ជារៀងរាល់ឆ្នាំនាចុងរដូវក្តៅ សហគមន៍ខ្មែរនៅក្នុងរដ្ឋចរចាមានឱកាសបង្ហាញនូវវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនតាមរយៈការចូលរួមប្រកួតក្នុងពិធីអុំទូករបស់សហគមន៍អាស៊ី «Atlanta Dragon Boat Race Festival»។
កញ្ញា រ៉ា ផែល ប្រធានសមាគមខ្មែរ-អាមេរិកាំងនៅរដ្ឋចរចាបានបញ្ជាក់ថា៖
«ទូកនេះពួកខ្ញុំរាល់ឆ្នាំសមាគមខ្មែរអាមេរិកាំងនៅរដ្ឋចរចាចូលទៅប្រកួតជាមួយគ្រប់សាសន៍គ្រប់គ្នា។ ទូកហ្នឹងមានប្រហែល៦០ក្រុម»។
ចាប់តាំងពីឆ្នាំ២០១១មក ទូកដែលមានអ្នកអុំខ្មែរ-អាមេរិកាំងតែងតែមានវត្តមានចូលរួមក្នុងពិធីដ៏ស្រស់បំព្រងនេះ។
លោកស្រី សុភាព ឡាម ស្ថាបនិកសមាគមខ្មែរ-អាមេរិកាំងនៅរដ្ឋចរចាបានពន្យល់ពីការបង្កើតទូកងនេះថា៖
«គ្រួសាររបស់ខ្ញុំ បូរ៉ា ឡាម គាត់ Sponsor ខាង UPS ទូកមួយហើយគាត់ចែវទូកជាមួយនឹងក្រុមហ៊ុនគាត់ប៉ុន្តែអត់ឃើញមានទូកខ្មែរទេហើយបង្កើតទូកខ្មែរហ្នឹងទៅ»។
ខុសពីទ្រង់ទ្រាយទូកងនៅក្នុងប្រទេសកម្ពុជា ទូកប្រណាំងនៅទីនេះមានលម្អដោយរូបក្បាលនាគដែលមានរចនាបទរបៀបចិន។ ការប្រកួតធ្វើឡើងនៅក្នុងទីក្រុង Gainesville នាទន្លេ Lanier ហើយទាក់ទាញអ្នកទស្សនាជាច្រើនពាន់នាក់ឱ្យមកគាំទ្រក្រុមរបស់គេរៀងៗខ្លួន។
លោក មាស សុឃឿត អតីតប្រធានក្រុមអុំទូកថា ក្រុមទូកខ្មែរតែងតែនាំមោទនភាពសម្រាប់សហគមន៍ផងដែរ។
«ខ្ញុំធ្លាប់បានទទួលពីដំបូងជាប់ចំណាត់ថ្នាក់លេខបី ក្រោយមកលេខពីរចុងបញ្ចប់ខ្ញុំបានលេខមួយ»។ ពិធីនេះក៏មានបង្ហាញម្ហូបអាហារខ្មែរផងដែរ។
លោក មាស សុឃឿត យល់ថាការហាត់អុំទូកនិងការចូលរួមប្រកួតក៏ផ្តល់ជាឱកាសឱ្យសមាជិកនៃសហគមន៍ខ្មែរបានមកជួបជុំគ្នាដើម្បីពង្រឹងមិត្តភាពផងដែរដោយសារតែពលរដ្ឋខ្មែរនៅរដ្ឋចរចាមានជាងមួយម៉ឺននាក់ ប៉ុន្តែកម្រមានឱកាសជួបជុំគ្នាក្រៅពីពិធីបុណ្យដូចនេះណាស់។
«អីចឹងដែរកម្មវិធីនេះគឺយើងបង្កើតឡើងដើម្បីជួបជុំគ្នាមានអាំងសាច់ញ៉ាំតាមកន្លែងសួនដែលគេហាត់ទូក។ យើងហាត់បីដងយើងនាំគ្នាទៅអាំងសាច់ញ៉ាំជួបប្រាស្រ័យទាក់ទងគ្នាដេញដោលគ្នាពីនេះពីនោះដើម្បីស្គាល់គ្នាទៅវិញទៅមក ហើយនឹងយល់ពីបរិយាកាសសង្គមរបស់យើងផងហើយវាចំណេញផងហើយបង្រៀនក្មេងៗជំនាន់ក្រោយហ្នឹងឱ្យវាស្គាល់ថា ខ្មែរយើងមានវប្បធម៌នេះមួយដែរគឺអុំទូកលេងកម្សាន្តហើយវាជាកីឡាមួយឱ្យយើងហាត់លំហាត់កាយសម្បទាផងដែរ»។
នេះជាផ្នែកមួយនៃសកម្មភាពរបស់សមាគមខ្មែរអាមេរិកាំងនៅរដ្ឋចរចាក្នុងការខិតខំលើកកម្ពស់វប្បធម៌ខ្មែរនិងជួយពង្រឹងសហគមន៍ខ្មែរឱ្យជួយបន្តជ្រោងមរតកខ្មែរ។
កញ្ញា រ៉ា ផែល បានបន្ថែមថា៖
«ខ្ញុំជឿថាឥឡូវនេះពីលោកពូលោកអ៊ំចាស់និងក្មេងជំនាន់ក្រោយដូចជាខ្ញុំបានជួយពង្រឹងហើយផ្សារភ្ជាប់ស្ពានមេត្រីពួកខ្ញុំដើម្បីផ្សារភ្ជាប់សម្ព័ន្ធភាពឱ្យយើងបន្តទៅមុខទៀតសម្រាប់កូនក្មេងដែលជាទំពាំងស្នងឫស្សីដែលទៅមុខទៀត»។
កម្មវិធីអុំទូកឆ្នាំនេះនឹងរៀបចំឡើងនៅថ្ងៃទី៩ខែកញ្ញាខាងមុខនេះហើយសហគមន៍ខ្មែរកំពុងតែស្វែងរកអ្នកស្ម័គ្រចិត្តអុំទូកដោយមិនចង់ឱ្យឱកាសដ៏ល្អប្រចាំឆ្នាំកន្លងផុតទេ៕