូបដែលជាប់ពន្ធនាគារតាំងពីដើមខែឧសភាកន្លងមកនេះ៕